ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​តន្ត្រី​ចាប៉ី​ភូមិ​ខ្ញុំ នឹង​បង្ហាញ​វត្ត​មាននៅ​ខេត្តកំពង់ស្ពឺ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ដោយ​មានការ​ផ្តួចផ្តើម​ពី​ក្រុម​សហ​គម​ចាប៉ី​អមតៈ និង​មានការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌​កម្មវិធី​តន្ត្រី​ចាប៉ី​អមតៈ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ទីរួមខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ផ្តួចផ្តើម​ពី​ក្រុម​សហ​គម​ចាប៉ី​អមតៈ និង​មានការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌​កម្មវិធី​តន្ត្រី​ចាប៉ី​អមតៈ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ទីរួមខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។ កម្មវិធី​នេះ ធ្វើ​ឡើ​ក្នុង​គោលបំណង​អបអរសាទរ​ខួប​៥​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ​។

លោក ពេ​ជ្ជ សា​រ៉ាត ប្រធាន​សហ​គម​ចាប៉ី​អមតៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា កម្មវិធី​តន្ត្រី​ចាប៉ី​ភូមិ​ខ្ញុំ នឹង​ធ្វើ​ឡើង​នៅ​ភូមិ​ថ្មី​ជង្រុក ឃុំ​យា​អង្គ ស្រុក​ថ្ព​ង់ ខេត្តកំពង់ស្ពឺ​។ លោក​បញ្ជាក់​ថា កម្មវិធី​ខាងលើ​នេះ យើង​បាន​ប្រមូលផ្តុំ​ក្រុម​សិល្បៈ​ចាប៉ី​ដង​វែង​៣​ជំនាន់ ក្នុង​នោះ​មាន​ជំនាន់​ព្រឹទ្ធាចារ្យ ជំនាន់​យុវវ័យ និង​ជំនាន់​កុមារ​បន្តវេន​។ លោក​ថា ឆ្នាំ​នេះ​យើង​លើកទឹកចិត្ត​ដល់​កុមារ ដោយសារ​ពួក​គាត់​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​នៅ​ក្នុង​ការ​ចូលរួម​គាំទ្រ និង​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​នេះ​អោយ​បាន​ទូលំទូលាយ​។

លោក​បន្ថែម​ថា នៅ​ក្នុង​កម្មវិធី​នេះ យើង​ក៏​បាន​រៀបចំ​អោយ​មានការ​ផ្តល់​បទ​ពិសោធន៍ និង​បង្ហាញ​បង្ហាញ​ឧបករណ៍​ចាប៉ី​ដង​វែង​ចំនួន​១០​ដើម ព្រមទាំង​ការ​តាំង​ពិ​ពរ​ណ៌​ចាប៉ី​ដង​វែង និង​ឧបករណ៍​តន្ត្រីបុរាណ​ផ្សេង​ៗ​ផង​ដែរ​។

យ៉ាងណា​បើ​តាម​លោក ពេ​ជ្ជ សា​រ៉ាត កម្មវិធី​តន្ត្រី​ចាប៉ី​អមតៈ​នា​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ធំ​ៗ​ចំនួន​៣ គឺ​ទី​១ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អបអរសាទរ​ខួប​៥​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ​។ ទី​២ ជា​វេទិកា​មួយ ដើម្បី​ផ្តល់​ឱកាស​សម្រាប់​សិល្បករ​ក្នុង​ការ​ផ្សព្វផ្សាយ​ទម្រង់​ចាប៉ី​របស់​ខ្លួន​ដល់​ទស្សនិកជន​ជាតិ និង​អន្តរជាតិ​អោយ​ស្វែង​យល់​បន្ថែម​ពី​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង និង​ទី​៣ ជា​ការ​ជួបជុំ​បង្ហាញ​ស្នាដៃ​ពី​សំណាក់​វីរ​សិល្បករ​ចាប៉ី​ដង​វែង សម្រាប់​ទុកជា​មរតក​ស្នាដៃ​មនុស្ស​រស់​ដល់​ខ្មែរ​សម័យ​ទំនើប និង​បង្ហាញ​ពី​ដឹងគុណ​ចំពោះ​បុព្វ​សិ​ល្បះ​បុរាណ​ខ្មែរ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា និង​បន្តវេន​រហូត​ដល់​ខ្មែរ​បច្ចុប្បន្ន​។

លោក​រំពឹង​ថា តាម​រយៈ​កម្មវិធី​ខាងលើ​នឹង​មានការ​ចូលរួម​គាំទ្រ​ពី​មហាជន​ច្រើន ហើយ​ប្រសិនបើ​មានការ​គាំទ្រ​ខ្លាំង​នោះ សហគមន៍​ចាប៉ី​អមតៈ​នឹង​ខិតខំ​ព្យាយាម​រៀបចំ​កម្មវិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ