ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូនជី​បន្លំ​បួស​ភិក្ខុនី​សាងទង្វើអាក្រក់​ក្នុង​វត្ត​ជាង​១០​​ឆ្នាំ​​ ទើប​​តែបែកធ្លាយ​គំនិត​ដ៏ទុច្ចរិត

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ដូនជី​វ័យ​៧០​ឆ្នាំ​ផ្លា​យ​ម្នាក់ដែល​ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត រួម​ទាំង​ពុទ្ធិ​បរិស័ទ​ចំណុះ​ជើងវត្ត​ផង បាន​សន្មត់​ថា «​ជា​ដូនជី​ក្លែងបន្លំ​បួស​ជា​ភិក្ខុនី​» បាន​ស្វះស្វែងរ​ត់រក​ខ្សែបណ្ដោយ​ឲ្យ​ជួយ​អន្តរា​គម​ន៍ ដើម្បី​បាន​ជ្រកកោណ​ក្រោម​ដំបូល​សាសនា លួច​កឹបកេង​បច្ច័យ…


ខេត្តបាត់ដំបង ​៖ ដូនជី​វ័យ​៧០​ឆ្នាំ​ផ្លា​យ​ម្នាក់ដែល​ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត រួម​ទាំង​ពុទ្ធិ​បរិស័ទ​ចំណុះ​ជើងវត្ត​ផង បាន​សន្មត់​ថា «​ជា​ដូនជី​ក្លែងបន្លំ​បួស​ជា​ភិក្ខុនី​» បាន​ស្វះស្វែងរ​ត់រក​ខ្សែបណ្ដោយ​ឲ្យ​ជួយ​អន្តរា​គម​ន៍ ដើម្បី​បាន​ជ្រកកោណ​ក្រោម​ដំបូល​សាសនា លួច​កឹបកេង​បច្ច័យ និងទ្រព្យសម្បត្តិ​នៅ​ក្នុង​វត្ត​បន្ត​ទៀត ក្រោយ​ពី​ដឹង​ថា ខ្លួន​ត្រូវ​បាន​ព្រះសង្ឃ គណៈ​កម្មការអាចារ្យ​នៅ​ក្នុង​វត្ត​ចេញ​សេចក្ដីជូនដំណឹង​ជា​សាធារណៈ ប្រកាស​បដិសេធ​ឈប់​ទ​ទូល​ស្គាល់​ជា​«​ដូនជី​ស្នាក់​នៅ​ក្នុង​វត្ត​»​បន្ត​ទៀត​។

បើ​តាម​គណៈកម្មការ​វត្តបាន​ប្រាប់​ថា បុគ្គល​ដែល​តែង​ស្លៀកពាក់​ឈុត​ព​ណ៌ឈាមជ្រូក ដូច​ភិក្ខុនី​រូប​នេះ​មានឈ្មោះ ជា ស៊ី​លៀង អាយុ​ជាង​៧០​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ឯក​ភ្នំ​ ។ សព្វថ្ងៃ​ គាត់​តាំងខ្លួន​ជា​ដូនជី ឬ​ជា​ភិក្ខុនី ស្នាក់​នៅ​ក្នុង​ «​វត្ត​អរិយ​ផល ឬ​វត្ត​ភ្នំ​នាង​លេ​ម​» ស្ថិត​ក្នុងភូមិ​នាង​លេ​ម ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​ ។ ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​អរិយ​ផល ក្រុម​គណៈកម្មការ​វត្ត និង​អាចារ្យវត្ត រួម​ទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ផង សុទ្ធតែ​បាន​អះអាង​ប្រហាក់ប្រហែល​គ្នា ពី​ប្រវត្តិ​ដ៏​អាក្រក់​របស់​ឧបាសិកា ជា ស៊ី​លៀង ដែល​ក្លែងខ្លួន​ជា​ភិក្ខុនី​ជ្រក​ក្រោម​ដំបូល​សាសនា ស្រ​វ៉ា​កិបកេង​តែ​ទ្រព្យ​នៅ​ក្នុង​វត្ត​ខាងលើ​នេះ​។

​គណៈកម្មការ​វត្ត និង​តា​អាចារ្យ​បាន​ផ្ដល់​បទ​សម្ភាស​ន៍​នេះ​ផ្ទាល់​ជាមួយ​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី ២៣ វិច្ឆិកា ថា «​យាយ ជា ស៊ី​លៀង បាន​តាំងខ្លួន​ជា​ដូនជី ស្នាក់​នៅ​សមាធិ​សីលក្បែរ​ព្រះសង្ឃ​រាប់​សិប​អង្គ​នៅ​ក្នុង​ព្រៃ​ទីនោះ ចាប់តាំងពី​វត្ត​អរិយ​ផល​នេះ​ នៅ​ជា​អាស្រម​ក្នុង​ព្រៃ​ជាប់ជើង​ភ្នំ​នាង​លេ​ម កាលពី​អំឡុង​ឆ្នាំ​២០០៨​មក​ម្ល៉េះ ។ លុះ​នៅ​អំឡុង​ឆ្នាំ​២០១៤ ទើប​អាស្រម​នេះ ត្រូវ​បាន​ច្បា​ប់អនុញ្ញាត​ឲ្យ​រៀបចំ​សាងសង់​ជា​វត្ត​ពេញលេញ​»​ ។ ចាប់តាំងពី​ពេល​នោះ​រហូត​មក​ដល់​ពេល​នេះ ឧបាសិកា​រូប​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា គាត់​បួស​កាន់​សីល​តែ​សម្បក​ក្រៅ តែ​ក្នុង​ចិត្ត​ពោរពេញ​ទៅ​ដោយ​ទោសៈ មោហៈ មាន​ម​ហិ​ច្ឆិ​តា​លោភលន់ បន្លំ​កិបកេង​ទ្រព្យសម្បត្តិ​ក្នុង​វត្ត គ្រប់គ្រង​សិទ្ធិ​សេរីភាព ទាំង​គណៈកម្មការ អាចារ្យ និង ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ទាំងអស់​ ។

ពោល​គឺ​គាត់​ជា​អ្នក​ចាត់ចែង​ទាំងអស់​ការងារ​ក្នុង​វត្ត​។ សូ​ម្បី​តែ​ព្រះសង្ឃ​មន្ត​ចេញ​ទៅ​សូត្រ​មន្ត​ក្នុង​ពិធី​ផ្សេង​ៗ​របស់​ពុទ្ធបរិស័ទ​នៅ​ក្រៅ​វត្ត​ក៏​យាយ​ស៊ី​លៀង​ មិន​អនុញ្ញាត​​ឲ្យ​និមន្ត​ចេញ​ដែរ​ ។ មិនតែប៉ុណ្ណោះ​ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា សម្ភារ​ប្រើប្រាស់ ឬ​បច្ច័យ​ដែល​ពុទ្ធបរិស័ទ​ចូលរួម​កសាង​សមិទ្ធិផល​នៅ​ក្នុង​វត្ត ឬ​បច្ច័យ​ដែល​បាន​មក​ពី​ការ​ធ្វើបុណ្យ​ទាន​នៅ​ក្នុង​វត្ត​។ ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឬ​បុណ្យ​កឋិនទាន ឬ​ពិធីបុណ្យ​ផ្សេង​ៗ​ដែល​ពុទ្ធបរិស័ទ​រៀបចំ​ធ្វើ​នៅ​ក្នុង​វត្ត ក៏​ដូនជី ស៊ី​លៀង គ្រប់គ្រង​ទាំងអស់ ហើយ​ថែម​ទាំង​លាក់លៀម​មិន​ឲ្យ​ក្រុម​គណៈកម្មការ អាចារ្យវត្ត ឬ ព្រះ​គ្រួ​ចៅអធិការ​វត្ត​ដឹង​ដែរ ពិតមែនតែ​ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​នេះ​មិន​កាន់​បច្ច័យ​ក្ដី​ ។ គណៈកម្មការ​និង​អាចារ្យវត្ត​ដដែល​នេះ បាន​បញ្ជាក់​ថា ដោយ​សារ​តែ​គំនិត​ពុតត្បុត គ្មាន​សីល​នៅ​ក្នុង​ខ្លួន មាន​តែ​ភាព​លោភលន់​បន្លំ​កិបកេង​​ទ្រព្យសម្បត្តិ​នៅ​ក្នុង​វត្ត​បែប​នេះ​ហើយ ទើប​ធ្វើ​ភិក្ខុ សាមណេរ គ្រូ​ចៅអធិការ​វត្ត​ជា​ច្រើន​អង្គ​ មិន​អាច​គង់នៅ​ក្នុង​វត្ត​នេះ​បាន​។

បើ​តាម​ប្រភព​ដដែល​នេះ​បាន​អះអាង​ថា តាំងពី​ចាប់ផ្ដើម​បង្កើត​វត្ត​អរិយ​ផល ឬ​វត្ត​ភ្នំ​នាង​លេ​ម​ ពេញលេញ​រហូត​មក​ដល់​ពេល​នេះ​ជាង​១០​ឆ្នាំ​ហើយ គឺ​ព្រះសង្ឃ​ដែល​ធ្លាប់​គង់នៅ​ក្នុង​វត្ត​នេះ​ចំនួន​៧០​អង្គ និងគ្រូ​ចៅអធិការ​វត្ត​ចំនួន​០៧​អង្គ ត្រូវ​បាន​ផ្លាស់​ប្ដូរ និង​ចាកចេញ​ជា​បន្ត​បន្ទាប់ ដោយសារ​រង​នូវ​គំនាប​គ្រប់​បែប​យ៉ាង​ពី​ដូនជី​ស្លៀកពាក់​ព​ណ៌ឈាមជ្រូក ជា ស៊ី​លៀង នេះ​។ ប៉ុន្តែ​ប្រហែល​ជិត​កន្លះ​ឆ្នាំ​កន្លង​មកនេះ វត្ត​ភ្នំ​នាង​លេ​ម​នេះ ត្រូវ​បាន​ប្ដូរ​ព្រះ​គ្រូ​ចៅអធិការ​មួយ​អង្គ​ថ្មី​ទៀត គឺជា​ការ​ប្ដូរ​លើក​ទី​០៨ ដែល​ព្រះ​អង្គ​នាម ជា និវត្ត ព្រះ​ជន្ម​៤៨​វស្សា ។ បច្ចុប្បន្ន ព្រះ​អង្គ ជា និវត្ត ត្រូវ​បាន​តែងតាំង​ជា​គ្រូ​ចៅអធិការ​ស្ដីទី វត្ត​អរិយ​ផល​នៅ​ឡើយ​​ទេ​ ។ ភិក្ខុ​សាមណេរ​គ្រប់​អង្គ អាចារ្យ គណៈកម្មការ​វត្ត​នេះ រួម​ទាំង​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី​ផង​ទ​ទូល​ស្គាល់​ថា ព្រះ​អង្គជា​អ្នកចេះ​ដឹង បាន​បួស​រៀន​ច្រើន​វស្សា និង​ជា​អ្នកបួស​ដែល​មិន​កាន់​បច្ច័យ ហើយ​គេ​រំពឹង​ថា ព្រះ​អង្គ​មាន​សមត្ថកិច្ច​គ្រប់គ្រាន់​អាច​ដឹកនាំ​កសាង​វត្ត​ភ្នំ​នាង​លេ​ម​ឲ្យ​រីក​ចំរើន​បាន​។

ជា​ពិសេស​ ព្រះ​អង្គ​មាន​ជំហរ​រឹង​មាំ ដែល​អាច​ធ្វើ​ឲ្យ​យាយ ជា ស៊ី​លៀង បោះបង់​ភាព​លោភលន់ ឬ បោះបង់​គំនិត​ទុច្ចរិត​បាន​ទៀត​ផង​។ ប៉ុន្តែ​យ៉ាងណា​ក្ដី ចរិត​ដ៏​វិនាស​រឹងរូស​របស់​ដូនជី ជា ស៊ី​លៀង ហាក់​មិន​ងាយ​ស្រូល​អប់រំ ឬ បង្ក្រាប​បាន ដូច​ការ​គិត​របស់​ពុទ្ធបរិស័ទ​នោះ​ទេ​។ នេះ​បើ​តាម​សង្ឃដីកា​ព្រះ​តេជគុណ ជា និវត្ត ចៅអធិការ​ស្ដីទី ដែល​បាន​ផ្ដល់​បទ​សម្ភាស​ន៍​ផ្ទាល់​ជាមួយ​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី ២៣ វិច្ឆិកា ។

ព្រះ​តេជគុណ ជា និវត្ត បាន​មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​ថា «​តាម​ពិត​អាត្មា​ទើប​និមន្ត​ចូល​មក​កាន់​វត្ត​ភ្នំ​នាង​លេ​ម​នេះ ទើបបាន​ប្រហែល​រយៈពេល​៥​ខែ​ប៉ុណ្ណោះ តែ​អាត្មា​បាន​ជ្រាប​ច្បាស់​អំពី​ទ​ង្វើ និង​ចរិត​ដ៏​វិនាស​របស់​ឧបាសិកា ជា ស៊ី​លៀង​»​។ ព្រះ​អង្គ បាន​បន្ត​ថា «​អាត្មា​បាន​អប់រំ​ណែនាំ​គាត់​ច្រើន​លើក​ហើយ អំពី​ទ​ង្វើ​មិន​គប្បី​នានា ដែល​គាត់​បាន​ប្រព្រឹត្ត​នៅ​ក្នុង​វត្ត​។ ដូច​ជា ការ​កាប់​បំផ្លាញ​ដើមឈើ​​នៅ​ក្នុង​វត្ត ប្រើ​ចំពាមកៅស៊ូ​បាញ់​ ឬ​ធ្វើ​ទ្រុង​ដាក់​ចាប់​សត្វ​ស្វា​ក្នុង​វត្ត បាញ់​សម្លា.ប់សត្វ​ប្រចៀវ​ នៅ​ក្នុង​ល្អាង​ភ្នំ បាញ់​សម្លា.ប់សត្វ​ឆ្មា​ក្នុង​វត្ត ឬ​ជេរ​ប្រមាថ​ព្រះសង្ឃ​យ៉ាង​អ​សីលធ​ម៌​ទៀត​ផង​។​ល​។ តែ​គាត់​មិន​ដែល​ស្ដាប់​ទេ​។ ហើយ​ថ្មី​ៗ​នេះ គាត់​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​បន្លំ​កិបកេង​យក​បច្ច័យ​សង្កត់​ត្រៃ​យ​ក្នុង​អង្គ​កឋិនទាន​របស់​ពុទ្ធបរិស័ទ​ថែម​ទៀត​ផង​» ​។ ព្រះ​អង្គ ជា និវត្ត បាន​បញ្ជាក់​ថា ដោយសារ​តែ​ទ​ង្វើ​មិន​គប្បី​របស់​គាត់ ដែល​គាត់​បាន​ប្រព្រឹត្ត​ច្រើន​ឆ្នាំ​កន្លង​មកនេះ ទើប​វត្ត​នេះ​អស់​ពុទ្ធបរិស័ទ​ចូល​មក​ធ្វើបុណ្យ ហើយ​ព្រះសង្ឃ​រាប់​សិប​អង្គ​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​វត្ត​ជា​បន្តបន្ទាប់​ ។

ឥឡូវ​សូ​ម្បី​តែ​ព្រះ​អង្គ​អប់រំ​ណែនាំ​គាត់​តាម​ផ្លូវ​ធ​ម៌​ផង តាម​ផ្លូវ​សាសនា​ផង គ្រប់​បែប​យ៉ាង​ហើយ នៅ​តែ​គាត់​មិន​ព្រម​ស្ដាប់​ទៀត​។ គាត់​នៅ​តែ​ផ្គើន​លើស​ដើម​។ ដូច្នេះ​ មាន​តែ​ព្រះ​អង្គ​មូលមតិ​ជាមួយ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត ក្រុម​គណៈកម្មការ អាចារ្យ ដូនជី​តាជី និង ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត សម្រេច​ចេញ​សេចក្ដីជូនដំណឹង ប្រកាស​ជា​សាធារណៈ​ «​បដិសេធ​មិន​ទ​ទូល​ស្គាល់ ឧបាសិកា ជា ស៊ី​លៀង» ​នេះ​តែ​ម្ដង​ទៅ​ ។ ពីព្រោះ​ឧបាសិកា ស៊ី​លៀង​នេះ គាត់​ប្រព្រឹត្ត​ប្រាសចាក​ពី​ធ​ម៌​វិន័យ និង​សាសនាព្រះពុទ្ធ​ឆ្ងាយ​ពេក​អប់រំ​មិន​កែប្រែ​ ។ ហើយ​លិខិត​នេះ ព្រះ​អង្គ​ក៏​បាន​ចែក​ជួន​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​រួចរាល់​ហើយ​ដែរ​។ យោង​តាម​លិខិត​ជូនដំណឹង ចុះ​ថ្ងៃ​ទី ១៧ វិច្ឆិកា ឆ្នាំ​២០២១ របស់​ព្រះ​តេជគុណ ជា និវត្ត ចៅអធិការ​ស្ដីទី វត្ត​អរិយ​ផល ឬ វត្ត​ភ្នំ​នាង​លេ​ម ដែល​កោះសន្តិភាព​ទ​ទួល​បាន គឺ​មាន​ខ្លឹម​​សារ​យ៉ាង​ដូច្នេះ «​អា​ត្មា​ភាព​ព្រមទាំង​គណៈកម្មការ អាចារ្យវត្ត​សូម​ប្រកាស​បដិសេធ​មិន​ទ​ទូល​ស្គាល់ ឧបាសិកា ជា ស៊ី​លៀង ដែល​ជា​ដូនជី​ស្នាក់​នៅ​ក្នុង​វត្ត​អរិយ​ផល ឬ វត្ត​ភ្នំ​នាង​លេ​ម ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​ដូនជី បាន​ប្រព្រឹត្ត​កំហុស​ដដែល​ៗ ច្រើន​លើក​ច្រើន​សារ​» ​។

ការ​សម្រេច​ប្រកាសសេចក្ដី​ជូនដំណឹង​បដិសេធ​មិន​ទ​ទូល​ស្គាល់​ដូនជី ជា ស៊ី​លៀង ពី​សំណាក់​ព្រះសង្ឃ គណៈកម្មការ តា​អា ចារ្យ​វត្ត​ខាងលើ​នេះ បើ​ពិនិត្យ​លើ​សេចក្ដីជូនដំណឹង គឺ​សំអាង​ទៅ​លើ​កំហុស​ចំនួន​០៦​ចំណុច ដែល ដូនជី ស៊ី​លៀង បាន​ប្រព្រឹត្ត ខណៈ​ខ្លួន​កំពុង​សំងំ​​ជ្រកកោណ​ក្រោម​ដំបូល​សាសនា​ ។ កំហុស​ទាំង​០៦​ចំណុច​ដែល​ដូនជី​ចិត្ត​លោភ​បាន​សាង​នោះ​រួម​មាន​៖ ១-កាប់​បំផ្លាញ​ព្រៃឈើរ​ក្នុង​វត្ត ប្រទូស្ដ​ជា​សត្វ​ក្នុង​វត្ត មាន​សត្វ​ស្វា សត្វ​ឆ្មា សត្វ​ប្រជៀវ​ជាដើម (​ហៅ​អ្នក​នៅ​ក្រៅ​វត្ត​មក​ចាប់ ប្រើ​អំ​ពូ​ល​ភ្លើង​កំ​ដៅ​ខ្លាំង​បាញ់​បង្អើល​ប្រជៀវ​ឲ្យ​ចេញពី​ក្នុង​ស្អាង​ភ្នំ​)​។ ២-ប្រមាថគំរាម​បណ្ដេញ​ព្រះសង្ឃ វាយ​ព្រះសង្ឃ និង​គំរាម​​បណ្ដេញ​ដូនជី​ដទៃ​ទៀត​ ។ ៣-មិន​ស្ដាប់​ឱវាទ​​គ្រូ​ចៅអធិការ​វត្ត ប្រើប្រាស់គរុ​ភ័​ណ្ឌ​ខុស​ធ​ម៌​វិន័យ មិន​មានការ​ព្រមព្រៀង​ពី​ព្រះ​សង្ឃ​។ ៤-ប្រើ​អំណាច​គ្រប់គ្រង​ព្រះសង្ឃ ដោយ​មិន​អនុញ្ញាត​​ឲ្យ​ព្រះសង្ឃ​ចេញ​ទេសនា​តាម​ការ​និមន្ត​របស់​បរិស័ទ​។ ៥-ចាត់ ចែង​របស់របរ​ក្នុង​វត្ត​ដើម្បី​ផល​ប្រ​យោ​ជ​ន៍ផ្ទាល់ខ្លួន​ហួងហែង​របស់របរ​ផ្សេង​ៗ​ទៀត ដែល​ជា​របស់​សង្ឃ​។ ៦-ទ​ង្វើ​ខុសឆ្គង​ចុង​ក្រោយ​ថ្មី​ៗ​នេះ គឺ​ហួងហែង​គ្រប់គ្រង​ត្រៃចីវរ​ក្នុង​អង្គកា​ឋិ​ន​ទាន​ចំនួន​២៤​ត្រៃ និងបាន​ប្រគល់​បច្ច័យ​សង្កត់​ត្រៃ​ត្រឹមតែ​ចំ​នួន​៨០៥,០០០​រៀល​ប៉ុណ្ណោះ ដោយ​មិន​ព្រម​ប្រកាស​ក្នុង​កម្មវិធី​បុណ្យ​ឲ្យ​ម្ចាស់​ទាន​ដឹង​ច្បាស់លាស់​។

សេចក្ដីជូនដំណឹង​នេះ បាន​បញ្ជាក់​ចុង​ក្រោយ​ថា «​សេចក្ដី​ដូច​បាន​ប្រគេន​និង​ជំរាប​ជូន​ខាងលើ រាល់​សកម្មភាព​របស់​ដូនជី ជា ស៊ី​លៀង មិន​តំណាង​ឲ្យ​ដូនជី និង​ព្រះសង្ឃ វត្ត​អរិយ​ផល ចាប់ពី​ថ្ងៃ​ចេញ​ប្រកាស​ជូនដំណឹង​នេះ​តទៅ​»​។ ពាក់ព័ន្ធ​កំហុសឆ្គង​របស់​ដូនជី ជា ស៊ី​លៀង បើ​តាម​លោក យ៉ា​ត កំសត់ ដែល​ទើប​ទ​ទូល​តំណែង​ជា​ថ្មី ប្រធាន​អាចារ្យវត្ត​អរិយ​ផល​នេះ បាន​និយាយ​​ថា បើ​និយាយ​ពី​កំហុស​ដែល​ដូនជី ស៊ី​លៀង​នេះ​បាន​ប្រព្រឹត្ត គឺ​ច្រើន​អនេក​​ណាស់ ចាប់​តាំង​ពី​គាត់​មក​ស្នាក់​នៅ​ក្នុង​វត្ត​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ​ ។ លោក​អាចារ្យ​បាន​បន្ត​ថា ក្រៅពី​ប្រព្រឹត្ត​ខុស​០៦​ចំណុច​ខាងលើ យាយ​លៀង បាន​ធ្វើ​ខុស​ធ​ម៌វិន័យ​សាសនា​ធ្ងន់ធ្ងរ​ទៀត ​។ ដូច​ជា កិបកេង​​ប្រាក់​ដែល​ពុទ្ធបរិស័ទ​ចូល​កសាង​វត្ត​រាប់​ពាន់​ដុល្លា​រ ។ គាត់​លាក់លៀម​មិន​ឲ្យ​ចៅ​អធិ​ការ ឬ គណៈកម្មការ​ដឹង ហើយ​ម្ចាស់​ទាន​គេ​មិន​បានដឹង​អំពី​គំនិត​​ដ៏​អាក្រក់​របស់​យាយ​លៀង​ទេ ព្រោះ​សំដី​គាត់​ល្អ តែ​គំនិត​អាក្រក់​ ។ យាយ​លៀង តែងតែ​លួច​លក់​សម្ភារ​នានា មិន​ថា ជា​របស់​ក្នុង​វត្ត ឬ​របស់​សង្ឃ​ទេ​។ សូ​ម្បី​តែ​ទឹក​សុទ្ធ ទឹកត្រី ទឹក​ស្អៀ​វ ឬ គ្រៀង​អាហារ​ផ្សេង​ៗ ដែល​ពុទ្ធបរិស័ទ​យក​ទៅ​ប្រគេន​ព្រះសង្ឃ គឺ យាយ លៀង ដឹក​យក​ទៅ​លក់​ទាំងអស់​ មិន​ទុក​ធ្វើ​ចង្ហា​ន់​ព្រះសង្ឃ​ទេ​ ។

ព្រោះ​រូប​លោក​ជា​អ្នក​ធ្លាប់​ត្រូវ​យាយ​លៀង ប្រើ​ឲ្យ​ដឹក​យក​ទៅ​លក់​ឲ្យ​គាត់​ផ្ទាល់​។ តា​អាចារ្យ បាន​បកអាក្រាត​យាយ​លៀង ដែល​បាន​កិបកេង​​បច្ច័យ​អង្គ​កឋិនទាន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា «​យាយ​លៀង អាច​លួច​កិប​កេង​​ប្រាក់​សង្កត់​ត្រៃ​អង្គ​ឋិ​ន​ទាន ដែល​មាន​លើស​ពី​២៤​ត្រៃ​ ។ គាត់​និយាយ​ថា នៅ​ចុង​ម៉ោង​នៃ​ពិធី​​បុណ្យ យាយ លៀង បាន​ព្យាយាម​គេច​វែ​ស​មិន​ព្រម​ប្រគល់​ត្រៃ​ ឬ​ប្រាក់​សង្កត់​ត្រៃ​ឲ្យ​ទៅ​គណៈកម្មការ ដើម្បី​ប្រកាស​នៅ​ចំពោះ​មុខ​ម្ចាស់​ទាន​ទេ រហូត​ទាល់តែ​គណៈកម្មការ​បង្ខំ​ទាមទារ ទើប​គាត់​ព្រម​ប្រគល់​ត្រៃ​ចំនួន​២៤​ត្រៃ និង​ប្រាក់​សង្កត់​ត្រៃ​ចំនួន​៨០៥,០០០​រៀល​ប៉ុណ្ណោះ ដែល​ស័ក្តសមនឹង​ប្រាក់​សង្កត់​ត្រៃ ដែល​ម្ចាស់​ទាន​បាន​ធ្វើ​នោះ​ទេ ​។ លោក យ៉ា​ត កំសត់ បាន​បញ្ជាក់​ថា ដោយសារ​តែ​ចំនួន​ប្រាក់​សង្កត់​ត្រៃ​ដែល​មិន​គួរ​ឲ្យ​ជឿ​នេះ ក្រោយ​​បញ្ចប់​កម្មវិធី​បុណ្យ​ម្ចាស់​ទាន​២​នាក់ បាន​អះអាង​ថា គាត់​ទាំង​២​នាក់ បាន​ដាក់​ប្រាក់​សង្កត់​ត្រៃ​ក្នុង​ម្នាក់​ៗ​ចំនួន​១០០​ដុល្លារ ចុះ​ហេតុ​អី​បានជា​ត្រៃ​រហូត​ដល់​ទៅ​២៤​ត្រៃ បែរជា​មាន​ទ​ទូល​បាន​ប្រាក់​សង្កត់​ត្រែ​ត្រឹ​ម​តែ​ជាង​៨០​ម៉ឺន​រៀល​ទៅ​វិញ ?

ត្រង់​ចំណុច​នេះ ទាំង​ម្ចាស់​ទាន ទាំង​ពុទ្ធបរិស័ទ​ដទៃ​ទៀត និងគណៈកម្មការ​វត្ត​ផង បាន​ដាក់​ការ​សង្ស័យ​ថា «​យាយ​លៀង​ប្រាកដជា​លួច​កឹបកេងបច្ច័យ​អង្គ​កឋិនទាន​នេះ​រាប់​លាន​រៀល​ហើយ​»​។ យ៉ាងណា​ក្ដី ងាក​មក​មើល​សកម្មភាព ដូនជី ជា ស៊ី​លៀង វិញ ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ​បាត់​បច្ច័យ​អង្គ​កឋិនទាន និង បន្ទាប់​ពី​ដឹង​ថា ព្រះសង្ឃ គណៈកម្មការ និង អាចារ្យវត្ត ចេញ​សេចក្ដី​ប្រកាស​បដិសេធ​មិន​ទ​ទូល​ស្គាល់​គាត់​ជា​ដូនជី នៅ​ក្នុង​វត្ត​បន្ត​ទៀត ស្រាប់តែ​គេ​ឃើញ​ដូនជី​រូប​នេះ បាន​ស្ទុះស្ទារ​រត់​ទៅ​សុំ​ជំនួយ​ពី​មន្ត្រី​សង្ឃ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ស្និត​នឹង​គាត់ ដើម្បី​អន្តរា​គម​ន៏​ក្នុង​រឿង​នេះ​។ ជា​ពិសេស​គាត់​បាន​ទៅ​សុំ​ជំនួយ​ពី​លោក គុយ វ​ណ្ណូ អភិបាលស្រុក​រតន​មណ្ឌល ដើម្បី​ឲ្យ​ជួយ​គាត់​បាន​រស់នៅ​ក្នុង​វត្ត​អរិយ​ផល​បន្ត​ទៀត​។ នៅ​រសៀល​ថ្ងៃ​ទី ២៣ វិច្ឆិកា លោក គុយ វ​ណ្ណូ បាន​កោះ​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ និងផ្នែក​សាសនា​ប៉ុន្មាន​នាក់ មាន​ទាំង​មន្ត្រី​សង្ឃ​នៅ​ក្នុងស្រុក ព្រះ​តេជ​គុណ ជា និវត្ត ចៅអធិការ​ស្រី​ទី វត្ត​អរិយ​ផល និង ដូនជី ជា ស៊ី​លៀង ឲ្យ​ចូល​ជួប​ដោះស្រាយ​គ្នា​ពី​បញ្ហា​វិវាទ​នេះ នៅ​ក្ន​ង​សាលា​ស្រុក​។

ប៉ុន្តែ​បើ​តាម​ព័​ត៌​មាន​ជំ​នួប​រក​ដំណោះស្រាយ​នេះ គឺ​ភាគី​ខាង​ព្រះ​តេជគុណ ជា និវត្ត ត្រូវ​បាន​លោក​ចៅហ្វាយស្រុក អនុញ្ញាត​​ចូល​តែ​មួយ​អង្គ​ឯង​ប៉ុណ្ណោះ បើ​ទោះជា​មាន​ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យវត្ត​ អមដំណើរ​មក​ជាមួយ​ប៉ុន្មាន​នាក់​ទៀត ក៏​គេ​មិន​ឲ្យ​ចូល​ស្ដាប់​ដែរ រីឯ​ភាគី​ខាង​យាយ លៀង ក៏​មាន​ម្នាក់ឯង​ដែរ តែ​ក្រុម​អ្នក​តាមដាន បាន​អះអាង​ថា មន្ត្រី​ប៉ុន្មាន​នាក់ ក្នុង​នោះ​មាន​លោក​ចៅហ្វាយស្រុក ចៅហ្វាយស្រុក​រង រួម​ទាំង​មន្ត្រី​សង្ឃ​មួយ​អង្គ​ទៀត សុទ្ធតែ​ស្ថិត​នៅ​ខាង​ភាគី​យាយ​លៀង​ទាំងអស់​។

ពីព្រោះ​ពេល​ចាប់ផ្ដើម​ពិភាក្សា គឺ មន្ត្រី​ទាំងនោះ​សុទ្ធតែ​និយាយ​លំអៀង​ទៅ​ខាង​យាយ​លៀង បើ​ទោះជា​ព្រះ​តេជគុណ ជា និវត្ត បាន​ទាញហេតុផល នៃ​កំហុស​របស់​យា​លៀង និង ភស្ដុ​តាង​គ្រប់គ្រាន់​យ៉ាងណា​ក្ដី ក៏​មន្ត្រី​ប៉ុន្មាន​នាក់​នោះ នៅ​តែ​ទទូច​សុំ​ឲ្យ​មានការ​អនុគ្រោះ​ដល់​យាយ​លៀង​ដែរ​ ។ ពោល គឺ មន្ត្រី​ប៉ុន្មាន​នាក់​នោះ មិន​ចង់​ឲ្យ​មានការ​បណ្ដេញ​យាយ​លៀង ចេញពី​វត្ត​ ។ ដោយសារ​ដំណោះស្រាយ​ហាក់​មាន​ភាព​លំអៀង​បែប​នេះ​ហើយ ទើប​ពុទ្ធបរិស័ទ​មួយ​ចំនួន ដាក់​ការ​សង្ស័យ​ថា អាជ្ញាកណ្ដាល​ទំនង ជា​អាច​បាន​សើ​មមាត់ សើ​ម.ក​ពី​យាយ​លៀង​ខ្លះ​ៗ​ហើយ ទើប​បានជា​មើល​កំហុស​យាយ​លៀង​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ​ មិនឃើញ​បែប​នេះ​។

កោះសន្តិភាព មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក គុយ វ​ណ្ណូ អភិបាលស្រុក​រតន​មណ្ឌលបាន​នៅឡើយ​ទេ ​ជុំវិញ​ការ​ជួប​រក​ដំណោះ​ស្រាយ​នេះ​។ ប៉ុន្តែ​ព្រះ​តេជគុណ ជា និវត្ត ចៅអធិការ​ស្តីទី វត្ត​អរិយ​ផល បាន​មាន​សង្ឃដីកា​ថា បើ​តាម​ស្ដាប់ការ​លើក​ឡើង​របស់​អ្នកចូលរួម​រក​ដំណោះស្រាយ គឺគេ​នាំ​គ្នា​គាបសង្កត់​ព្រះ​អង្គ មិន​ឲ្យ​បណ្ដេញ​យាយ​លៀង​ចេញពី​វត្ត តែ​គេ​មិន​បាន​ពិចារណា​ទៅ​លើ​កំហុស​យាយ​លៀង​ទេ​។

លោក​អភិបាលស្រុកបាន​ស្នើ​សុំ​ឲ្យ​ព្រះ​អង្គ​យោគយល់​ដល់​យាយ​លៀង ដោយ​ប​ញ្ឈប់​សកម្មភាព​យាយ​លៀង មិន​ឲ្យ​ធ្វើ​អ្វី​ផ្តេសផ្ដាស់ទៀត​ទេ គឺ​សុំ​ឲ្យ​គាត់​ស្នាក់​នៅ​ក្នុង​វត្ត​ដូច​ធម្មតា​។ ព្រះ​អង្គ​បាន​ចាត់​ទុក​ការ​រៀបចំ​ជំនួប​បែប​នេះ​ថា វា​ខុស​នឹង​ច្បាប់​សង្ឃ ដែល​រឿងរ៉ាវ​សាសនា គួរតែ​ត្រូវ​ដោះស្រាយ ដោយ​មន្ទីរ​សាមី មិនមែន​ដោះស្រាយ​នៅ​សាលាស្រុក ដឹកនាំ​ដោយ​លោក​ចៅហ្វាយស្រុក​ដូច្នេះ​ទេ​។ ប៉ុន្តែ​យ៉ាងណា ព្រះ​អង្គ​មិន​ទាន់​បាន​សម្រេច​យ៉ាងណា ដោយ​អង្គ​ឯង​តាម​ការ​ស្នើ​សុំ​របស់​លោក​ចៅហ្វាយស្រុក​ទេ គឺ​ស្ថិត​នៅ​លើ​ការ​ប្រជុំ​ពិភាក្សា​គ្នា​របស់​ព្រះសង្ឃ គណៈកម្មការ អាចារ្យ និង ពុទ្ធបរិស័ទ តើ​ត្រូវ​មាន​វិធានការ​បែប​ណា​ចំពោះ ដូនជី ជា ស៊ី​លៀង ? ​

អត្ថបទសរសេរ ដោយ