ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​កីឡា​ទោច​ក្រ​យាន្ត ទទូច​រឿង​ការ​ប្រើ​​សារធាតុ​​ញៀ.ន និង​​ថ្នាំ​​ប៉ូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ទោចក្រយាន កម្រិត​១ កាលពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ទោចក្រយាន កម្រិត​១ កាលពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) កន្លង​ទៅ ប្រធាន​សហព័ន្ធ​កីឡា​នេះ បាន​លើក​ឡើង​ពី​បញ្ហា​សារធាតុ​​ញៀ.ន និង ថ្នាំ​ប៉ូវ ថា​ជា​ហានិភ័យ​របស់​កីឡាករ ខណៈ​ដែល​លោក​ទទូច​អោយ​កីឡាករ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ទប់ស្កាត់​លើ​បញ្ហា​នេះ អោយ​បាន​ល្អ​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​រូប​នេះ ក៏​ជឿជាក់​ថា តាម​រយៈ​ការ​បណ្ដុះបណ្ដាល ដែល​បាន​ធ្វើ​ឡើង​នឹង​ជួយ​ពង្រឹងសមត្ថភាព​កីឡាករ និង​មន្ត្រី​ជា​គ្រូ​បង្គោល និង​ត្រូវធ្វើ​យុទ្ធនាការ​កុំអោយ​ពាក់ព័ន្ធ​នឹង​សារ​ធាតុ​ញៀ.ន ឬ ថ្នាំ​ប៉ូវ ដែល​នាំ​អោយ​ប៉ះពាល់​ដល់​ការ​ចូល​ប្រកួត និង​ការ​ចូលរួម​ប្រកួត​នានា​របស់​កីឡាករ​ផង​ដែរ​។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​លើក​ឡើង​ថា គ្រឿង​ស្រវឹង សារធាតុ​ប៉ូវ​កម្លាំង ឬ​សារធាតុ​ញៀ.ន​ជាដើម គឺជា​អ្វី​ដែល​សហព័ន្ធ​ទាំងមូល​ត្រូវ​តែ​ជៀស​អោយ​ឆ្ងាយ ហើយ​កីឡាករ​ទាំងអស់ ដែល​ត្រូវការ​ការ​បង្កើន​កម្លាំង​អោយ​បាន​រឹង​មាំ គឺ​ដាច់ខាត​ត្រូវ​តែ​ខំ​ហ្វឹកហាត់ និង ថែ​សុខភាព ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង សារ​ធាតុ​ញៀ.ន ឬ ថ្នាំ​ប៉ូវ​ណាមួយ ដែល​ខុស​ប្រក្រតី​ឡើយ​។

លោក​ទទូច​អោយ​គណៈកម្មការ​មាន​វិធានការ​ជួយ​ទប់ស្កាត់​លើ​បញ្ហា​នេះ​អោយ​បាន​ទាំងស្រុង នៅ​ក្ន​ង​សហព័ន្ធ​ទាំងមូល ស្រប​ពេល​ដែល​លោក​ក៏​ចាត់​ទុក​ថា ការ​បណ្ដុះបណ្ដាល​ដែល​បាន​ធ្វើ​ឡើង​កន្លង​មក ក៏​ជា​វគ្គ​ដ៏​សំខាន់​មួយ ដើម្បី​ជួយ​ពង្រឹង​ដល់​គុណភាព​ចំណេះដឹង​របស់​គ្រូបង្វឹក​កីឡា​ទោចក្រយាន​កម្ពុជា ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។ វគ្គ​សិក្សា​នេះ លោក​ថា គឺជា​ការ​សិក្សា​តាម​របៀបរបប​បច្ចេកទេស​អន្តរជាតិ​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ (UCI) ដោយ​ផ្តោត​សំខាន់​លើ​មេរៀន​គន្លឹះ​សំខាន់​ៗ​ចំនួន​១០​មេរៀន ក្នុង​នោះ ផ្ដល់​អោយ​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​នីមួយ​ៗ នូវ​ការ​ចែករំលែក​មេរៀន​អំពី​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា (​ដូ​ពីង ឬ​ដូ​ប៉ា​) ដូច​ជា​គ្រឿង​ស្រវឹង សារធាតុ​ប៉ូវ​កម្លាំង ឬ​សារធាតុ​ញៀ.ន​ជាដើម ដែល​ត្រូវ​តែ​រួម​គ្នា​បង្ការ​អោយ​បាន​ដាច់ខាត​។

លោក​ថា ដើម្បី​សម្រួច​គោលដៅ​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត គឺ​មន្ត្រី និង​កីឡាករ​ទាំងអស់​ត្រូវ​តែ​ដឹង​ពី​ចំណេះដឹង​ដែល​បាន​បង្ហាញ ហើយ​អ្វី​ដែល​សំខាន់​ជាងគេ គឺ​ត្រូវ​តែ​ដឹង​ថា​អ្វីខ្លះ​គឺជា​គ្រឿង​ហាមឃាត់​នៅ​ក្នុង​វិស័យ​កីឡា ជា​ពិសេស​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា ក៏​ត្រូវ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ត្រូវ​តែ​យល់​ដឹង​ពី​ចំណេះដឹង​នេះ​។

លោក​អគ្គលេខាធិការ​បន្ថែម​ទៀត​ថា សហព័ន្ធ​នឹង​បន្ត​ផ្ដល់​វគ្គ​មូលដ្ឋាន​ដ៏​សំខាន់​បែប​នេះ អោយ​បាន​ច្រើន ដោយ លោក​ស្នើ​ឲ្យ​សិក្ខាកាម​ជា​គ្រូបង្វឹក​ទាំងអស់ គប្បី​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្រេប​យកចំណេះ​វិជ្ជា ពី​គ្រូឧទ្ទេស​ឲ្យ​បាន​ល្អ​ដើម្បី​ឆ្លង​ទៅ​ចូលរួម​វគ្គ​សិក្សា​កម្រិត​២ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ពាក់កណ្តាល​ឆ្នាំ​២០២២ និង​កម្រិត​៣​បន្ត ដែល​គ្រោង​ធ្វើ​នា​ចុងឆ្នាំ​២០២២​។ សម្រាប់​វគ្គ​សិក្សា​កម្រិត​អន្តរជាតិ​កម្រិត​៣ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​ស្នើ​សុំ UCI បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​រយៈពេល​៣​ខែ នៅ​ប្រទេស​ស្វី​ស តែ​ម្តង ដោយ​ការ​សិក្សា​ក្នុង​ក​ម្រឹត​ទី​៣​នេះ គឺ​កម្ពុជា​មាន​លទ្ធភាព​បញ្ជូន​អោយទៅ​ទទួល​ការ​បណ្ដុះបណ្ដាល​បាន​ច្រើន អោយ​តែ​សិក្ខាកាម​ជា​គ្រូបង្វឹក​ទាំងអស់ ប្រឡង​ជាប់​តាម​កម្រិត​នីមួយ​ៗ ដែល​ទទួលស្គាល់​ពី UCI​។

លោក នូ ចំរើន ក៏​បាន​លើកទឹកចិត្ត​ដល់​គ្រូបង្វឹក​ទាំងអស់​ឲ្យ​ប្រឹងប្រែង ដើម្បី​គោលដៅ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​របស់​កម្ពុជា ហើយ​ទាំង​អស់នេះ ក៏​ជា​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា ឆ្ពោះទៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ហើយ​អ្វី​ដែល​ពិសេស គឺ​កម្ពុជា​ទើប​ទទួល​បាន​សិទ្ធិ​ជា​ផ្លូវការ​ពី​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម ក្នុង​ការ​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី (ASIAN Youth Games) នា​ឆ្នាំ​២០២៩ ខាង​មុខ ដោយ​នឹង​ប្រើប្រាស់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ខណៈ​ប្រភេទ​កីឡា​ទោចក្រយាន​កម្ពុជា ក៏​ត្រៀមខ្លួន​ចូលរួម​រៀបចំ និង​ចូលរួម​ការ​ប្រកួត​កីឡា​ទោចក្រយាន ក្នុង​ព្រឹត្តិការណ៍​យុវជន​អាស៊ី​នេះ​ផង​ដែរ​។

លោក​ថា សហព័ន្ធ​ទាំងមូល​កំពុង​តែ​មានការ​ឈាន​ឡើង តែ​ទន្ទឹម​នឹង​ការ​រីក​ចំរើន ក៏​ត្រូវ​តែ​ប្រាកដ​ពី​ភាពរឹងមាំ ដែល​មិន​ពាក់ព័ន្ធ​នឹង​សារ​ធាតុ​​ញៀ.ន​ផ្សេង ឬ​គ្រឿង​ប៉ូវ ដែល​អន្តរជាតិ​មិន​ទទួលយក​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ