ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជាថា កិច្ចប្រជុំកំពូល ASEM ផ្តល់ឱកាសថ្នាក់ដឹកនាំបញ្ជាក់សារជាថ្មីក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកលលោក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​មួយ​ចំនួន​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM-13) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​មួយ​ចំនួន​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM-13) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ពេល​នេះ គឺជា​ឱកាស​សម្រាប់​ថ្នាក់ដឹកនាំ ASEM បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​តំបន់ និង​សកលលោក​ជា​ក្ដី​បារម្ភ​រួម​គ្នា ។

ការ​ថ្លែង​នេះ ខណៈ​កម្ពុជា​បាន និង​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) ចាប់ពី​ថ្ងៃ​ទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ពី​វិមាន​សនិ្ត​ភាព រាជធានី​ភ្នំពេញ ។ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ក្រោម​មូលបទ «​ការ​ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួម​» នា​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ASEM កំពុង​បន្តដំណើរ​ឆ្ពោះទៅ​កាន់​ទសវត្សរ៍​បន្ទាប់​នៃ​អត្ថិភាព​របស់​ខ្លួន​យើង​ទាំងអស់​គ្នា​មានការ​ទទួលខុសត្រូវ​រួម​ក្នុង​ការ​ធានា​ថា ASEM នៅ​បន្ត​ជា​វេទិកា​អន្តរ​តំបន់​ដ៏​សំខាន់ និង​រឹង​មាំ​មួយ​ដែល​អាច​នាំ​មក​នូវ​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រជាជន​របស់​ខ្លួន ព្រមទាំង​អាច​ចូលរួម​ចំណែក​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ដល់​ការ​ធានា និង​រក្សា​នូវ​សន្តិភាព​ស្ថិរភាព​វិបុលភាព និង​ការ​អភិវឌ្ឍ​របស់​ពិភពលោក ។

សម្ដេច នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​កិច្ចប្រជុំ​កំពូល SEM នា​ថ្ងៃនេះ គឺជា​ឱកាស​ដ៏​ទាន់​ពេល​មួយ​សម្រាប់​ថ្នាក់ដឹកនាំ ASEM បញ្ជាក់​សារ​ជា​ថ្មី​អំពី​សារសំខាន់​នៃ​ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ​អាស៊ី​-​អឺរ៉ុប ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​តំបន់ និង​សកល​ដែល​ជា​ក្តី​បារម្ភ​រួម​គ្នា​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បាន​បន្ដ​ថា ចាប់តាំងពី​បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ ASEM នៅ​ឆ្នាំ​២០០៤​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ដំណើរការ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ។ ការ​រក្សា​សន្ទុះ​នៃ​ដំណើរការ ASEM ពិតជា​មាន​សារសំខាន់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ នា​បច្ចុប្បន្ន​នេះ ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នា​ពេល​នេះ ក្នុង​គោលបំណង​សំខាន់​ៗ​ដូច​ជា ៖ ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នៃ​កា​រត​ភ្ជាប់​អន្តរ​តំបន់ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​កំណើន​រួម​គ្នា​, លើក​ស្ទួយ​ភាព​ជា​ដៃគូ​អន្តរ​តំបន់ ដើម្បី​អភិបាលកិច្ច​សកល​, លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ពហុភាគី ផ្អែក​លើ​វិធាន​ច្បាប់​, ទាញ​អត្ថប្រយោជន៍​ពី​នវានុវត្តន៍ កា​រត​ភ្ជាប់​ឌី​ជី​ថ​ល និង​បដិវត្តន៍​ឧស្សាហកម្ម​៤.០, ពង្រឹង​ភាព​លេចធ្លោ និង​ភាព​ពាក់ព័ន្ធ​របស់ ASEM និង​ដោះស្រាយ​បញ្ហា​ពហុ​វិស័យ​នានា ជា​អាទិ៍ ការ​ប្រែប្រួល​អាកាសធាតុ ភាព​ក្រីក្រ ការ​លើកកម្ពស់​សិទ្ធិ​អំណាច​ស្ត្រី ព្រមទាំង​បញ្ហា​ប្រឈម​ឆ្លង​ដែន​ផ្សេង​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ