ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​ថ្ងៃ​បុណ្យអុំទូក​ប្រតិបត្តិ​ករ​ទេសចរណ៍​ប្រឹងប្រែង​បម្រើភ្ញៀវ​អស់ពី​ចិត្ត

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ បី​ថ្ងៃ​មកនេះ ប្រតិបត្តិ​ករ​ទេសចរណ៍ ដែល​បាន​ទទួលភ្ញៀវ​ទេសចរ​យ៉ាងច្រើន​នោះ​បាន​ខិតខំ​បម្រើសេវា​ដល់​ភ្ញៀវ​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​ពី​អាជីវកម្ម​របស់​ខ្លួន​បាន​ជូ​ប​វិបត្តិ​ប្រមាណ ​២​…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ បី​ថ្ងៃ​មកនេះ ប្រតិបត្តិ​ករ​ទេសចរណ៍ ដែល​បាន​ទទួលភ្ញៀវ​ទេសចរ​យ៉ាងច្រើន​នោះ​បាន​ខិតខំ​បម្រើសេវា​ដល់​ភ្ញៀវ​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​ពី​អាជីវកម្ម​របស់​ខ្លួន​បាន​ជូ​ប​វិបត្តិ​ប្រមាណ ​២​ ឆ្នាំ​ដោយសារ​កូ​វី​ដ ​១៩ ​នោះ​ ។ លោកស្រី​ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កំលុង​ពេល​ឈប់​សម្រាក ​៣ ​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ភ្ញៀវ​ទេសចរ​បាន​ចេញ​ដើរ​កម្សាន្ត បាចសាច​ពាសពេញ​ប្រទេស​ទាំង​តំបន់​សមុទ្រ តំបន់​អេកូ​ទេសចរណ៍​ និង​តំបន់​ទេសចរណ៍វប្បធម៌​ ។

លោកស្រី​បញ្ជាក់​ថា នៅ​ពេល​នេះ អាជីវកម្ម​ទេសចរណ៍​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ស្ដារ​អាជីវកម្ម​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ដែល​បាន​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ពាសពេញ​ប្រទេស ។ «​ដោយសារ​ភ្ញៀវ​ទេសចរ​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន ប្រតិបត្តិ​ករ​ទេសចរណ៍​ក៏​បាន​ហៅ​បុគ្គលិក​បម្រើសេវា​ទេសចរណ៍​មក​ចូល​បម្រើ​ការ​ឡើង​វិញ​ក្រោយ​ពី​បាន​ផ្អាក​អស់​មួយ​រយៈ​ធំ ដូច្នេះ​សរុប​មក​ការ​ចេញ​ដើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុង​យើង​នា​ពេល​នេះ ក៏​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ឡើង​វិញ​ដល់​វិស័យ​ទេសចរណ៍​ផ្ដល់​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ឡើង​វិញ​ផង​ដែរ» ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឲ្យ​ដឹង​ថា​ថ្ងៃ​ឈប់​រយៈ​ពល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​នឹង​ថ្ងៃ​ទី ​១៨-២០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ភ្ញៀវ​ទេសចរ​ដែល​ចេញ​ដើរ​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​៩១០,១៥០​ នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ​៨៩៩,៨៦៩​ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ ១០,២៨១​ នាក់​ ។

ចលនា​ពលរដ្ឋ​ដើរ​កម្សាន្ត​ពេល​អ៊ុ​ទូក​នេះ បាន​លោកស្រី ឆាយ ស៊ី​វលី​ន ជឿជាក់​ថា ​អំ​ណេះ​តទៅ នៅ​ពេល​មានបុណ្យ​ទាន ឬ​ថ្ងៃ​ឈប់​សម្រាក អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ នឹង​អាច​ដំណើរការ​ឡើង​វិញ ហើយ​អាជីវកម្ម​ដែល​មិន​ទាន់​បាន​បើក​ក៏​បាន​ខិតខំ​រក​ផែន ការ​ក្នុង​ការ​ស្ដារ​អាជីវកម្ម​របស់​ខ្លួន និង​កំពុង​មមាញឹក​ក្នុង​ការ​ជួសជុល​ទីតាំង ជាមួយនឹង​សេចក្ដី​សោកស្ដាយ​ដែល​មិន​អាច​បើក​ដំណើរការ ដើម្បី​ទទួលភ្ញៀវ​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក​នេះ ។

លោកស្រី​បន្ត​ទៀត​ថា ការ​ចេញ​ដើរហើរ​របស់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នា​ឱកាស​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ វា​ហាក់បីដូចជា​អបអរ​ដល់​ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​បើក​ប្រទេស បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​រួច​ចូល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ៕