ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស ៤ ប្រភេទ​នេះ មិន​អាច​កសាង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បាន​ឡើយ !

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​ការ​លើក​ឡើង​របស់ លោក ង៉ែត ជូ អ្នក​ប្រឹក្សា​ហិរញ្ញវត្ថុ​ឯករាជ្យ បាន​និយាយ​ថា មនុស្ស ៤…

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​ការ​លើក​ឡើង​របស់ លោក ង៉ែត ជូ អ្នក​ប្រឹក្សា​ហិរញ្ញវត្ថុ​ឯករាជ្យ បាន​និយាយ​ថា មនុស្ស ៤ ប្រភេទ នេះ​មិន​អាច​កសាង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បាន​ឡើយ ដែលក្នុងនោះទី ​១ គឺមនុស្ស​ត្រូវការ​ប្រាក់ ទី​ ២ មនុស្ស​ស្រឡាញ់​ប្រាក់ ទី ​៣ មនុស្ស​កំណាញ់​មិន​ហ៊ាន​ចំណាយ និង​ទី​ ៤ មនុស្ស​មិន​ចេះ​ទុកចិត្ត​អ្នក​ដទៃ ។

ដើម្បី​អោយ​យល់​កាន់តែ​ច្បាស់​ពី​ចំណុច​នីមួយ​ៗ​អំពី​ប្រភេទ​មនុស្ស​ទាំងនោះ តោះ ​! មក​ស្តាប់​អ្នកជំនាញ​បកស្រាយ​លម្អិត នៅ​ខាងក្រោមនេះ ​៖
១) មនុស្ស​ត្រូវការ​ប្រាក់ ​៖ ប្រាក់​មិន​នៅ​ជាមួយ​អ្នក​ត្រូវការ​វា​នោះ​ទេ ​។ អ្នក​ត្រូវការ​ប្រាក់​តែង​យក​ប្រាក់​ទៅ​ចំណាយ​តាម​តម្រូវការ និង​ចំណង់​ឥត​ព្រំដែន​រហូត​ដល់​អស់ពី​ខ្លួន ​។ រីឯ​អ្នក​មិន​ត្រូវការ​ប្រាក់​តែង​គ្រប់គ្រង​ចំណង់​របស់​ខ្លួន និង​តែងតែមាន​លទ្ធភាព​ទុក​ប្រាក់​អោយធ្វើ​ការ​ដើម្បី​បង្កើត​ប្រាក់​បន្ត​ទៀត ​។ កា​ទុក​ប្រាក់​អោយធ្វើ​ការ​ដើម្បី​បង្កើត​ប្រាក់​បន្ត​ទៀត គឺ​ហៅ​ថា ​ជា​ការ​វិនិយោគ​ ។

២) មនុស្ស​ស្រឡាញ់​ប្រាក់ ​៖ ប្រាក់​ក៏​មិន​ផ្តល់​ភាព​ចម្រុងចម្រើនដល់​អ្នក​ស្រឡាញ់​ប្រាក់​នោះ​ដែរ​ ។ អ្នក​ស្រឡាញ់​ប្រាក់ មិន​ហ៊ាន​យក​ប្រាក់​ទៅ​ធ្វើ​អ្វី​ដើម្បី​ភាព​រីក​ចម្រើន ឬ​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ​ព្រោះ​តែងតែ​ខ្លាច​ខាតបង់ ខ្លាច​ហានិភ័យ​ ។

៣) មនុស្ស​កំណាញ់​មិន​ហ៊ាន​ចំណាយ ​៖ មិន​ហ៊ាន​ចំណាយ​ប្រាក់​ជួល​អ្នក​ដទៃ​អោយ​ជួយ​ធ្វើការ ឬ​ធ្វើការ​ជំនួស​ដៃជើង​របស់​ខ្លួន ​។ មិន​ហ៊ាន​ខ្ចីប្រាក់​ពី​ធនាគារ ឬ​អ្នក​ដទៃ​ដើម្បី​ពង្រីក​ការ​វិនិយោគ​ព្រោះ​មិន​ហ៊ាន​ចំណាយ​ការ​ប្រាក់ ​។​ល​។ អ៉ីចឹង​ហើយ​អាជីវកម្ម ឬ​កិច្ចការ​វិនិយោគ​មិន​មានការ​រីក​ចម្រើន និង​មិន​មាន​លទ្ធភាព​បង្កើន​ប្រាក់​ចំណេញ​នោះ​ឡើយ ​។

និង​៤) មនុស្ស​មិន​ចេះ​ទុកចិត្ត​អ្នក​ដទៃ​ ៖ មិន​ចេះ​រៀន​មើល​មនុស្ស ឬ​មិន​ប្រថុយ​ធ្វើការ​សហការ​ជាមួយ​ដៃគូ​អាជីវកម្ម ឬ​អ្នក​វិនិយោគ​ដទៃ​ទៀត​ព្រោះតែ​ការ​មិន​ទុកចិត្ត​ ។ ក្នុង​សម័យកាល​ប្រកួតប្រជែង​ខ្លាំង និង​កា​រវិ​វត្ត​លឿន​នៃ​ទីផ្សារ ការ​មិន​ទុកចិត្ត ឬ​មិន​ចេះ​សហការ​ជាមួយ​អ្នក​ដទៃ​អាច​ធ្វើ​អោយ​បាត់បង់​ឱកាស​ក្នុង​ទីផ្សារ ៕