ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វិសាខា បញ្ជាក់​ជំហរ ក្រោយ​កាន់​ពាន​ជើងឯក​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្លិ​ប​បាល់ទាត់​វិសាខា បាន​បន្ដគ្រង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​ ​ថ្នាក់​ជាតិ លើក​ទី​១៥ ឆ្នាំ​២០២១

​រាជធានីភ្នំពេញ ៖ ក្លិ​ប​បាល់ទាត់​វិសាខា បាន​បន្ដគ្រង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​ ​ថ្នាក់​ជាតិ លើក​ទី​១៥ ឆ្នាំ​២០២១ ជា​លើក​ទី​២ ជាប់​គ្នា​ក្នុង​ប្រវត្តិ​សាស្ដ្រ​របស់​ក្លិ​ប ក្រោយ​យក​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥-៤ បន្ទាប់​ពី​ប្រកួត​១២០​នាទី​ស្មើគ្នា​២-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Smart RSN នៅ​ព្រលប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​។

ជំនួប​ដ៏​ស្វិតស្វាញ​នេះ សម្រាប់​រយៈពេល​៩០​នាទី ក្រុម​ទាំង​ពីរ​បាន​រក្សា​លទ្ធ​ផល​ស្មើគ្នា ១-១ មុន​រកបាន​១​គ្រាប់​ម្នាក់ ក្នុង​ម៉ោង​បន្ថែម​១៥​នាទី ២​ដង​។ ២​គ្រាប់​របស់​អតីត​ក្រុម​ជើងឯក ៤​សម័យ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង សុទ្ធ​តែ​ជា​គ្រាប់​បាល់​នាំមុខ​គូប្រជែង ដែល​រកបាន​ដោយ​កីឡាករ ប្រាក់ មុន្នី​ឧត្តម នៅ​នាទី​៥៣ និង​សិស្ស​ប្អូន ជូ ស៊ិ​ន​ទិ នៅ​នាទី​១០០​។ រីឯ​គ្រាប់​តាម​ស្មើ​របស់​វិសាខា ធ្វើ​សម្រេច​ដោយ​កីឡាករ វុ​ធ តុលា នៅ​នាទី​៧១ និង​កីឡាករ អ៊ុ​ក សុវណ្ណ នៅ​នាទី​១០៦​។

ឈាន​ដល់​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ក្រុម​វិសាខា បាន​ធ្វើ​សម្រេច​៥​គ្រាប់​ជាប់​គ្នា ដោយ​កីឡាករ ទិ​ត ឌី​ណា​, អ៊ិ​ន វិ​ច្ឆ័​យ​, ស៊ិ​ន សុ​ផា​ណាត់​, អ៊ិ​ន សូ​ដា​វី​ដ និង អ៊ុ​ក សុវណ្ណ ខណៈ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ធ្វើ​សម្រេច​តែ​៤​គ្រាប់​ប៉ុណ្ណោះ បន្ទាប់​ពី​កីឡាករ សួន សុវណ្ណ ទាត់​បាល់​ទី​៤ ពុំ​បាន​សម្រេច​លើរ​បាទី​។ ការណ៍​នេះ​នាំ​ឲ្យ​ក្រុម​វិសាខា បន្ដ​គ្រង​តំណែង​ជើងឯក​ថ្មី គ្រា​ដែល​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ទទួល​ត្រឹម​ជើងឯក​រង​ជា​លើក​ទី​៤ ក្នុង​ប្រវត្តិ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន ៨​លើក ដែល​ធ្លាប់​ឈ្នះ​ពាន ៤​លើក​។

ពិធី​បិទ​ការ​ប្រកួត​ពានរង្វាន់​ថ្នាក់​ជាតិ​លំដាប់​ទី​២​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​​លោក​​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។ ជាមួយ​គ្នា​នោះ ​លោក​ឃួ​ង ស្រេង ក៏​បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ចំនួន​៥​ម៉ឺន​ដុល្លារ ឧបត្ថម្ភ​ដល់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ផង​ដែរ​។

ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ជ័យ​លា​ភី​វិញ រួម​មាន​ក្រុម​ជើងឯក​វិសាខា ទទួល​បាន​ពាន អម​ប្រាក់​រង្វាន់​១០០​លាន​រៀល​, ក្រុម​ជើងឯក​រង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ទទួល​បាន​ប្រាក់​រង្វាន់ ៦០​លាន​រៀល​, ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បឹង​កេ​ត ដែល​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ២-០ គឺ​ទទួល​បាន​ប្រាក់​រង្វាន់ ៣០​លាន​រៀល​។ រីឯ​ភ្នំពេញ​ក្រោ​ន ទទួល​បាន​ត្រឹម​ពានរង្វាន់ Fair-Play ទទួល​បាន​ប្រាក់​រង្វាន់ ៣​លាន​រៀល​។ រីឯ​ពានរង្វាន់​ឯកត្ដជន​ចំនួន ៤ សុទ្ធតែ​បាន​ទៅ​សមាជិក​ក្រុម​ជើងឯក​វិសាខា រួម​មាន​កីឡាករ អ៊ុ​ក សុវណ្ណ​, អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ កែវ សុខ​ផេង (​រកបាន ៧​គ្រាប់​), អ្នកចាំទី​ល្អ កែវ សុខ​សិលា និង​គ្រូបង្វឹក​លោក Akeeb Tunji Ayiyonka ដែល​ទទួល​បាន​ប្រាក់​រង្វាន់ ៣​លាន​រៀល​ស្មើ​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ