ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន២០០​គ្រឿង​ចាប់​ដំណើរការ​ដឹក​ដី​ចាក់​លុប​សមុទ្រ​

2 ឆ្នាំ មុន
  • កំពត

រថយន្ត​បែន​តូច​ធំ​ជាង​២០០​គ្រឿង បាន​ចាប់​ដំណើរការ​ដឹក​ដី​ចេញពី​ជួរ​ភ្នំព្រះ ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប យក​ទៅ​ចាក់​លុប​សមុទ្រ ដែល​ជា​គម្រោង

ខេត្ត​កែប ៖ រថយន្ត​បែន​តូច​ធំ​ជាង​២០០​គ្រឿង បាន​ចាប់​ដំណើរការ​ដឹក​ដី​ចេញពី​ជួរ​ភ្នំព្រះ ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប យក​ទៅ​ចាក់​លុប​សមុទ្រ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ ដើម្បី​ពង្រីក​ឆ្នេរ​ប្រវែង​២.៧០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ។

ទោះបីជា​បែប​ណា​គេ​បានដឹង​ថា រថយន្ត​បែន​ដឹក​ដី​កង់​១០ កាលពីដើម​ខែវិច្ឆិកា​នេះ បាន​ដឹក​ដី​ចាក់​លុប​សមុទ្រ​ទៅ​តាម​មុខសញ្ញា​នីមួយ​ៗដែល​ក្រុមហ៊ុន​ឯកជន​ដេញថ្លៃ​បាន ។ ប៉ុន្តែ​បាន​ផ្អាកដំណើរការ​វិញ​ដោយសារ​តែ​ផ្លូវ​អ៊ុត​កៅស៊ូ​ចាប់ពី​សេះស​ទៅ​ដល់​ចំណុច​រថយន្ត​ចូល​ទៅ​ចាក់​ដី បានបែក​និង​ប្រេះ​ខូច​អស់​ដោយសារ​ទប់​ទ្រ​ទម្ងន់​រថយន្ត​ដឹក​ដី​មិន​បាន ។ ពេល​នោះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ឱ្យ​ផ្អាក​សកម្មភាព​មួយ​រយៈ​សិន ដោយ​រង់ចាំ​ផ្លូវ​ស្ងួត​ទើប​ដំណើរការ​ដឹក​ដី​បន្ត ។

ដោយសារ​តែ​ពេលវេលា​មាន​កំណត់ នៅ​ព្រឹកថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆាំ្ន​២០២១ រថយន្ត​ដឹក​ដី​មកពី​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​ចំនួន​ជាង​២០០​គ្រឿង ក៏ចាប់ផ្តើម​ដំណើរការ​ដឹក​ដី​ចេញពី​ជួរ​ភ្នំ​ព្រះ​យកទៅ​ចាក់​លុប​សមុទ្រ​ពង្រីក​ឆ្នេរសមុទ្រ​ជា​ថ្មី​ទៀត ទោះបី​ផ្លូវ​មាន​ស្ថានភាព​អាក្រក់​ក៏​ដោយ គឺ​ធ្វើ​ផ្លូវ​បណ្ដើរ​ដឹក​ដី​បណ្ដើរ ។

លោក ម៉​ម ទូច ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត បានឱ្យ​ដឹង​ថា ការ​ដឹក​ដី​ចាក់លុប​ពង្រីក​ឆ្នេរ​នេះ​ជា​ការងារ​អភិ​វឌ្ឍន៍​ឆ្នេរ​ខ្សាច់កម្សាន្ត​កម្រិត​ខ្ពស់ ប្រវែង​ជិត​៣​គីឡូម៉ែត្រ ។ ការ​ដឹក​ដី​ចាក់​ពង្រីក​ឆ្នេរ​នេះ គឺ​កំណត់​៥​ខែ ត្រូវចាក់​លុប​ឱ្យ​ហើយ​រួចរាល់ ។ ចំណែក​ផ្លូវ​ដែល​ខូច​ខាត ក្រុមហ៊ុន​ធានា​ធ្វើ​សង​វិញ​ក្រោយ​ពី​បញ្ចប់​សកម្មភាព​ដឹក​ដី ព្រោះ​ផ្លូវ​ម្ខាង​នេះ​ចែក​ដាច់​ឱ្យ​រថយន្ត​ដឹក​ដី​ធ្វើ​ចរាចរណ៍​ទាំង​ទៅ​ទាំង​មក មិន​ឱ្យ​ប៉ះពាល់​ផ្លូវ​ម្ខាង​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ