ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​អូន​និង​បង​ ៖ ឪពុក​ម្តាយ​យើង​មិនសូវ​រារាំង​​ដូច​​មុន

7 ឆ្នាំ មុន

«​នំ​មិនធំ​ជាងនាឡិ» ​បាន​ចាក់ឬ​ស​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​​យូរ​មក​ហើយ ដោយ​ចង់​និយាយ​ថា ​កូន​ៗ​មិន​អាច​សម្រេចចិត្ត​យកប្តី​ ឬ​ប្រ​ព​ន្ធ ​ដោយ​គ្មាន​ការ​​សម្រេចចិត្ត​ពី​ឪពុក​ម្តាយ​​ឡើយ​ ។ ពេលវេលា​បាន​​ប្រែប្រួល​ ។ ចំណែក​ការ​​រារាំង​ពី​ឪពុក​ម្តាយ ​ចំពោះ​ស្នេហា​យុវជន​ និង​យុវតី​ ក៏​លែង​​សូវ​ឃើញ​​មាន​ទៀត​ដែរ ​។

«​នំ​មិនធំ​ជាងនាឡិ» ​បាន​ចាក់ឬ​ស​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​​យូរ​មក​ហើយ ដោយ​ចង់​និយាយ​ថា ​កូន​ៗ​មិន​អាច​សម្រេចចិត្ត​យកប្តី​ ឬ​ប្រ​ព​ន្ធ ​ដោយ​គ្មាន​ការ​​សម្រេចចិត្ត​ពី​ឪពុក​ម្តាយ​​ឡើយ​ ។ ពេលវេលា​បាន​​ប្រែប្រួល​ ។ ចំណែក​ការ​​រារាំង​ពី​ឪពុក​ម្តាយ ​ចំពោះ​ស្នេហា​យុវជន​ និង​យុវតី​ ក៏​លែង​​សូវ​ឃើញ​​មាន​ទៀត​ដែរ ​។

ដោយ​​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​កូន​ៗ​នោះ ឪពុក​ម្តាយ​មានការ​បារម្ភ​ច្រើន​អំពី​អនាគត​កូន​ៗ​ ។ ពិសេស ការ​ជ្រើស​រើស​មិត្តមួយរយឆ្នាំ​ ។ ការ​ព្រួយបារម្ភ​មាន​កាន់តែ​ធំធេង​ចំពោះ​កូនស្រី​ ។

ជាមួយនឹង​ការ​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​នេះ ឪពុក​ម្តាយ​ជា​ច្រើន​កន្លង​មក​​បាន​ប្រកាន់​យក​ទស្សន​: «នំ​មិនធំ​ជាង​នាឡិ» នេះ​ នៅ​ក្នុង​ជីវិត​​អាពាហ៍ពិពាហ៍​របស់​កូន​ ។ និយាយ​ដោយ​យុត្តិធម៌ ពេល​ខ្លះ​​ការ​សម្រេចចិត្ត​របស់​ឪពុក​ម្តាយ ​នៅ​ក្នុង​ការ​ជ្រើសរើស​ស្វា​មី ឬ​ភរិយា​នោះ​ ក៏​បាន​ធ្វើ​ឱ្យ​​កូនស្រី​ ឬ​កូនប្រុស​​របស់​គាត់ ​មានលទ្ធ​​ភាព​ជ្រើសរើស​បាន​​គូ​អនាគត​មួយ​រយ​ឆ្នាំ​​យ៉ាង​សមប្រកប​ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ មាន​ករណី​ខ្លះ​ក៏​មិន​សម​ដូច​បំណងប្រាថ្នា​ ដោយ​កូន​ៗ​មិន​អាច​រស់នៅ​ចុះសម្រុង​គ្នា ​និង​ឈាន​ដល់​ការ​​បែកបាក់​ ។ ការ​សម្រេច​របស់​ឪពុក​ម្តាយ ​ក្នុង​ករណី​នេះ ​ក៏​ក្លាយជា​វិ​ប្បដិ​​សារី​ទាំង​សម្រាប់​ឪពុក​ម្តាយ​ និង​កូន​ៗ​របស់​គាត់​

យុវជន ​និង​យុវតី​សម័យ​ថ្មី​ កាន់តែ​មានគំនិត​ជឿនលឿន​ ហើយ​ប្រកាន់​យក​ទស្សន​:​មួយ ​ដែល​ថា​វាសនា​របស់​ពួក​គេ ​គួរតែ​​ត្រូវ​បាន​សម្រេច​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​ ។ ចំណែក​ឪពុក​ម្តាយ​ជា​ច្រើន ​ក៏​កាន់តែ​ប​ន្ធូរ​​ដៃ​ហើយ​ផ្តល់សិទ្ធិ​​កាន់តែ​ច្រើន​ដល់​កូន​ៗ​ ដើម្បី​ឱ្យ​ពួក​គេ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ​នៅ​ក្នុង​ការ​ស្វែងរក​ស្វាមី ​ឬ​ភរិយា​ ។

យុវជន​ និង​យុវតី​ ត្រូវ​ទទួលស្គាល់​ការ​ពិត​មួយ​ ដែល​ថា​ឪពុក​ម្តាយ​មានបទពិសោធន៍​ជីវិត​ច្រើន​ជាង​ខ្លួន ​។ ទោះបីជា​ពួក​គេ​ជា​អ្នក​សម្រេចចិត្ត​ដោយ​ខ្លួនឯង ​ក៏​ដោយ​ចុះ ​ការ​ទទួលយក​មតិយោបល់​ពី​ឪពុក​ម្តាយ​ ដើម្បី​ពិចារណា​បន្ថែម​ នឹង​ជួយ​ឱ្យ​​កូន​ៗ​មានការ​សម្រេច​ចិត្តបាន​​កាន់​​តែ​ល្អ ​ហើយ​ចៀស​ផុត​នឹង​ការ​អនុវត្ត​ទស្សន​:​នៃ​ជីវិត «​ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ​»​។

ដូច្នេះ ​ស្នេហ៍​អូន​និង​បង​ពេល​នេះ​ គឺ​អូន​និង​បង​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ ។ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​អូន​និង​បង ​នៅ​តែ​ជាទី​ប្រឹក្សា​ស្នេហា​​មិន​អាច​អត់​បាន ​៕