រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមួយដែលផលិតសំបកកង់រថយន្តដោយប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុក ១០០% បានផ្តើមធ្វើការនាំចេញផលិតផលរបស់ខ្លួនទៅលក់នៅក្រៅប្រទេស ដែលជាសញ្ញាល្អមួយបង្ហាញក្តីសង្ឃឹមដល់អ្នកដាំកៅស៊ូនៅក្នុងស្រុក ពិសេសការដាំជាលក្ខណៈគ្រួសារ មានទីផ្សារច្បាស់លាស់សម្រាប់ជ័រកៅស៊ូរបស់ខ្លួន ។
ក្រុមហ៊ុន Cart Tire Co., Ltd ដែលវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៣៥០ លានដុល្លារ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច កាលពីដើមឆ្នាំ ២០១៩ បង្កើតជារោងចក្រផលិតសំបកកង់យានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូបាវិត ខេត្តស្វាយរៀង ថ្មីៗនេះបានចាប់ផ្តើមអនុវត្តក្នុងខ្សែផលិតកម្មពេញលេញ ដោយនៅក្នុងជំហានដំបូង ក្រុមហ៊ុនគ្រោងផលិតសំបកកង់រថយន្ត ប្រមាណ ៥ លានសំបកកង់ ក្នុងមួយឆ្នាំ និងកើនឡើងដល់ ៩ លានសំបកកង់ថែមទៀត នៅក្នុងផែនការបន្តបន្ទាប់ ។
លោកឧកញ៉ា លឹម ហេង អ្នកវិនិយោគនៅក្នុងវិស័យកៅស៊ូ និងជាអនុប្រធានសភាកម្ពុជាបានឱ្យសារព័ត៌មាន «លុយ» ដឹងថា នៅពេលរោងចក្រនោះផលិតបានពេញលេញ អាចទទួលទិញជ័រកៅស៊ូក្នុងស្រុកបានរហូតដល់ជាង ៥០% នៃបរិមាណជ័រកៅស៊ូក្នុងស្រុក ។ លោកថា នេះគឺជារឿងមួយល្អធ្វើឱ្យអ្នកដាំដុះកៅស៊ូលក្ខណៈគ្រួសារ និងក្រុមហ៊ុនចាប់ផ្តើមមានទីផ្សារកៅស៊ូនៅក្នុងស្រុកស្រាប់បែបនេះ វាជួយធ្វើឱ្យអ្នករកស៊ីក្នុងវិស័យកៅស៊ីក្នុងស្រុក ចៀសផុតពីក្តីបារម្ភនៃការកកស្ទះកៅស៊ូនៅលើទីផ្សារអន្តរជាតិ ។
«ក្តីបារម្ភរបស់អ្នកដាំកៅស៊ូកន្លងមកទោះបីតម្លៃកៅស៊ូលក់បានថ្លៃក៏ដោយ ថោកក៏ដោយគឺខ្លាចមិនអាចនាំចេញកៅស៊ូទៅទីផ្សារខាងក្រៅបានជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការក្រុមហ៊ុនខ្លាំង ។ អ៉ីចឹងបើសិនយើងមានអ្នកប្រមូលទិញកៅស៊ូក្នុងស្រុកនេះ វាជារឿងមួយល្អធ្វើឱ្យប្រកបមុខរបរក្នុងវិស័យកៅស៊ូអាចរស់នៅបានស្រួលហើយការទិញកៅស៊ូក្នុងស្រុកនេះ វាស្ថិរភាព»នេះជាការបញ្ជាក់របស់អ្នកវិនិយោគលើដំណាំកៅស៊ូ ។
មានក្រុមហ៊ុនផលិតសំបកកង់យានយន្តនេះ ជាមោទនភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានទាក់ទាញការវិនិយោគរោងចក្រផលិតកៅស៊ូកង់យានយន្តមកកាន់ប្កកម្ពុជា ។ ជាការកត់សម្គាល់អស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះតម្លៃជ័រកៅស៊ូនៅកម្ពុជាធ្លាក់ចុះ បានធ្វើឱ្យអ្នកដាំដុះជ័រកៅស៊ូជាលក្ខណៈគ្រួសារ និងក្រុមហ៊ុនមួយកាប់ដើមកៅស៊ូចោលខ្លះ ងាកមកដាំដំណាំផ្សេងដែលឲ្យផលក្នុងរយៈពេលខ្លីវិញ ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាជឿថា ចាប់ពីពេលនេះទៅ ជ័កកៅស៊ូនឹងមានទីផ្សារច្បាប់លាស់ មានក្រុមហ៊ុនប្រមូលទិញនៅក្នុងស្រុក នោះនិងធ្វើឱ្យប្រជាពលរដ្ឋដែលធ្លាប់ដាំកៅស៊ូ នឹងវិលមករកដាំកៅស៊ូវិញ ហើយធ្វើឱ្យផ្ទៃដីដាំកៅស៊ូកើនឡើងច្រើនជាងពេលមុនៗ ៕
ចែករំលែកព័តមាននេះ