ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ញៀន​ថ្នាំ​១​សម្បុក នាំ​យក​ទៅ​តុលាការ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀ.ន នៅ​ក្នុង​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ក្នុង​ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ ប្រុស ស្រី​ចំនួន​១៩​នាក់ រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៩​នាក់​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​១២​យប់ រហូត​ដល់​ម៉ោង​២៤ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ និង​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​ជួល​។

តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស ស្រី​ទាំង​១៩​នាក់​នេះ ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​កាលពី​យប់​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៦​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​សម្ងាត់​បាន​តាមដាន​យ៉ាង​ល្អិតល្អន់ ។ ជាក់ស្តែង​កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះ​ប្រ​តិ​ប​តិ្ត​ការ និង​ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តម សេនីយ​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប​ឈាន​ដល់​ធ្វើការ​ចាប់ខ្លួន​បាន​ទាំង​សម្បុក យ៉ាង​ដូច្នេះ​។

មន្ត្រី​អាវុធហត្ថ​បន្ថែម​ថា ជនសង្ស័យ ប្រុស ស្រី ទាំង​១៩​នាក់ ក្រោយ​ពី​ឃាត់ខ្លួន​បាន​កម្លាំង​ជំនាញ​រក​ឃើញ​នូវ វត្ថុ​តាង​រួម​មាន ម្សៅ​គ្រើម ម៉ា​ទឹកកក ៦​កញ្ចប់ ទម្ងន់​១,៤៧​ក្រាម ទូរ​សព្ទ័​១០​គ្រឿង ដាវ​២​ដើម និង​សម្ភារ​សម្រាប់​ជក់ និង​វេច​ខ្ចប់​គ្រឿងញៀន មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន ជនសង្ស័យ​ប្រុស ស្រី ទាំង​១៩​នាក់ និង​វត្ថុ​តាង​បាន​បញ្ជូន ទៅ​សាលាដំបូង នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕