រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានផែនការនាំអង្ករចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ក្រុមពាណិជ្ជករកម្ពុជាបានឆ្លើយតបយុទ្ធសាស្ត្រថ្មីនេះដោយរួមគ្នាបង្កើតសមាគមនាំអង្ករចេញ។ កិច្ចប្រជុំស្តីពីការបង្កើតសមាគមនាំអង្ករចេញត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ នៅការិយាល័យក្រុមហ៊ុនហេង អភិវឌ្ឍន៍ រាជធានីភ្នំពេញ។
លោកលឹម ប៊ុនហេង ប្រធានសមាគមស្បៀង និងនាំចេញអង្ករកម្ពុជាមានប្រសាសន៍ថា ក្រុមពាណិជ្ជករធំៗនៅក្នុងប្រទេសកម្ពុជាបានចាប់អារម្មណ៍ និងយកចិត្តទុកដាក់ក្នុងការនាំអង្ករចេញពីកម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិ។ ដូច្នេះសមាគមដែលនឹងត្រូវបង្កើតឡើងនេះ គឺធ្វើការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានផែនការក្នុងការនាំចេញអង្ករទៅលក់នៅលើទីផ្សារអន្តរជាតិ។ លោកបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនពី៥%ទៅ៧% ដែលជាអំណោយផលដល់សកម្មភាពសមាគមដែលនឹងត្រូវបង្កើតឡើងនេះ។ លោកលឹម ប៊ុនហេង បានបន្តថា សមាគមស្បៀងនេះ គឺមានការនាំចេញនូវកសិផលដែលទាក់ទងទៅនឹងវិស័យកសិកម្មរួមមានអង្ករ ពោត សណ្តែក និងផលិតផលកសិកម្មជាច្រើនមុខទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសចិន។ ដូច្នេះ យើងនឹងខិតខំប្រឹងប្រែងរកទីផ្សារក្រៅប្រទេសសំរាប់សមាគមនេះ ហើយធ្វើយ៉ាងណាឱ្យសមាគមមានលទ្ធភាពនាំចេញអង្ករយ៉ាងតិចចំនួន១សែនតោនក្នុងមួយឆ្នាំៗ។
លោកជំទាវសៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាក្រុមប្រឹក្សាភិបាលនៃសមាគមស្បៀង និងនាំអង្ករចេញកម្ពុជាមានប្រសាសន៍ថា គោលបំណងរបស់សមាគមគឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលមានគោលការណ៍ក្នុងការនាំអង្ករចេញទៅទីផ្សារក្រៅ ប្រទេស។ ទន្ទឹមនោះ យើងក៏នឹងរួមចំណែកផងដែរក្នុងការជំរុញវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្មនៅកម្ពុជា។ លោកជំទាវបញ្ជាក់ថា សមាជិកពាណិជ្ជករដែលបានចូលរួមសហការក្នុងការបើកសមាគមនេះ គឺរួមមានពាណិជ្ជករមកពីក្រុមហ៊ុនផ្សេងៗប្រមាណជាង២០០ក្រុមហ៊ុន ដែលនឹងធ្វើឱ្យសមាគមនេះមានលទ្ធភាព និងសក្តានុពលក្នុងការនាំអង្ករចេញ និងរកទីផ្សារនៅក្រៅប្រទេស។
លោកជំទាវគឹង ចាន់ឌី ក្រុមប្រឹក្សាភិបាលនៃសមាគមស្បៀង និងនាំអង្ករចេញកម្ពុជាមានប្រសាសន៍នាឱកាសនោះ ដោយធ្វើការគាំទ្រចំពោះសមាគម និងជំរុញឱ្យសមាគមខិតខំបង្កបង្កើតនូវផ្នែកកសិកម្មតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ លោកជំទាវបន្តថា ទន្ទឹមនឹងការពង្រីក និងពង្រឹងសមាគម យើងគប្បីធ្វើយ៉ាងណាបំផុស និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យចូលរួមកាន់តែច្រើនក្នុងការផលិតស្រូវដើម្បីបំពេញបានតាមតំរូវការនៃការនាំចេញរបស់សមាគម។
យោងតាមលក្ខន្តិកៈរបស់សមាគមស្បៀង និងនាំអង្ករចេញកម្ពុជាបានចែងថា សមាគមនេះគឺជាអង្គភាពមិនមែនរដ្ឋាភិបាល មិនស្វែងរកផលចំណេញជាលក្ខណៈឯកជន អព្យាក្រឹត មិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយ និងមិនធ្វើជាឧបករណ៍នយោបាយ ក្នុងនោះនឹងមិនផ្តល់មធ្យោបាយជាសំភារ ហិរញ្ញវត្ថុ ធនធានមនុស្សដើម្បីគាំទ្រគណបក្សនយោបាយ ឬបេក្ខជន តែជាអង្គភាពបំរើផលប្រយោជន៍សាធារណៈ។
តាមរចនាសម្ព័ន្ធសមាគមស្បៀង និងនាំអង្ករចេញកម្ពុជា គឺរួមមានលោកនាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាប្រធានកិត្តិយស លោកជំទាវគឹង ចាន់ឌី និងលោកជំទាវឧកញ៉ាសៀង ចាន់ហេង ជាក្រុមប្រឹក្សាភិបាល លោកជា ចំរើន និងលោកគីម រិទ្ធី ជាទីប្រឹក្សា លោកលឹម ប៊ុនហេង ជាប្រធានសមាគម លោកលឹម ប៊ុនសេង ជាអគ្គលេខាធិការ និងមានអគ្គលេខាធិការរង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបទៀត ៕
ចែករំលែកព័តមាននេះ