ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​! រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ឈ្លោះប្រកែក​គ្នា​ដណ្ដើម​អ្នក​រង​របួស

2 ឆ្នាំ មុន
  • ភ្នំពេញ

មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ខណៈ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ធ្វើ​ឱ្យ​រង​របួសធ្ងន់ ស្រាប់តែ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ចំនួន​២​គ្រឿង បាន​ឈ្លោះប្រកែក​គ្នា​ដើម្បី​ដណ្ដើម​ដឹក​ជន​រង​គ្រោះ ដោយ​មិន​គិត​ពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ខណៈ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ធ្វើ​ឱ្យ​រង​របួសធ្ងន់ ស្រាប់តែ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ចំនួន​២​គ្រឿង បាន​ឈ្លោះប្រកែក​គ្នា​ដើម្បី​ដណ្ដើម​ដឹក​ជន​រង​គ្រោះ ដោយ​មិន​គិត​ពី​អាយុជីវិត​របស់​អ្នក​របួស​ឡើយ បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​បេតុង​ក្រោយ​រោងចក្រ​ដើម​ពោធិ៍ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1X9657 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​អត់លេខ ខាងក្រោយ​រោងចក្រ​ដើម​ពោធិ៍ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ផ្លូវ​មាន​ទួល​បន្តិច បណ្ដាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ហោះ​ផ្លោង​ដួល​អូស​ជា​ច្រើន​ម៉ែត្រ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បែក​មុខ បែក​មាត់​សន្លប់​បាត់បង់​ស្មារតី ហើយ​ត្រូវការ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​តែ​ពេល​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​របស់​គ្លីនិក​ឯកជន យីហោ «​ស​ង្គ័​ម៉ា​រី​» មា​នទី​តាំងនៅ​ម្តុំ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទៅ​ដល់​មុនគេ ហើយ​បំរុង​លើក​ជន​រង​គ្រោះ​យក​ទៅ តែ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​មិន​អោយ​លើក​នោះ​ទេ​ដោយ​រង់ចាំ​រថយន្ដ​សង្គ្រោះ​មួយ​គ្រឿង​ទៀត យីហោ «​សម្ភព​សែន​ជ័យ​» ដែល​មា​នទី​តាំងនៅ​ជិត​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក្នុង​ខណ្ឌ​សែន​សុខ អោយមក​ទទួល ព្រោះ​សមត្ថកិច្ច​អះអាង​ថា រថយន្ត​សង្គ្រោះ​នៅ​គ្លីនិក​ក្នុង​ខណ្ឌ​សែន​សុខ ស្រួល​ពឹងពាក់ ព្រោះថា​ពេល​ជនអនាថា​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ដេក​ស្លា​.​ប់ គឺ​គ្មាន​រថយន្ត​សង្គ្រោះ​ណាមួយ​ចេញ​មុខ​មក​ដឹក​ទេ គឺ​មាន​តែ​រថយន្ដ​គ្លីនិក​ឯកជន​សម្ភព​សែន​ជ័យ នៅ​ខណ្ឌ​សែន​សុខ តែងតែ​ជួយ​សម្របសម្រួល ជួយ​ដឹក​រហូត​។

ដោយសារ​តែ​មានការ​ឃាត់​ពី​សមត្ថកិច្ច លុះ​ពេល​រថយន្ត​សង្គ្រោះ​ទាំង​ពីរ​គ្រឿង​មក​ដល់ គិតតែ​ពី​ជជែក​ទាមទារ​ដណ្តើម​គ្នា​ដឹក​យក​ជន​រង​គ្រោះ ដោយ​មិន​គិត​ពី​អាយុជីវិត​អ្នក​របួស​ដែល​កំពុង​ត្រូវការ​សង្គ្រោះ​ភ្លាម​ៗ​នោះ​ទេ លុះ​រហូត​ទាល់តែ​មាន​រថយន្ត​សង្គ្រោះ​ឯកជន​ទី​៣ យីហោ «​សួ​គា៍​» មា​នទី​តាំងនៅ​ជិត​ស្ពានដែក​ចំការ​ដូង ហើយ​នៅ​ជិត​កន្លែង​កើតហេតុ​ទៀត បាន​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​បាត់​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​ដែល​រថយន្ត​សង្គ្រោះ​ឯកជន​ទី​៣ បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ហើយ ស្រាប់តែ​រថយន្ត​សង្គ្រោះ​ទាំង​២​គ្រឿង​ដែល​ដណ្តើម​គ្នា​ដឹក​ជន​រង​គ្រោះ​នោះ បាន​នាំ​គ្នា​ទៅ​តាម​ឌឺដង​ដាក់​គ្នា​ដល់​មុខ​គ្លីនិក «​សួ​គា៍​» ដែល​នៅ​ជិត​ស្ពានដែក​ថែម​ទៀត​ផង ។
ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មានការ​បញ្ចេញមតិ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខុស​ពី​សមត្ថកិច្ច ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ការងារ​រកស៊ី​របស់​រថយន្ត​សង្គ្រោះ​គាត់​មិន​ថា​ទេ តែ​រាល់ពេល​មាន​ហេតុការណ៍ អ្នក​ណា​ទៅ​ដល់​មុន​អោយ​គេ​ដឹក​យក​ទៅ ព្រោះ​ប្រញាប់​សង្គ្រោះ​ជីវិត​មនុស្ស បើ​រវល់​តែ​ឈ្លោះប្រកែក​ដណ្តើម​គ្នា អ្នកជំងឺ​ល្មម​ៗ​មិន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ដោយឡែក​សមត្ថកិច្ច​មូលដ្ឋាន គាត់​មាន​យោបល់​ថា រឿង​រថយន្ដ​សង្គ្រោះ​ឯកជន​មួយ​ចំនួន គឺ​ប្រកាន់​អ្នកជំងឺ ជា​ពិសេស​គឺ​ជនអនាថា អោយ​តែ​លឺ​ថា​ជនអនាថា គឺ​គ្មាន​រថយន្ត​សង្គ្រោះ​ណា​ពឹងពាក់​បាន​ទេ គឺ​មាន​តែ​គ្លីនិក​មួយ​នៅ​ខណ្ឌ​សែន​សុខ ដែល​អាច​ពឹងពាក់​បាន​ក្នុង​ការ​ដឹក ហើយ​ជួយ​សង្គ្រោះ ។

ក្រោយ​ពេល​កើតហេតុ ក្នុង​ហេតុការណ៍​ខាងលើ​នេះ នៅ​សល់​តែ​ម៉ូតូ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោយ​សាច់ញាតិ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ