ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួង ស្រេង ប្រជុំ ជំរុញឲ្យអាជ្ញាធរចាត់​វិធានការ​អោយបានម៉ឺងម៉ាត់ លើការរៀបចំ​សណ្ដាប់​ធ្នាប់ តាមដងទន្លេ និងនៅតាមដងផ្លូវសាធារណៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំងអស់ ពិសេស​អាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រ និងមូលដ្ឋាន នៅតាមដងទន្លេ…

រាជធានី​ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំងអស់ ពិសេស​អាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រ និងមូលដ្ឋាន នៅតាមដងទន្លេ ត្រូវមានវិធានការអោយបានម៉ឺងម៉ាត់លើការរៀបចំ​សណ្ដាប់ធ្នាប់នៅតាមដងទន្លេ ឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឲ្យ​ប្រក្រតីឡើងវិញ​។ ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ក៏ជាបញ្ហា ដែលត្រូវយក​ចិត្តទុកដាក់ និងរៀបចំអោយបានល្អប្រសើរផងដែរ។

ការជំរុញនិងណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំ តាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នាល្ងាចថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ​។

លោក ឃួង ស្រេង បាន​លើកឡើងថា ចំពោះចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរពី អន្តរជាតិផងដែរ​។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់លើការទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យ​ផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ។

អាជ្ញាធរខណ្ឌ ត្រូវតែយកចិត្តទុកដាក់នឹងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យមាន​ការកើតឡើងវិញនូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាព​ជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររបស់យើង​។ ដូច្នេះលោក​ស្នើឲ្យយើងបន្តកិច្ចការងារនេះ ឲ្យបានប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេរបស់យើង មានសណ្តាប់ធ្នាប់របៀបរៀប និងមានបរិស្ថានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេគឺជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ គឺជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ​ទាំងអស់ ត្រូវចូលរួមអនុវត្ត​ធ្វើយ៉ាងណា​អោយការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ឲ្យមានសោភ័ណភាពល្អប្រសើរ សមជារាជធានី​ភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ