ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​អ្នកមាន​ប្រាក់​ទិញ​យក្ស​យាម​ដី

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស មាន​ប្រតិកម្ម​លើក​ឡើង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត​រឿង​ឈ្មួញ​ឈ្មោះ​ម៉ៅ វឿ​ន ជា​អ្នក​ចាប់ដី​ព្រៃ​រដ្ឋ​ឈូស​ឆាយ​ទន្ទ្រាន​យក​លក់​ឱ្យ​គេ​តាម​ទំនើងចិត្ត និង​បក្សពួក​នោះ មក​ដល់​ពេល​នេះ ​ជាង​១​ខែ​ហើយ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​បែប​ណា ពី​អាជ្ញាធរ​ខេត្ត​នៅឡើយ ដែល​ករណី​នេះ ត្រូវ​ប្រជាពលរដ្ឋ​

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស មាន​ប្រតិកម្ម​លើក​ឡើង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត​រឿង​ឈ្មួញ​ឈ្មោះ​ម៉ៅ វឿ​ន ជា​អ្នក​ចាប់ដី​ព្រៃ​រដ្ឋ​ឈូស​ឆាយ​ទន្ទ្រាន​យក​លក់​ឱ្យ​គេ​តាម​ទំនើងចិត្ត និង​បក្សពួក​នោះ មក​ដល់​ពេល​នេះ ​ជាង​១​ខែ​ហើយ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​បែប​ណា ពី​អាជ្ញាធរ​ខេត្ត​នៅឡើយ ដែល​ករណី​នេះ ត្រូវ​ប្រជាពលរដ្ឋ​ចោទ​ថា អ្នកមាន​លុយ​គេ​ចំណាត់ការ​មិនកើត​ទេ តែបើ​អ្នកស្រែ​ចំការ​តូចតាច​វិញ​ប្រហែលជា​ត្រូវ​ចាប់​ឃុំខ្លួន​បាត់​ហើយ​។

អ្នកស្រុក​ភូមិ​ក្តុល​បន្ត​ថា ឈ្មោះ​ម៉ៅ វឿ​ន ជា​អ្នកមាន​គ្រឿងចក្រ​ឈូស​ឆាយដី និង​បក្សពួក​បាន​ទន្ទ្រាន​ចាប់​យក​ដី​ព្រៃ​រដ្ឋ​ជា​ច្រើន
ហិ​កតា​នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ និង​ឈូស​ឆាយ​បំផ្លាញ​ដី​ព្រៃ យក​ដី​លក់​បន្ត​ឱ្យ​ឈ្មួញ​ផ្សេង​ៗ​ទៀត ។ ករណី​នេះ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ចុះ​ស្រាវជ្រាវ​ជាង​១​ខែ​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ចាត់ការ​ឈ្មួ្ញ​កំហូច​នោះ​ឡើយ ។ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ក្តុល កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ថា​តើ​ហ៊ាន​ចាត់ការ​តាម​នីតិវិធី​ទៅ​លើ​ជន​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​ដែរ ឬទេ​។

ទាក់ទង​នឹង​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ឧសភា​២០១៦ នេះ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​បញ្ជាក់​ថា ក្នុង​ករណី​ឈ្មួញ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស មក​ដល់​ពេល​នេះ ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត​ចុះ​ទៅ ស្រាវជ្រាវ​នោះ​បាន​បញ្ចប់​ហើយ រង់​ចាំតែ​ការ​កោះ​ប្រជុំ​បំភ្លឺ​ពី​ជំនាញ​នីមួយ​ៗ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ជាមួយ​លោក​ប៉ុណ្ណោះ ។

ដោយឡែក ការ​យឺតយ៉ាវ​ក្នុង​ការ​ចំណាត់ការ​ក្នុង​រឿង​នេះ ដោយសារ​តែ​ក្នុង​ខែមេសា និង​ឧសភា​នេះ ខេត្ត​យើង​ជួប​គ្រោះ​ប្រជា ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់ ដូចនេះ​គ្រប់​មន្ត្រី​របស់​អាជ្ញាធរ​ខេត្ត​ទាំងអស់ ត្រូវ​ចុះ​ជួយ​ប្រជាពលរដ្ឋ​សិន ។ ពេល​ការងារ​ជួយ​ផ្តល់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់ គ្រាន់​ហើយ​នោះ លោក​នឹង​កោះហៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មក​បំភ្លឺ និង​ចំណាត់ការ​តាម​ផ្លូវច្បាប់ គឺ​មិន​ឱ្យ​ជន​ណា​ម្នាក់​ដែល​បំផ្លាញ​ព្រៃឈើ​របស់​រដ្ឋ បែរជា​រួចខ្លួន​នោះ​បាន​ឡើយ​។

គួរ​បញ្ជាក់​ថា រឿង​ឈ្មោះ​ម៉ៅ វឿ​ន ជា​ឈ្មួញ​គក់​ជេរ​ដី​និង​បក្ខពួក​បាន​យក​គ្រឿងចក្រ​ជា​ច្រើន គ្រឿង​ទៅ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ នៅ​ក្បែរ​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ អស់​រាប់រយ​ហិ​កតា បន្ទាប់​មក​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ក្តុល​បាន​នាំ​គ្នា​ប្តឹង​ពី​ឈ្មោះ​នេះ និង​បក្សពួក បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១​ខែ​ហើយ តែ​រឿង​នេះ​បែរជា​ស្ងាត់ឈឹង​ទៅ​វិញ ។