- ភ្នំពេញ
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០២១ នេះ មិនបានប្រារព្ធ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញឡើយ។…
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០២១ នេះ មិនបានប្រារព្ធ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញឡើយ។…
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០២១ នេះ មិនបានប្រារព្ធ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញឡើយ។ មូលហេតុ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ក៏ប៉ុន្តែក្នុងរយៈពេល ៣ថ្ងៃនេះ គឺនៅថ្ងៃទី១៨-២០វិច្ឆិកា រាជរដ្ឋាភិបាល អនុញ្ញាតឲ្យឈប់សម្រាកជាធម្មតា។ តើការមិនរៀបចំព្រះពិធីបុណ្យអុំទូក ចំណេញ និងខាតអ្វីខ្លះ?
ដោយសារតែការឆ្លងរាតត្បាតជំងឺកូវីដ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាល ក៏មិនបានរៀបចំពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំងដែរ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប អកអំបុក និងសំពះ ព្រះខែ ក៏ត្រូវបានផ្អាក ៣ឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ២០១១ ឆ្នាំ២០១២ និងនៅឆ្នាំ២០១៣ ក្រោយកើតមានព្រឹត្តិការណ៍រត់ជាន់គ្នា លើស្ពានកោះពេជ្រ ក្នុងពិធីបុណ្យអុំទូក នៅឆ្នាំ២០១០ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់រយនាក់។
ការផ្អាកមិនរៀបចំពិធីបុណ្យអុំទូកជាបន្តបន្ទាប់នោះ ដោយសារគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ហើយនៅឆ្នាំ២០១២ គឺការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។ ចំណែកនៅឆ្នាំ២០១៥ ពិធីបុណ្យអុំទូក ក៏ត្រូវបានផ្អាកម្តងទៀត ដោយសារទឹកទន្លេ នៅមុខព្រះបរមរាជវាំង រាក់ពេក ដែលទូក មិនអាចអុំបាន។
ក្នុងពេលឈប់សម្រាកបុណ្យអុំទូកនេះ ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅ រៀនសូត្រ និងធ្វើការនៅក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរកំសាន្ត និងទៅកាន់ស្រុកកំណើត។ ការធ្វើដំណើរនេះ នឹងមានការចំណាយ ដែលជួយដល់វិស័យទេសចរណ៍ ដែលជាប់គាំងដោយសារតែវិបត្តិកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២០ មកនោះ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត ក៏មិនចេញដំណើរ ទៅណាមកណាទេ ត្បិតពេលនេះ កូវីដទើបតែធូរស្រាល តែមិនទាន់បាត់ទាំងស្រុងនៅឡើយ ខណៈដែលកូវីដជិត ២ឆ្នាំមកនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ចំណូល មុខរបរ និងការងាររបស់ពួកគាត់។
នៅតំបន់ទេសចរណ៍សំខាន់ៗ ដូចជា នៅខេត្តកំពត តំបន់មាត់សមុទ្រ តំបន់ធម្មជាតិព្រៃភ្នំ តំបន់ភូមិភាគឦសាន រួមទាំងនៅខេត្តសៀមរាប ជាដើម ក៏ជាគោលដៅទេសចរណ៍ ដែលប្រជាពលរដ្ឋខ្មែរយើង ធ្វើដំណើរកម្សាន្ត ក្នុងឱកាសឈប់សម្រាកនេះ ក្រោយបើកប្រទេសឡើងវិញ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា។
មួយវិញទៀត រាជរដ្ឋាភិបាល សម្រេចផ្អាក មិនរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ និងឆ្នាំកន្លងមក ក្រៅតែពីបារម្ភពីការជួបជុំមនុស្សច្រើន ដែលជាហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ការមិនរៀបចំពិធីនេះ អាចឲ្យរាជរដ្ឋាភិបាល សន្សំថវិកាជាតិបានច្រើន ខណៈដែលការចំណាយលើកូវីដ ២ឆ្នាំមកនេះ អស់ប្រមាណ ២០០០លានដុល្លារទៅហើយនោះ។ ដូច្នេះ ការផ្អាកនេះ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ នោះទេ តែក៏បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសង្គម និងសេដ្ឋកិច្ចជាតិ ផងដែរ។
កន្លងមក ទោះបីជាមិនមានខ្ទង់ចំណាយជាក់លាក់ តែរាជរដ្ឋាភិបាល បានចំណាយលើការរៀបចំពិធីបុណ្យអុំទូក អស់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ លើគ្រប់ផ្នែក។ ក្នុងពិធីបុណ្យអុំទូក កន្លងមក ក្រៅតែពីចំណាយថវិកាជាតិហើយនោះ ក៏នៅមានគ្រោះថ្នាក់ ជាយថាហេតុ ដូចជា លិចទូក បណ្តាលឲ្យមានអ្នកស្លាប់ កើតឡើងសឹងតែរាល់ឆ្នាំ។ ក្រៅពីនោះ ក៏នៅមានគ្រោះថ្នាក់ចរាចរណ៍ រួមទាំងអំពើចោរកម្មជាច្រើនផ្សេងទៀត។
យ៉ាងណាក៏ដោយ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាប្រពៃណីជាតិ ដែលតែងតែប្រារព្ធឡើងយូរយារណាស់មកហើយ។ ម្យ៉ាងបើសិនជារៀងរាល់ឆ្នាំ មានការចាត់ចែងរៀបចំល្អ ក៏អាចទាញយកចំណូលពីព្រះរាជបុណ្យប្រចាំឆ្នាំនេះដែរ ដូចជា ទេសចរណ៍ និងចំណូលពីការផ្សាយពាណិជ្ជកម្ម ការតាំងពិពណ៌ រួមទាំងការប្រគំតន្ត្រី លក់ផលិតផលនានា ជាដើម។
ប៉ុន្តែទំហំនៃការចំណាយ គឺធំជាងចំណូល។ ក្នុងនោះ គ្រាន់តែគិតពីការចំណាយលើទូកងតាមវត្តនិមួយៗ អស់ច្រើន ពិសេសចំណាយលើថ្លៃបាយទឹករបស់ចំណុះទូក ក៏ចូលរាប់លានរៀល ក្នុង ១ថ្ងៃៗ សម្រាប់ទូកងនិមួយៗ ដែលមកពីស្រុក តាមបណ្តាខេត្ត ដើម្បីមកចូលរួមព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង។
សរុបមក ប្រពៃណី ទំនៀមទម្លាប់នៃការប្រារព្ធពិធីបុណ្យជាតិនេះ យើងត្រូវតែរក្សា ហើយរៀបចំធ្វើរៀងរាល់ឆ្នាំ ដោយការប្រុងប្រយ័ត្ន ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងហើយ។ តែបើស្រុកយើង មិនជួបប្រទះគ្រោះរាំងស្ងួត ឬក៏គ្រោះទឹកជំនន់ និងមិនមានមហន្តរាយជំងឺឆ្លងកូវីដ១៩ ទេនោះ គឺមិនគួរយើងជួបជុំ រៀបចំពិធី សើចសប្បាយ ដែលមានការចំណាយថវិកាជាតិដ៏ច្រើននោះឡើយ។
ក្នុងកាលៈទេសៈ ស្រុកទេស ជួបបញ្ហា ជាពិសេស ២ឆ្នាំមកនេះ គឺការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលក្នុងប្រទេសយើង មានអ្នកឆ្លងឈឺជិត ១២ម៉ឺននាក់ និងស្លាប់ជាង ២៨០០នាក់ទៅហើយនេះ ហើយរាល់ថ្ងៃ ក៏នៅតែមានអ្នកឆ្លងចូលខ្ទង់ ៥០នាក់ ក្នុង ១ថ្ងៃៗ និងស្លាប់ពី ៤នាក់ ទៅ ៥នាក់ រៀងរាល់ថ្ងៃដូច្នេះ កាន់តែមិនគួរយើងប្រថុយនឹងគ្រោះថ្នាក់ ដើម្បីរៀបចំការជួបជុំ ដែលមានហានិភ័យ ក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩ រួមទាំងការចំណាយថវិកាជាតិដ៏ច្រើននោះទេ។ ពេលនេះ ធ្វើយ៉ាងណាម្នាក់ៗ ត្រូវរក្សាសុខភាពឲ្យល្អ និងរក្សាជីវិតឲ្យបាន គឺមិនខ្វះពេលជួបជុំសប្បាយ ក្នុងពិធីបុណ្យអុំទូក នៅឆ្នាំក្រោយៗទៀតនោះទេ៕
ចែករំលែកព័តមាននេះ