ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ក្រោម​ទម្រង់​ជា «​ទេសចរណ៍​វ៉ាក់សាំង​» ដោយ​ចាប់ផ្តើម​មុនគេ នៅ​ក្រុងព្រះសីហនុ និង​ក្រុង​កោះរ៉ុង…

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ក្រោម​ទម្រង់​ជា «​ទេសចរណ៍​វ៉ាក់សាំង​» ដោយ​ចាប់ផ្តើម​មុនគេ នៅ​ក្រុងព្រះសីហនុ និង​ក្រុង​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ រួមទាំង​នៅ​តារា​សាគរ ក្នុង​ខេត្តកោះកុង​។ តំបន់​ទេសចរណ៍​មាត់សមុទ្រ​ដ៏​ទាក់ទាញ​ទាំង ៣​កន្លែង​នេះ មាន​ជនជាតិ​ចិន​រស់នៅ និង​វិនិយោគ​ច្រើនជាងគេ​។ ដូច្នេះ​នៅពេល​បើកទទួល​អ្នកទេសច​រ​ ដែលចាក់វ៉ាក់សាំងរួច​ នៅ​បំណាច់​ខែវិច្ឆិកា​នេះ​ អាចមានចិន​ធ្វើដំណើរតាមយន្តហោះ ចូល​មកច្រើន។

​តាម​គម្រោង បន្ទាប់ពី​អនុវត្ត​ទេសចរណ៍​វ៉ាក់សាំង នៅ​ក្រុងព្រះសីហនុ និង​ក្រុង​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ និង​តំបន់​តារា​សាគរ​ ក្នុង​ខេត្តកោះកុង គឺ​ទេសចរណ៍​វ៉ាក់សាំង ក៏​នឹងត្រូវ​អនុវត្ត នៅ​ខេត្តសៀមរាប នៅក្នុង​ខែមករា ឆ្នាំ​២០២២​។ នៅក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង គឺ​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ ស្នាក់នៅ និង​ទស្សនា​ក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព រយៈពេល ៥​ថ្ងៃ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​សណ្ឋាគារ​នោះទេ​។​

​តាម​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍ កាលពី​ចុងខែ​តុលា ភ្ញៀវទេសចរ ដែល​មក​ក្នុង​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង គឺជា​អ្នក​ចាក់​វ៉ាក់សាំង​រួចរាល់ និង​តម្រូវ​ឲ្យ​ធ្វើ​តែ​តេស្ត​រហ័ស រក​អង់​ទី​ហ្សែ​ន កូ​វីដ​១៩ ប៉ុណ្ណោះ នៅពេល​មកដល់​អាកាសយានដ្ឋាន​ក្នុងប្រទេស​កម្ពុជា​។ ករណី​ទទួលបាន​លទ្ធផល​អវិជ្ជមាន ភ្ញៀវទេសចរ អាច​ដើរ​កម្សាន្ត ដោយ​សេរី នៅក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ដោយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​ការ​អនុវត្តតាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជាមុន​។​

​សេចក្តីប្រកាស លើកឡើងថា ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​តាម​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង អាច​ស្នើសុំ​ប្រភេទ​ទិដ្ឋាការ​ទេសចរណ៍ ប្រភេទ T នៅតាម​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​បរទេស ឬ​អាច​ស្នើសុំ​ទិដ្ឋាការ អេ​ឡិច​ត្រូ​និ​ច E-Visa ហើយ​ត្រូវ​មក​តាម​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង កូ​វីដ​១៩ ឬ​ជា​ទេសចរ មកជា​លក្ខណៈ​គ្រួសារ ឬ​ក្រុម​តូចៗ ជា​ទេសចរ​កម្រិត​ខ្ពស់ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​។​

​ដូច្នេះ​តាម​ស្តាប់​មើលទៅ នៅ​ក្រុងព្រះសីហនុ ក៏ដូចជានៅកោះរ៉ុង និង​នៅ​តារា​សាគរ ក្នុង​ខេត្តកោះកុង ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ទេសចរណ៍​ថ្មី​របស់​កម្ពុជា ក្រោម​ការអភិវឌ្ឍន៍ និង​វិនិយោគ​ដោយ​ជនជាតិ​ចិន គឺ​ច្បាស់​ណាស់​ថា ពេល​បើកទទួល​អ្នកទេសច​រ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នេះ ​ពេលនោះ អាច​នឹងមាន​ជនជាតិ​ចិន ចូលមក​កាន់តែច្រើន​ជាមិនខាន​។​

​ប៉ុន្តែ​នៅពេលនេះ សារព័ត៌មាន​ចិន បាន​ផ្សព្វផ្សាយ​ថា នៅ​ទីក្រុង​ប៉េកាំង បាន​បិទ​ខ្ទប់​ផ្សារ​ទំនើប និង​បរិវេណ​លំនៅឋាន​មួយចំនួន ក្រោយ​រកឃើញ​ករណី​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១១ វិច្ឆិកា ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ផ្ទុះឡើង​នៃ​ករណី​កូ​វីដ​១៩ ខណៈ​រលក​នៃ​ការឆ្លង​ទូទាំងប្រទេស​ចុងក្រោយ​នេះ បាន​រីក​រាលដាល ដល់​សង្កាត់​កណ្តាល​រដ្ឋ​ធានី​ទីក្រុង​ប៉េកាំង​។​

​កន្លងមក ចិន​បាន​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​កូ​វីដ​១៩ បាន​ជោគជ័យ​ភាគច្រើន តាមរយៈ​ការបិទ​ខ្ទប់​រហ័ស ការធ្វើ​តេ​ស្តិ៍​ទ្រង់ទ្រាយ​ធំ និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​។ ប៉ុន្តែ​ការផ្ទុះ​ឡើង​នូវ​ករណី​ឆ្លង​តូចៗ នៅ​ទូទាំងប្រទេស​ចិន ដោយសារតែ​ទាក់ទង​នឹង​ការបើក​ឲ្យ​ធ្វើដំណើរ​ក្នុងស្រុក កាលពី​ខែតុលា​។​

ម្យ៉ាងទៀត នៅពេលនេះ គឺ​ជិត ២​អាទិត្យ ដែលថៃ​ បើកទទួល​ទេសចរណ៍វ៉ាក់សាំង ចាប់តាំង​ពីថ្ងៃទី១ ខែវិច្ឆិកា មកដល់​ពេលនេះ ទោះបី​​​ថៃ​ អនុវត្ត​តាម​វិធានការ​ហ្មត់​ចត់​យ៉ាង​ណា​ក្ដី​ ក៏​អាជ្ញាធរ​សុខាភិបាល ​​រក​ឃើញ​​អ្នក​ទេសចរ​យ៉ាង​តិច​ ១៥​នាក់ ​ឆ្លង​​​ជំងឺ​ខូវីដ​១៩​។​ នេះ​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​ថា ​​អត្រា​ឆ្លង​ប្រចាំ​ថ្ងៃ នៅប្រទេសថៃ ជាប់ព្រំដែនកម្ពុជាយើង ​អាច​ហក់​ឡើង​ខ្ពស់​ជាង​មុន​​ ​​បើ​គ្មាន​​​វិធានការ​ទប់​ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ក្នុងក្របខណ្ឌទេសចរណ៍វ៉ាក់សាំងទេនោះ។​​


យើង​ក៏​នៅចាំ​បាន​ថា អំឡុងពេល​ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដំបូង នៅ​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩ គឺ​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​បុរស​ជនជាតិចិន​ម្នាក់ លើកដំបូង ដែល​កើត​កូ​វីដ​១៩។​ នៅពេល​បុរស​នោះ បាន​ធ្វើដំណើរ​តាម​យន្តហោះ ចេញពី​វ៉ូ​ហាន មកដល់​ទីក្រុង​ព្រះសីហនុ​។ បុរស​នោះ មកជា​មួយ​ប្រពន្ធ និង​កូន​ម្នាក់​។ ក្រោយ​សម្រាក​ព្យាបាល​ជាសះស្បើយពីកូវីដ នៅមន្ទីរពេទ្យខេត្ត​ព្រះសីហនុ បុរស​ជនជាតិ​ចិន​នោះ និង​គ្រួសារ ក៏បាន​ធ្វើដំណើរ​ចាក​ចេញពី​កម្ពុជា​។​

ម្យ៉ាង​បើសិន​ទៅដល់​ពេលនោះ ស្ថានភាព​នៅ​ប្រទេស​ចិន លែង​ឆ្លង​រាលដាល នោះ​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ​។ តែបើ​ដល់​បំណាច់​ខែវិច្ឆិកា​នេះ នៅ​ចិន មិនទាន់​ស្ងប់ស្ងាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ទេ នោះ​គឺជា​អ្វីដែល​អាជ្ញាធរ​សមត្ថកិច្ច​យើង មិន​ថា នៅ​ខេត្ត​ព្រះសីហនុ ឬក៏​នៅ​ខេត្តកោះកុង​ទេ ត្រូវតែ​យកចិត្តទុកដាក់ ហើយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​លើ​អ្នកទេសចរ​វ៉ាក់សាំង នៅក្នុង​តែ​ទីក្រុង ៣​ប៉ុណ្ណោះ ហើយ​ត្រូវធ្វើ​ដោយ​ហ្មត់ចត់ គឺ​នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង និង​នៅ​តំបន់​តារា​សាគរ ក្នុង​ខេត្តកោះកុង​។

​បើ​មិនមាន​ការត្រួតពិនិត្យ ឬ​ការធ្វើ​តេស្ត​ត្រឹមត្រូវ រួមទាំង​ការកំណត់​កន្លែង ដែល​អ្នកទេសចរ​បរ​ទេស​ទាំងនោះ ត្រូវធ្វើ​ដំណើរកម្សាន្ត បែរជាមានករណី​ ​រហូតដល់​ធ្លាយ​ចូល​មកដល់​ភ្នំពេញ ឬក៏​ទៅដល់​សៀមរាប ឬក៏​តំបន់​ទេសចរណ៍​នានា​ផ្សេងទៀត​ នោ​គឺជា​អ្វីដែល​នឹង​នាំ​ដល់​ការមិនអាច​គ្រប់គ្រង​បាន បើសិន​ជាមាន​ករណី​ឆ្លង​កូ​វីដ​១៩​។​

​យ៉ាងណាក៏ដោយ ក្រៅពី​អ្នកទេសចរ​បរទេស ដែល​សុទ្ធតែជា​អ្នក​ចាក់​វ៉ាក់សាំង​រួចរាល់​នោះ ក៏​ទាមទារ​ឲ្យ​អ្នក​បម្រើសេវា​ផ្នែកទេសចរណ៍​​ទាំងអស់ ក៏​ត្រូវតែ​ជា​អ្នកបាន​​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ហើយក៏​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្តរ​កកូ​វីដ​១៩ ក្នុងអំឡុង​ពេល​បម្រើកា​រងារ​ដល់​ក្រុម​អ្នកទេសចរ​ទាំងអស់នោះ​​។ ក្នុង​នោះ វិធានការ ៣​កុំ និង​៣​ការពារ ក៏​នៅតែ​ជា​វិធានការ​ចាំបាច់ ដែល​ទាំង​អ្នកទេសចរ និង​ទាំង​អ្នកបម្រើ​សេវា​ទេសចរណ៍​ទាំងអស់ ត្រូវគោរព និង​អនុវត្ត​។ ធ្វើ​ដូច្នេះ ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា គឺ​ទាំង​អ្នកទេសចរ និង​ទាំង​អ្នកបម្រើ​សេវា​ទេសចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ