ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ឲ្យកម្ពុជាត្រៀមខ្លួន ខណៈមេរោគនេះ​កើនឡើងជា​គំហុក​ជាយថាហេតុ​នូវ​ករណី​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពិភព លោក​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ក្រើនរំលឹក​ដល់​កម្ពុជា​ឱ្យ​ត្រៀមខ្លួន សម្រាប់​ការ​កើន​ឡើងជា​គំហុក​ជាយថាហេតុ​នូវ​ករណី​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ក្រើនរំលឹក​ដល់​កម្ពុជា​ឱ្យ​ត្រៀមខ្លួន សម្រាប់​ការ​កើន​ឡើងជា​គំហុក​ជាយថាហេតុ​នូវ​ករណី​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពិភពលោក​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ ឈ្មោះ​« អូ​មី​ក្រុង​» ។

អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី B.1.1.529 (​ឈ្មោះ អូ​មី​ក្រុង​) ត្រូវ​បាន​រាយការណ៍​ជា​លើក​ដំបូង ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក ដោយ​ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

ករណី​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ដែល​បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​ដំបូង​គេ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​សំណាក​មួយ​ដែល​ប្រមូល​បាន​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។ ការ​ឆ្លង​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ស្រប​ពេល​ជាមួយនឹង​ការ​រក​ឃើញ​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ ។ ដោយសារ​តែ​ពិភពលោក​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក វា​មាន​ហានិភ័យ​ខ្ពស់​ដែល​អូ​មី​ក្រុង នឹង​ត្រូវ​បាន​នាំ​ចូល និង​ត្រូវ​បាន​រក​ឃើញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​នៅ​ក្នុង​សហគមន៍​ប្រទេស​កម្ពុជា​។

អូ​មី​ក្រុង ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​គួរ​ឱ្យ​ព្រួយបារម្ភ សម្រាប់​ការ​ឆ្លើយ​តប​ជាស​កល​ចំពោះ​ការ​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។ អូ​មី​ក្រុង អាច​បំប្លែង​ខ្លួន​ជា​វីរុស​ចំនួន​ច្រើន ហើយ​ការ​បំប្លែង​ខ្លួន​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​នោះ​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ ។

ភស្តុ​តាង​បឋម បង្ហាញ​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ជាង​វីរុស​បំប្លែង​ថ្មី ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ដទៃ​ទៀត នៅ​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ឡើង​វិញ ។ អូ​មី​ក្រុង ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​អត្រា​លឿន​ជាង​អត្រា​នៃ​ការ​កើន​ឡើងជា​គំហុក នៃ​ការ​ឆ្លង​នានា​កន្លង​មក ដែល​នេះ​បង្ហាញ​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ អាច​ឆ្លង​ដល់​មនុស្ស​បាន​យ៉ាង​ងាយស្រួល ហើយ​ធ្វើ​ឱ្យ​វា​ជា​វីរុស​ដែល​ងាយ​ឆ្លង​ជាង​វីរុស​បំប្លែង​ខ្លួន​ថ្មី​មុន​ៗ​។ យើង​មិនដឹង​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ទេ ។ អ្នក​ស្រាវជ្រាវ កំពុង​ពិនិត្យ​មើល​ឥ​ទិ្ធ​ពល​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ទៅ​លើ​វ៉ាក់សាំង និង​ឧបករណ៍​ផ្សេង​ៗ​ទៀត ។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​បន្ថែម​ថា ទោះជា​យ៉ាងណា​ក៏​ដោយ ដំណឹង​វិជ្ជមាន​គឺថា​ការ​វិភាគ​រក​វីរុស​កូ​វី​ដ​-១៩ ដោយ​ប្រើ​ម៉ាស៊ីន​មន្ទីរពិសោធន៍ PCR នា​ពេល​បច្ចុប្បន្ន បន្ត​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង ដូច្នេះ​យើង​អាច​តាមដាន​ការ​រីក​រាលដាល​របស់​វា​។ យើង​អាច​កែក​ម្រូ​វ និង​ពង្រឹង​ការ​ឆ្លើយ​តប​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩​របស់​យើង ដោយ​ផ្អែក​លើ​ព័ត៌មាន​ថ្មី ដើម្បី​កាត់​បន្ថយ​ការ​គំរាមកំហែង​របស់​វា​។

វិធានការ​ឆ្លើយ​តប​នោះ អាច​រាប់​បញ្ចូល​ទាំង​ការ​ពង្រឹង​ការ​តាមដាន​ជំងឺ ការ​ចាត់​ថ្នាក់ និង​ការ​អនុវត្ត​វិធានការ​ព្រំដែន​អន្តរជាតិ​ដែល​ផ្អែក​លើ​ហានិភ័យ​។ ការ​កែតម្រូវ និង​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​ឆ្លើយ​តប​របស់​យើង នឹង​បន្ត​ធ្វើ​ឡើង នៅ​ពេល​ដែល​យើង​យល់​ដឹង​បន្ថែម​ទៀត​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ ហើយ​ការ​សម្រេចចិត្ត​ដ៏​ឆាប់រហ័ស​ទាំងនេះ​នឹង​បង្ហាញ​ថា អភិក្រម​សម្រាប់​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​ដែល​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​ហានិភ័យ​មួយ​នេះ អាច​ប្រើ​ការ​បាន​។ ព័ត៌មាន​អំពី​អូ​មី​ក្រុង មានកា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស ហើយ​នៅ​ពេល​មាន​ភស្តុ​តាង​កាន់តែ​ច្រើន​ឡើង អាជ្ញាធរ​សុខាភិបាល​នឹង​ឆ្លើយ​តប​បាន​សម​ស្រប ដើម្បី​រក្សា​សហគមន៍​ឱ្យ​មាន​សុ​វ​តិ្ថ​ភាព​។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​កម្ពុជា គួរតែ​បារម្ភ​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ដែល​ទើប​រក​ឃើញ​ថ្មី​ៗ​នេះ បើ​ទោះបីជា​កម្ពុជា សម្រេច​បាន​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ខ្ពស់​ក៏​ដោយ​»​។
លោកស្រី​វេជ្ជបណ្ឌិត Li Ailan មាន​ប្រសាសន៍​បន្ថែម​ថា «​បុគ្គល​គ្រប់​រូប គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​កើន​ឡើងជា​គំហ៊ុក​ជាយថាហេតុ​នៃ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ហើយ​យើង​គួរតែ​បន្ត​រៀនសូត្រ និង​កែតម្រូវ​វិធានការ​ឆ្លើយ​តប​របស់​យើង​»​។

អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ថា វិធី​ការពារ​ខ្លួន​អ្នក មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក និង​សហគមន៍​កម្ពុជា​ទាំងមូល ដែល​មាន​ប្រសិទ្ធភាព​បំផុត​នោះ គឺ​ការ​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​វិធានការ​សុខភាព​សាធារណៈ និង​សង្គម​។ វិធានការ ៣​កុំ និង​៣​ការពារ របស់​កម្ពុជា នៅ​តែ​មាន​សារៈសំខាន់​។

ការ​ពាក់​ម៉ាស់​បាន​ត្រឹមត្រូវ អនាម័យ​ដៃ​ដោយ​លាង​សម្អាត​ញឹកញាប់ ការ​រក្សា​គម្លាត​សុ​វ​តិ្ថ​ភាព​បុគ្គល ការ​កែ​លម្អ​ខ្យល់​ចេញចូល​នៃ​ទីធ្លា​ក្នុងផ្ទះ ឬ​ទីតាំង​ការងារ ឬ​ទីតាំង​ប្រកប​របរ​រក​សី​ុ​ទទួលទាន ការ​ជៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន គឺជា​អាវ​ក្រោះ​ការពារ​ដ៏​ខ្លាំង​បំផុត​របស់​យើង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ រួម​បញ្ចូល​ទាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នានា​ផង​ដែរ ។ ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​តែ​មាន​សារៈសំខាន់ ជា​ពិសេស​សម្រាប់​ការពារ​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ និង​មាន​ហានិភ័យ​ខ្ពស់ ដូច​ជា​បុគ្គលិក​សុខាភិបាល និង​មនុស្ស​ចាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ