រាជធានីភ្នំពេញ ៖ ការដ្ឋានសំណង់ដ៏រឹងមាំដែលកំពុងតែដំណើរការសាងសង់រំលោភយកច្រាំងទន្លេមេគង្គនោះ ត្រូវបានគេទម្លាយឱ្យស្គាល់ម្ចាស់ហើយ គឺជាស្នាដៃរបស់កូនស្រីសព លោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលម្តាយរបស់គាត់ធ្លាប់មាន ឈ្មោះល្បីរឿងរំលោភបំពានដីធ្លី កាលពីនៅមានជីវិត ។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ សំណង់នោះមានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញឱ្យស្ថាបនា ធ្វើច្រាំងទន្លេដែលដីគាត់នៅទីនោះ និងទុកជាប្រយោជន៍សាធារណៈ បែរជាត្រូវកូនស្រីឧកញ៉ា ស៊ុយ សុផាន នោះធ្វើការសាងសង់ហ៊ុមព័ទ្ធជាសំណង់រឹងមាំទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលផ្ទុយពីច្បាប់អនុញ្ញាតទៅវិញ ។ ម្យ៉ាងនៅក្នុងការសាងសង់ទៀតសោធន៍ គ្មានមន្ត្រីជំនាញណាក៏ដូចជាអាជ្ញាធរ ចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសដែលមានចែងក្នុងច្បាប់និងត្រូវបានហាមឃាត់ឡើយ ។ សូមរំលឹក៖ តើបុរសណាជាម្ចាស់សំណង់លើច្រាំងទន្លេមេគង្គ?
គួរបញ្ជាក់ការដ្ឋានដែលកំពុងសាងសង់រំលោភយកច្រាំងទន្លេនោះស្ថិតនៅខាងត្បូងទីបញ្ជាការកងទ័ពជើងទឹក ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សំណង់នោះបានសង់រំលោភចូលទៅក្នុងផ្ទៃទឹកទន្លេប្រមាណមិនតិចជាង៣០ម៉ែត្រនោះទេ និងប្រវែងប្រមាណ៤០ម៉ែត្រតាមបណ្តោយទន្លេ ព្រមទាំងកំពុងតែជីកកាយគ្រឹះក្នុងគោលបំណង ធ្វើសំណង់អ្វីមួយជាលំនៅឋាន ។
តាមមន្ត្រី សង្កាត់ជ្រោយចង្វា រួមទាំងភូមិបានឱ្យដឹងថា ដីច្រាំងទន្លេជារបស់កូនស្រីយាយផាន ដើមឡើយជាដីច្រាំងទន្លេរបស់ម្តាយគាត់គឺយាយផានដែលបានសុំសាលារាជធានីភ្នំពេញធ្វើជាចំណតទូកកាណូត តាំងពីដីនៅតំបន់នោះដែលក្រុមហ៊ុនផាន អុីម៉ិច អភិវឌ្ឍធ្វើជាចំណតរថយន្តមកម្ល៉េះ ។ លុះក្រោយមកក៏បានលក់អស់នៅសល់តែច្រាំងទន្លេមួយចំនួននោះ រក្សាទុករហូតមក ។ នៅកំឡុងដើមឆ្នាំ២០២១ ស្រាប់តែមានការសាងសង់រំលោភច្រាំងទន្លេហើយសង្កាត់ក៏បានទៅឃាត់ជាច្រើនដង ស្រាប់តែក្រោយមកទីតាំងសំណង់នោះមានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញថា ឱ្យធ្វើច្រាំងទន្លេដើម្បីទប់ដីកុំឱ្យបាក់ តែជាក់ស្តែងមិនបានធ្វើច្រាំងទន្លេនោះទេ សង្ស័យជាសំណង់លំហែកាយឬជាលំនៅឋាននៅលើផ្ទៃទឹកតែម្តង ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានឱ្យដឹងថា សំណង់នោះមានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញឱ្យធ្វើច្រាំងទន្លេ ហើយលោកនឹងឱ្យលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វា រង់ចាំសហការ ជាមួយមន្ត្រីជំនាញនិងក្រុម ការងាររបស់សាលារាជធានីភ្នំពេញចុះទៅត្រួតពិនិត្យឱ្យបានច្បាស់ថា សំណង់នោះ បម្រើឱ្យផលប្រយោជន៍សាធារណះឬឯកជនវិនិយោគ ។ បើពិនិត្យឃើញថា ការសាងសង់ផ្ទុយពីច្បាប់អនុញ្ញាតលោកនឹងមានវិធានការចុះទៅផ្អាកការដ្ឋានសាងសង់តែម្តង ។ បានកត់សម្គាល់ឃើញថា នៅខណ្ឌជ្រោយចង្វា តាមឆ្នេរទន្លេមេគង្គ មានកូនយាយផានកំពុងរំលោភយកឆ្នេរទន្លេពីមាត់ច្រាំងចូលជ្រៅទៅក្នុងឆ្នេរប្រមាណលើសពី៣០ម៉ែត្រ ។
ដើម្បីឱ្យកាន់តែច្បាស់ កោះសន្តិភាពបានទូរស័ព្ទសុំការបំភ្លឺពីសាម៉ីខ្លួនគឺកូនស្រីយាយផានដែរ…ពេលទូរស័ព្ទចូលឮថាកោះសន្តិភាពសុំសួរ…ស្រាប់តែបិទទូរស័ព្ទលាន់ផស់ ! បានន័យថាចង់សរសេរអីសរសេរទៅ…ហេ ! ហេ !
ចំណែកនៅខណ្ឌច្បារអំពៅឯណោះវិញ ល្បីល្បាញខាងឧកញ៉ា ឃុន សៀ មានសំណាងបានស្ថាបនាសំណង់ធំមួយលយចូលឆ្ងាយពីមាត់ច្រាំងចូលទៅក្នុងទន្លេបាសាក់ ដោយតភ្ជាប់ពីភូមិគ្រឹះរបស់គាត់លយចូលជ្រៅទៅក្នុងទន្លេតែម្តង គឺសង់រឹងមាំ មានជាន់ក្រោមនិងជាន់លើ ដូចចង់រស់នៅលើទន្លេតែម្នាក់ឯង ឱ្យវាអស្ចារ្យដែលសឹងតែគ្មានបុគ្គលណាធ្វើដូចគឺសឹងតែគ្មានពីរ…។
តាមពិនិត្យមើលទៅ អ្នកមានសំណាងបានស្ថាបនាសំណង់រឹងក្នុងផ្ទៃទន្លេ ភ្ជាប់ពីច្រាំងទៅមានតែ២រូបខាងលើដ៏មហិមាប៉ុណ្ណោះ ។ ឯអ្នកទី៣ ទំនងគ្មានទេ…សូមឱ្យឧកញ៉ា ឃុន សៀ ទទួលបានជោគជ័យទៅហោង…ហេ ! ហេ !
មិនអាចសុំការបំភ្លឺបានទេពីឧកញ៉ា ឃុន សៀ ព្រោះទូរស័ព្ទចូល អត់មានអ្នកទទួល…ទុកឱ្យរោរិ៍ចោល…?
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ សូមរំលឹក៖ សំណង់ជាប់នឹងភូមិគ្រឹះឧកញ៉ា ឃុន សៀ សង់បំពានចំណីទន្លេបាសាក់ អាចជាគំរូអាក្រក់មួយ
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ