ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​ ហ៊​ន ថា​វី ពិការ​តែ​កាយ​ មិន​ពិការ​ចិត្ត​ សុខចិត្ត​រុញ​រទេះ​លក់​នំ​ចល័ត​លើ​ដងផ្លូវ

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នានា​នៅ​ភ្នំពេញ​ជូន​កាល​គេ​នឹង​ឃើញ​ស្ត្រី​ម្នាក់​ជិះ​លើ​រទេះរុញ ចល័ត​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​លក់​នំ​ ឬ​អាហារ​សម្រន់ដើម្បី​ចិញ្ចឹមជីវិត នៅ​ក្នុង​ពិការ​ភាព​ដ៍​លំបាក ប៉ុន្តែ​គាត់​សុខចិត្ត​លំបាក​កាយ ផ្សងគ្រោះថ្នាក់ មិន​លើកដៃ​សុំ​ប្រាក់​គេ​នោះ​ទេ ​។…

រាជធានីភ្នំពេញ ៖ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នានា​នៅ​ភ្នំពេញ​ជូន​កាល​គេ​នឹង​ឃើញ​ស្ត្រី​ម្នាក់​ជិះ​លើ​រទេះរុញ ចល័ត​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​លក់​នំ​ ឬ​អាហារ​សម្រន់ដើម្បី​ចិញ្ចឹមជីវិត នៅ​ក្នុង​ពិការ​ភាព​ដ៍​លំបាក ប៉ុន្តែ​គាត់​សុខចិត្ត​លំបាក​កាយ ផ្សងគ្រោះថ្នាក់ មិន​លើកដៃ​សុំ​ប្រាក់​គេ​នោះ​ទេ ​។ អ្នកស្រី​ ហ៊​ន ថា​វី​ ហៅ​ ភួ​ន ផា មាន​អាយុ​ ៤៣ ​ឆ្នាំ ជា​អតីត​បុគ្គលិក​អង្គការ​មួយ បាន​ចាប់​យកមុខ​របរ​លក់​អាហារ​សម្រន់​តាម​រទេះ​ច្នៃ​មួយ​គ្រឿង ជិត ​១០ ​ឆ្នាំ​មកហើយ ​។

ស្ត្រី​ពិការ​រូប​នេះ បច្ចុប្បន្ន​ស្នាក់​ផ្ទះ​ជួល​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​បាន​រៀបរាប់​ពី​ជីវិត ដែល​នាំ​ឲ្យ​គាត់​ធ្លាក់ខ្លួន​ពិការ​ដូច្នេះ​ថា ក្រោយ​ពី​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ស្វាមី ដែល​ជា​យោធា កាលពី​ឆ្នាំ​ ២០០១ អ្នកស្រី​ត្រូវ​មើលថែកូនស្រី​ម្នាក់ក្នុង​ភាព​ជា​ស្ត្រី​មេម៉ាយ​ ។ អ្នកស្រីបាន​នាំ​កូន​ទៅ​រស់នៅ ​និង​បាន​សិក្សា​ជាមួយ​អង្គការ​មិត្ត​ជួយ​មិត្ត​នៅ​ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ត្បូងឃ្មុំ​ ។ ជា​សំណាងអាក្រក់​នៅ​ថ្ងៃមួយ គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ដែល​បណ្តាលឲ្យ​​ធ្លាក់​ខ្លួនជាជន​ពិការ​​ដើរ​មិនបាន ក្រោយ​ពី​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​រយៈ​នោះ​ ។

ក្រោយ​ពី​ជាពី​មុខរបួស​ និង​ធ្លាក់ខ្លួន​ពិកា​រមួយ​ចំហៀង​ខ្លួន អ្នកស្រី​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ នៅ​ស្រុក​កំណើត​បាន​មួយ​រយៈ ដោយ​មិន​អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​បាន អ្នកស្រី​បាន​សម្រេចចិត្ត ដឹក​ដៃ​កូនស្រី​ចាក់​ចេញពី​ស្រុក​កំណើត​មក​រស់​ក្រុងភ្នំពេញ​ដោយ​ជួល​ផ្ទះ​គេ​នៅ​ម្តុំ​ស្ពានដែក ​ខណ្ឌដង្កោ និង​បាន​ចាប់​មុខរបរ​លក់​ផ្កាម្លិះ​តាម​ភ្លើងស្តុប​ ។

«មិន​ថា​ភ្លៀង​ ឬ​ក្តៅ​ហួ​ន​ហែង​យ៉ាងណា​ទេ ​ខ្ញុំ​បន្ត​លក់​រហូត​ដើម្បី​សន្សំ​លុយ​ទុក​ចិញ្ចឹម​កូន​ផង ទុក​ឲ្យ​ថ្លៃ​ឈ្នួល​ផ្ទះ​គេ​ផង ​។ ការ​រស់នៅ​វា​លំបាក​ណាស់ គេ​អាច​ដើរ​បាននៅ​លំបាក​ចុះ​ទម្រាំ​យើង​ពិការ​ ។ តែ​ខ្ញុំ​មិន​ចុះចាញ់​ទេ ​។ តស៊ូ​ជា​និច្ច​ធ្វើ​ម្តេច​បើ​នេះ​ជា​កម្មផល ដែល​ធ្លាក់​មក​យើង ​។ គ្រប់​គ្នា​សុទ្ធតែ​មានទុក្ខ មានការ​លំបាក​ ដូច្នេះ​ខ្ញុំ​មិន​លើកដៃ​សុំទាន​គេ​ទេ» អ្នកស្រី​ ហ៊​ន ថា​វី និយាយ​ទាំង​ទឹកមុខ​ស្ងួត​ ។

បច្ចុប្បន្ន​ក្រៅពី​ការ​រក​លុយ​ចិញ្ចឹមជីវិត​ដោយ​លំបាក តែ​អ្នកស្រីនៅ​ធ្វើបុណ្យ​ទាន​តាម​សទ្ធា​ទៀត​ ។ អ្នកស្រី​ ថា​វី និយាយ​បន្ត​ទៀត​ថា អស់​រយៈពេល​ ៧​ ឆ្នាំ​កន្លង​មក​ហើយ​ដែល​គាត់​បាន​ចាប់​យកមុខ​របរ​លក់​ផ្កាម្លិះ​តាម​ភ្លើងស្តុប​ពេល​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​មិន​ឲ្យ​លក់ដូរ​នោះ​ទេ ដោយ​បាន​ដេញចាប់​ និង​ឃាត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មូ​យ ​។ ក្រោយ​ពី​គាត់​បាន​ខិតខំ​សន្សំ​សំចៃ​មួយរ​យៈមក បាន​ទិញ​រទេះ​ច្នៃ​សម្រាប់​ជន​ពិការ​យក​មក​ធ្វើ​ជាយា​ន្ត​ជំនិះ សម្រាប់​ដាក់​អាហារ​សម្រន់ មាន​ដូច​ជា ៖ ចេកឆាប នំថង់​ងួ​ន នំដង្កូវ និង​មាន​នំ​ជា​ច្រើន​មុខ​ទៀត ដើរ​លក់​តាម​ដងផ្លូវ​នេះ ​។

ស្ត្រី​ពិការ​ខាងលើ​ឲ្យ​ដឹង​ថា ​ក្នុង​មួយ​ថ្ងៃ​ៗ​គាត់​ត្រូវ​ជិះរទេះ​ច្នៃ​ដែល​ទៅ​មុខ​ដោយ​ប្រើ​ដៃ​បង្វិល​កង់​នេះ ធ្វើ​ដំណើរ​ជុំវិញ​ក្រុងភ្នំពេញ​នៅ​ក្នុង​ការ​លក់​នំ​ដែល​ជា​អាហារ​សម្រន់​នេះ ​។ មួយ​ថ្ងៃ​ៗ​គាត់​លក់​បាន​ទាំង​ដើម ទាំង​ចុង​បាន​លុយ​ពី​ ៣០ ​ទៅ ​៤០​ ម៉ឺន​រៀល​ ៕