ទីក្រុងឡុងដ៍ ៖ អ្នកជំនាញជាច្រើន បានព្រមានរួមគ្នាពីកូវីដ-១៩ ប្រភេទថ្មី ដ៏គួរឲ្យភ័យខ្លាច មានឈ្មោះថា “B.1.1.529” ដែលមានប្រភពចេញពីប្រទេសបុតស្វាណា ជាមួយនឹងការបំប្លែងខ្លួនច្រើនបំផុតមិនធ្លាប់មាន គេរំពឹងថា វាបង្កកំណើតចេញពីអ្នកជំងឺអេដស៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អ្នកជំនាញអង់គ្លេស ព្រមានថា មេរោគកូវីដពូជថ្មី B.1.1.529 នេះវា អាក្រក់ជាង Delta ដែលកំពុងឆ្លងរីករាលដាលនៅជុំវិញពិភពលោក ឥឡូវនេះ ផងដែរ ។
ប្រភេទ B.1.1.529 ដែលត្រូវបានគេប្រទះឃើញ នៅក្នុងប្រទេសចំនួន ០៣ រួចហើយ ប៉ុន្តែមានអ្នកឆ្លងត្រឹមតែ ១០ ករណីប៉ុណ្ណោះ ។
វីរុសកូវីដពូជថ្មី B.1.1.529 នេះវាអាចប្រែប្រួលប្រូតេអ៊ីនចំនួន ៣២ ឬមានការប្រែប្រួលចំពោះប្រូតេអ៊ីនជាច្រើនប្រភេទផ្សេងៗទៀត នាំឲ្យអ្នកជំនាញជាច្រើន ចង្អុលបង្ហាញថា វានឹងបង្កើនការឆ្លងរីករាលដាលខ្លាំង និងឆាប់រហ័ស ហើយធន់នឹងថ្នាំវ៉ាក់សាំង ។
សាស្ត្រាចារ្យ Francois Balloux អ្នកឯកទេស នៃសាកលវិទ្យាល័យ ទីក្រុងឡុងដ៍ ក្នុងប្រទេសអង់គ្លេស បាននិយាយថា មេរោគថ្មី ប្រភេទ B.1.1.529 ទំនងជាលេចឡើងនៅក្នុងការឆ្លងនៅក្នុងអ្នកជំងឺរ៉ាំរ៉ៃ ដែលមានភាពស៊ាំនឹងមេរោគ អាចជាអ្នកដែលមានជំងឺអេដស៍ ដែលមិនបានធ្វើរោគវិនិច្ឆ័យ ។
ការប្រែប្រួលប្រូតេអ៊ីន នៃប្រភេទថ្មីនេះ កើនឡើង ធ្វើឲ្យមានការពិបាកសម្រាប់ការចាក់វ៉ាក់សាំង នាពេលបច្ចុប្បន្ននេះ ដោយសារតែវ៉ាក់សាំងបង្ការ ទទួលស្គាល់កំណែចាស់នៃមេរោគ ដែលបានបណ្តុះប្រព័ន្ធភាពស៊ាំការពាររាងកាយពីការឆ្លង នៃវីរុដកូវីដ-១៩ ពីមុន ។
លោកវេជ្ជបណ្ឌិត Tom Peacock អ្នកជំនាញខាងមេរោគឆ្លង នៅសាកលវិទ្យាល័យ Imperial College ក្នុងប្រទេសអង់គ្លេស ដែលជាអ្នកស្រាវជ្រាវមេរោគដំបូងគេ ដែលកំណត់អត្តសញ្ញាណប្រភេទថ្មី B.1.1.529 បានពណ៌នា អំពីការប្រែប្រួល នៃពូជថ្មីនេះថា គួរឱ្យរន្ធត់ ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Tom បានព្រមានថា មេរោគកូវីដប្រភេទថ្មី ដែលមានឈ្មោះវិទ្យាសាស្ត្រ B.1.1.529 ត្រូវបានគេចាត់ទុកថា ជាមេរោគកូវីដដ៏អាក្រក់បំផុត ពោលគឺអាក្រក់ជាងកូវីដប្រភេទផ្សេងៗ ដែលកំពុងឆ្លងរាតត្បាតនៅជុំវិញពិភពលោក ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានប្រាប់ថា “មិនចាំបាច់ព្រួយបារម្ភខ្លាំងពេកទេ” ពីព្រោះមិនទាន់មានសញ្ញា ណាមួយដែលថា វាបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នៅឡើយ។
ការចម្លងប្រភេទថ្មី នាពេលនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសបុតស្វាណា ចំនួន ០៣ករណី និងឆ្លងចំនួន ០៦ករណី នៅអាហ្វ្រិកខាងត្បូង ជាកន្លែងដែលអ្នកជំនាញកំពុងឃ្លាំមើលតាមដានស្ថានការណ៍យ៉ាងដិតដល់ និងឆ្លង ០១ករណីទៀត ក៏ត្រូវបានគេប្រទះឃើញលើបុរស វ័យ ៣៦ឆ្នាំម្នាក់ នៅទីក្រុងហុងកុង ដែលទើបត្រឡប់ពីទ្វីបអាហ្វ្រិក មកវិញ ៕
ចែករំលែកព័តមាននេះ