ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំ​ពេញ​៖ នៅ​​ឆ្នាំ​នេះ ទោះបីជា​មិនមាន​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ឈប់សម្រាក ៣​ថ្ងៃ​ដដែល គឺ​នៅ​ថ្ងៃទី​១៨…

ភ្នំ​ពេញ​៖ នៅ​​ឆ្នាំ​នេះ ទោះបីជា​មិនមាន​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ឈប់សម្រាក ៣​ថ្ងៃ​ដដែល គឺ​នៅ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១​។ អំឡុងពេល​ឈប់សម្រាក​នេះ ច្បាស់​ជាមាន​ការធ្វើដំណើរ​ច្រើន ទៅ​ស្រុកកំណើត និង​ទៅលេង​នៅតាម​​រមណីយដ្ឋាន​នានា នៅ​ទូ​ទាំង​ប្រទេស​​។ ការធ្វើដំណើរ​ច្រើន​ខុស​ថ្ងៃ​ធម្មតា ​នាំ​ដល់​គ្រោះថ្នាក់​​ចរាចរណ៍​​មិន​ខានឡើយ ក្នុងពេល​កន្លងមក​។​

​យ៉ាងណាក៏ដោយ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ នាឱកាស​ឈប់សម្រាក​បុណ្យអុំទូក នាចុងសប្តាហ៍នេះ​ ខាង​មន្ត្រី​ជំនាញ បានចេញ​សេចក្តីអំពាវនាវ​ជា​លាយលក្ខណ៍អក្សរ​ផង និងចុះអប់រំ ណែនាំ​​​​ផ្ទាល់មាត់​​ផង​។​

​ក្នុងឱកាស ដែល​រាជរដ្ឋាភិបាល បានប្រកាស​បើក​ដំណើរការ​គ្រប់​វិស័យ​នៅ​ទូទាំងប្រទេស​ឡើងវិញ បន្ទាប់ពី​បាន​ធូរស្រាល ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ កន្លងមក និង​បានអនុញ្ញាត​ឲ្យ​មានការ​ឈប់សម្រាក និង​លើកទឹកចិត្ត​ឲ្យ​មាន​ការដើរ​កំសាន្ត ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានប្រកាស​​អំពាវនាវ​ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បន្ថែម​ពីលើ​ការអនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ផ្សេងទៀត សំដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និងមេត្តា​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដូចខាងក្រោម​៖ ១-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត ២-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត ៣-​មិនត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរ​សព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង ៤-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច ៥-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត ៦-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ៧-​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត ៨-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។ ៩-​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមកុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។ ១០-​ត្រូវ​បើកបរ​ក្នុង​ស្មារ​តី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន ក៏បាន​លើកឡើងថា ក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០២១​នេះ អាស្រ័យ​ដោយ​ប្រទេសជាតិ មាន​សន្តិភាព ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​របស់​សមត្ថ​កិច្ច​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ បាន​ចូលរួម​គោរព​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក បានធ្វើ​ឲ្យ​ចំនួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយចុះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២០ គឺ​គ្រោះថ្នាក់​ថយ​ចំនួន ២២% ស្លាប់​ថយ ចំនួន ១៦% និង​របួស​ថយ ២៩% ភាគច្រើន ជនរងគ្រោះ ចំនួន ៧១% ជា​អ្នកជិះ​ទោចក្រយានយន្ត ( ម៉ូតូ ) មិន​ពាក់មួក​សុវត្ថិភាព​។​

​បន្ថែម​លើ​សេចក្តីប្រកាស​ខាងលើ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្បែរ​សាលាស្រុក​មុខកំពូល ស្ថិត​ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល​។ អ្នកប្រើប្រាស់​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវគោរព​សិទ្ធិ​អាទិភាព ក្នុងពេល​ធ្វើដំណើរ ពាក់​ខ្សែក្រវាត់​សុវត្ថិភាព នៅពេល​បើកបរ​រថយន្ត និង​ត្រូវ​ពាក់មួក​សុវត្ថិភាព​។​

​ក្នុង​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​នេះ មន្ត្រី​ជំនាញ ក្រៅពី​អប់រំ ណែនាំ​ពី​សុវត្ថិភាព​ចរាចរណ៍ ក៏បាន​ចែកជូន​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​មាន​ការរៀបចំ​កម្មវិធី​សួរ និង​ឆ្លើយ​សំណួរ ព្រមទាំង​ចែក​មួកសុវត្ថិភាព ចំនួន ១០០​មួក សៀវភៅ​ច្បាប់​ចរាចរណ៍ ចំនួន ១០០​ក្បាល ខិត្តប័ណ្ណ​ជំនួយស្មារតី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចំនួន ១០០​សន្លឹក​ និង​ស្ទីក​គ័​រ​ចំណាំងផ្លាត ចំនួន ១០០​សន្លឹក​ផងដែរ​។

​រៀងរាល់ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​នៅ​ទូទាំងប្រទេស បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់ ទៅ ៥​នាក់ និង​របួស​ជាង ១០​នាក់ ក្នុង ១​ថ្ងៃៗ​។ ក្នុងនោះ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ក៏​កើតឡើង​ច្រើន នៅពេល​មាន​បុណ្យទាន ដូចជា ព្រះរាជ​ពិធីបុណ្យ​អុំទូក បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ ជាដើម​។​

​ចំណែក​មូលហេតុ នាំ​ដល់​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ដោយសារ​កត្តា​អ្នកបើកបរច្រើនជាងគេ​ ដោយសារតែ​មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន មិន​ពាក់មួក​សុ​វ​តិ្ថ​ភាព មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ឬក៏​ភ្លើង​សញ្ញា​ចរាចរណ៍ បើកបរ​ហួស​ល្បឿន​កំណត់​។ ក្នុងការ​បើកបរ ដែល​មិនចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ក៏​ជា​មូលហេតុ​នាំទៅដល់​គ្រោះថ្នាក់ ខណៈដែល​អ្នកបើកបរ​មួយចំនួន​ពិសា​គ្រឿង​ស្រវឹង ហើយ​ទៅ​បើកបរ​។​

​ក្រៅពីនោះ អ្នកបើកបរ​ខ្លះ គ្មាន​ការទទួលខុសត្រូវ ដោយ​បើកបរ​ទាំង​ខ្លួន​គ្មាន​ស្មារតី​គ្រប់គ្រាន់ ដូចជា អស់កម្លាំង ងងុយដេក និង​ធ្វេសប្រហែស​នៅពេល​បើកបរ​។ អ្នកបើកបរ ក៏​គ្មាន​ការត្រួតពិនិត្យ​យានយន្ត ឲ្យ​បានច្បាស់លាស់ ដូចជា ហ្វ្រាំង សំបក​​កង់ ប្រព័ន្ធ​ភ្លើង មុនពេល​បើកបរ​។​

​ជាមួយគ្នា​នោះ អាជ្ញាធរ​សមត្ថកិច្ច នៅ​ថ្ងៃ​បុណ្យទាន ក៏​ហាក់ដូចជា ធូររលុង មិន​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ដូចជា បើកបរ​លើស​ល្បឿន​កំណត់ និង​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​។ ក្រៅពីនោះ ក្នុងពេល​មានបុណ្យ​ទាន​ម្តងៗ កំណើន​នៃ​អ្នកផឹកស៊ី​គ្រឿង​ស្រវឹង មិន​ថា​ចាស់ មិន​ថា​ក្មេង ហើយក៏​មិន​ថា នៅ​ភ្នំពេញ ឬ​នៅ​ជនបទ និង​នៅ​កន្លែង​ណា​នោះទេ​។​

​ជាងនេះទៅទៀត កន្លងមក​ ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះបីជា​បុក​គេ​ស្លាប់​ក៏ដោយ គឺមាន​សេវា​រត់ការ ហើយ​បើ​ថា ធ្ងន់ធ្ងរ ត្រូវ​ជាប់គុក​សិន តែ​មិន​​ដល់ ១​ខែ​​ផង ក៏ត្រូវបានគេ​​រត់ការ ដោះលែង​ចេញពី​ពន្ធនាគារ​វិញ ដោយសារតែ​បង់លុយ​ឲ្យ​តុលាការ​រាប់ពាន់ ចូល​ខ្ទង់​ម៉ឺន​ដុល្លារ ខណៈដែល​ចំណាយលុយ​លើ​ជនរងគ្រោះ តិចជាង​ឲ្យ​លុយទៅ​តុលាការ​។

​ដូច្នេះ អំឡុងពេល​ឈប់សម្រាក​បុណ្យអុំទូក ៣​ថ្ងៃ បូក​ទាំង​ថ្ងៃអាទិត្យ ទី​២១​វិច្ឆិកា ១​ថ្ងៃ​ទៀត គឺ​គេបាន​ឈប់សម្រាក​រហូតដល់ ៤​ថ្ងៃ​។ ណាមួយ យើង​ទើប​បើក​ប្រទេស​ឡើងវិញ ក្រោយ​កូ​វីដ​ធូរស្បើយ​ផង គឺ​ច្បាស់​​ជាមាន​អ្នកធ្វើដំណើរ ទៅលេងស្រុកកំណើត និងដើរលេង​​កម្សាន្ត​ជិត​ឆ្ងាយ​ច្រើន​ជាមិនខាន​។ កំណើន​​អ្នក​ដំណើរ​​ច្រើន​​តាម​ផ្លូវ អាច​​នឹង​​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ជាមិនខាន បើ​អ្នកបើកបរ​ធ្វេសប្រហែស ខ្វះ​ការប្រុងប្រយ័ត្ន​។ សូមកុំ​ឲ្យ​សប្បាយ ក្លាយជា​ទុក្ខ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​ផង ​ហើយ​ក៏​​សូម​​ទាំង​អស់​គ្នា ​ត្រូវ​ការ​ពារ​​ខ្លួន​​ពី​​កូ​វីដ​​ផង​ដែរ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ