ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាចចំណាយលើសផែនការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ រហូតមកដល់ពេលនេះ គឺបានចំណាយថវិកាអស់ប្រមាណ ២ ពាន់លានដុល្លារអាមេរិកហើយមកដល់ចុងខែវិច្ឆិកា ២០២១ នេះ…

រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ រហូតមកដល់ពេលនេះ គឺបានចំណាយថវិកាអស់ប្រមាណ ២ ពាន់លានដុល្លារអាមេរិកហើយមកដល់ចុងខែវិច្ឆិកា ២០២១ នេះ ដោយលទ្ធផលគិតជាភាគរយបានប្រមាណជា ៧០ ភាគរយ ។ ២ ពាន់លានដុល្លារជាគម្រោងចំណាយសម្រាប់ការកសាងផ្លូវប្រវត្តិសាស្រ្តមួយនេះ ដែលបានប្រកាសឲ្យដឹងពីដំបូង ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នេះ រំពឹងថា នឹងបញ្ចប់ជាស្ថាព័រនៅចុងត្រីមាស ទី ៣ នៃឆ្នាំ ២០២២ ខាងមុខនេះ ប៉ុន្តែផ្លូវនេះនឹងដាក់ឱ្យពលរដ្ឋធ្វើការបើកបរសាកល្បង នៅមុនការដាក់សម្ពោធឱ្យប្រើប្រាស់ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ ដើម្បីឱ្យដឹងពីស្ថានភាពផ្លូវនេះ ។ មន្រ្តីបញ្ជាក់ថា «ពេលនេះ ក្រសួង និងវិនិយោគិនលើ គម្រោងផ្លូវនេះ កំពុងចរចា ហើយបើសិនជាការចរចាឯកភាពគ្នា ផ្លូវនេះនឹងអនុញ្ញាតឱ្យពលរដ្ឋបើកបរសាកល្បងនៅចុងឆ្នាំ ២០២២ ពោលគឺនៅពេលសំណង់ផ្លូវនេះរួចរាល់ ១០០ ភាគរយ» ។ 

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ជាគម្រោងផ្លូវល្បឿនជាលើកដំបូងនៅកម្ពុជា មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ ២៤,៥ ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា ៤ គន្លង (២ គន្លងទៅ ២ គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរ ក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ 

ក្រៅពីផ្លូវល្បឿនលឿនមួយនេះ កំពុងសាងសង់នោះកម្ពុជាក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិតខេត្តស្វាយរៀងព្រំដែនកម្ពុជាវៀតណាម ហើយផ្លូវនេះកំពុងធ្វើការសិក្សាផលប៉ះពាល់និងការចំណាយផងដែរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានសម្ពោធ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៩ ។ ផ្លូវប្រវត្តិសាស្រ្តនេះពីដំបូងគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០ លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប៉ុន្តែពេលនេះបានចំណាយដល់ថវិកាគ្រោងនោះហើយដូច្នេះគម្រោងនេះអាចចំណាយ លើសផែនការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ