ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិរាជ​ធានី​ភ្នំពេញ​ចុះ​ពិនិត្យ និង​ជំរុញ​ផែនការ​អភិវឌ្ឍ​ន៏​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​បឹង​កក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស កាលពី​រសៀល​ថ្ងៃ​ទី​២៧​មេ​សា​២០១៦ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​មើល​

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស កាលពី​រសៀល​ថ្ងៃ​ទី​២៧​មេ​សា​២០១៦ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​បឹង​កក់ ដែល​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​កំពុង​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ​។    ការ​ចុះ​ពិនិត្យ​ដោយ​ថ្មើរជើង​នេះ លោក ប៉ា សុ​ជាតិ​វង្ស បាន​ជំរុញ​ឲ្យ​មានការ​រៀបចំ​ត​ភ្ជាប់​ផ្លូវ​ក្រោយ​សណ្ឋាគារ​ភ្នំពេញ​កាត់​តាម​វិហារ​ឥ​ស្លា​ម​ចេញ​ទៅ​ផ្លូវ​ក្នុង​តំបន់​បឹង​កក់ ឬ​ហៅ​ថា​ផ្លូវ​R4  ត​ភ្ជាប់​ផ្លូវ​R9 និង​ផ្លូវ​R10 ដែល​ជា​ផ្លូវ​រំដោះ​ចរាចរ​ពី​តំបន់​ទួល​គោក​ទៅ​ជ្រោយចង្វា ឬ​កាល់​ម៉ែ​ត និង​ផ្លូវ​មួយ​ខ្សែ​ដែល​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទៅ​កាន់​ចំណុច​ភ្លើងស្តុប​ផ្លូវ​លេខ​៧០ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។

​ការ​ស្ថាបនា​ស្ថានីយ​បូមទឹក​ទួល​គោក​២ ដែល​បាន​នឹង​កំពុង​សាងសង់​នៅ​លើ​ប្រឡាយ​បាក់​ទូក ដើម្បី​បង្ហូរទឹក​ទៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​រួចរាល់​មុន​រដូវវស្សា​ខាង​មុខ​នេះ​។ មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្ថានីយ​បូមទឹក​ថ្មី​នេះ ត្រូវ​បាន​ស្ថាបនា​សម្រេច​បាន​៨០​ភាគរយ​ហើយ ។ នៅ​ពេល​ចប់​រួចរាល់​ស្ថានីយ​នេះ មាន​សមត្ថភាព​អាច​បូមទឹក​រហូត​ដល់​៥​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ដែល​លើស​ពី​ស្ថានីយ​ចាស់​ចំនួន​៣​ដង ហើយ​ជា​កន្លែង​បញ្ចេញ​ទឹក​ពី​តំបន់​ផ្សារ​ដេប៉ូ តំបន់​៧​មក​រា កម្ពុជា​ក្រោម ជាដើម​។​លោក ប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​លឿន ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ និង​ទឹក​លិច​ជុំវិញ​តំបន់​បឹង​កក់​ឲ្យ​ប្រសើរ​នា​ពេល​ឆាប់​ៗ​នេះ​។

ដី​តំបន់​បឹង​កក់​ទំហំ​ប្រមាណ​១០០​ហិ​កតា ដែល​កន្លង​មក​មាន​តែ​ទឹក​ស្អុយ ភក់ជ្រាំ និង​សំណង់​មិន​រៀបរយ តែ​ពេល​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន ធ្វើការ​វិនិយោគ​រយៈពេល​៩៩​ឆ្នាំ ដើម្បី​ប្រែក្លាយ​តំបន់​នោះ ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​ទាក់ទាញ​។ ដោយ​មាន​ប្រព័ន្ធ​ផ្លូវថ្នល់ ភ្លើងអគ្គិសនី និង​អគារ​ទំនើប​ជាដើម ។ តាម​រយៈ​ការ​អភិវឌ្ឍ​ន៏​នេះ បាន​ធ្វើ​ឲ្យ​មានការ​ដោះ​ដូរ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៤.២៥២​គ្រួសារ ក្នុង​នោះ​ជាង​៣.០០០​គ្រួសារ បាន​ទទួល​គោលនយោបាយ​ទៅ​រស់នៅ​កន្លែង​ថ្មី និង​ជាង​១.០០០​គ្រួសារ​ទៀត ទទួល​បានការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ៕