ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​ការ​រត់ពន្ធ​ឈើ​ជន្លង់ម្រេច ឆ្លង​ចូល​ទឹកដី​វៀតណាម

8 ឆ្នាំ មុន

ខេត្តក្រចេះ​៖ ក្រោយ​ពិនិត្យ​ឃើញ​ថា ការ​រត់ពន្ធ​ឈើ​ជន្លង់ម្រេច​មិន​ត្រឹមតែ​បង្ក​ភាព អនាធិបតេយ្យ និង​ថែម​ទាំង​បង្ក​គ្រោះ​ចរាចរ​លើ​ផ្លូវជាតិ​ជា​ញឹកញាប់

ខេត្តក្រចេះ​៖ ក្រោយ​ពិនិត្យ​ឃើញ​ថា ការ​រត់ពន្ធ​ឈើ​ជន្លង់ម្រេច​មិន​ត្រឹមតែ​បង្ក​ភាព អនាធិបតេយ្យ និង​ថែម​ទាំង​បង្ក​គ្រោះ​ចរាចរ​លើ​ផ្លូវជាតិ​ជា​ញឹកញាប់ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​។ អាជ្ញាធរ​បាន​បង្កើន​ការ​រឹត​បន្តឹង​ដោយ​ប្រើប្រាស់ វិធានការ​ច្បាប់​ចរាចរ ចាប់​ឃាត់​រថយន្ត​និង​តម្រូវ​បង់​ផាកពិន័យ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​ដឹក​ជន្លង់ម្រេច​ទាំងនោះ ឲ្យ​បញ្ឈប់​កែ​ច្នៃ​រថយន្ត​ខុស​ពី​លក្ខណៈ បច្ចេកទេស​។

ការ​រត់ពន្ធ​ឈើ​ជន្លង់ម្រេច ដែល​បាន​កើត​មាន​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ សព្វថ្ងៃ​ត្រូវ​បាន​គេ​មើលឃើញ​ថា កាន់តែ​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​។ មិន​ត្រឹមតែ​បង្ក​ឲ្យ​វិនាស​ធ្ងន់ធ្ងរ​ដល់​ឈើ​លេខ​១​ប្រភេទ​សុ​ក្រំ និង​ផ្ចឹក​ប៉ុណ្ណោះ​ទេ ជាង​នេះ​ទៅ​ទៀត ក្រុម​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច​រត់ពន្ធ​ដោយ​ខុសច្បាប់​ទាំងនោះ តែងតែ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​គ្រប់​មធ្យោបាយ ដោយសារ​ការ​បើក​វ៉ា​ជែង​គ្នា ដើម្បី​រត់គេច​ពី​ការ​បង់លុយ​ឲ្យ​ក្រុម​កុងត្រូល ហើយ​នៅ​រាល់​គ្រោះថ្នាក់​គឺ​តែងតែ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​កំពុង​តែ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន ពិសេស​អ្នក​ធ្វើ​ដំណើរ​លើ ដងផ្លូវ​កំពុង​តែ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​លើ​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​។

ស្រុក​ស្នួល ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ស្រុក​មួយ​ដែល​មាន​ភាព​អនាធិបតេយ្យ​ធ្ងន់ធ្ងរ​ជាងគេ លើ​ការ​រត់ពន្ធ​ជន្លង់ម្រេច ដែល​បាន​លួច​ដឹក​ជញ្ជូន​ពី​តំបន់​នានា យក​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់​ក្រោម​រូបភាព​ជា​ឈើ​សម្រាប់​ទ្រទ្រង់​ដំណាំ​កសិកម្ម​។ ស្របគ្នា​នេះ​ដែរ​ការ​ដាក់​កុងត្រូលជជុះ​ខុសច្បាប់ ពី​ក្រុម​ស្ថាប័ន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ដែល​អះអាង​មាន​ភារកិច្ច​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ដឹកឈើ ក៏​កើត​មាន​យ៉ាង ស្អេកស្កះ​ពេញ​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល តែ​វិធានការ​បង្ក្រាប​ណាមួយ​ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​។

សេចក្តីរាយការណ៍​ជា​លើក​ចុង​ក្រោយ​ឲ្យ​ដឹង​ថា ក្រៅពី​ធ្លាប់​បង្ក​ឲ្យ​មាន​មនុស្ស​ប្រុស ស្រី​ជា​ច្រើន​នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច ដូច​ជា​បង្ក​ការ​ក្រឡាប់​ដោយ​ខ្លួនឯង និង​ការ​បើក​បុក​រះ ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្លាប់ កាលពី​អំឡុង​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​មនុស្ស​ស្រី​យ៉ាងតិច​៣​នាក់​ត្រូវ​បាន​ស្លាប់ នៅ​លើ​ផ្លូវជាតិ​បន្ទាប់​ពី​ពួក​គេ​បាន​ជិះ​ម៉ូតូ និង​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ជន្លង់ម្រេច​បាន​បុក​បណ្តាល​ឲ្យ​ស្លាប់ ភ្លាម​ៗ​នៅ​លើ​ផ្លូវជាតិ ក្នុងស្រុក​ស្នួល​។

នៅ​ជុំវិញ​វិធានការ​របស់​កម្លាំង​នគរបាល​ចរាចរ ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ ពិសេស​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ​ដឹកឈើ​ជន្លង់ម្រេច​នេះ អធិការរង​នគរបាល​ស្រុក​ស្នួល ទទួល​បន្ទុក​សណ្តាប់ធ្នាប់ លោក​កែ វិ​ណូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មេ​សា នេះ​ថា ក្រោយ​ការ ចុះ​អនុវត្ត​បាន​ពីរ​ថ្ងៃ នគរបាល​ចរាចរ​បាន​ចាប់​ឃាត់​ពពួក​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច បាន​ចំនួន​ជិត​៤០​គ្រឿង​មក ធ្វើការ​ផាកពិន័យ និង​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើ​កិច្ចសន្យា​ឲ្យ បញ្ឈប់​ការ​កែ​ច្នៃ​រថយន្ត​ខុស​លក្ខណៈ​ប​ច្ចក​ទេស​៕