ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ​៖ ទោះបីជា​ក្នុងពេល​ឆ្លង​រាលដាល​កូ​វីដ​១៩ ហើយ​រហូតដល់​ពេលនេះ កូ​វីដ​មិនទាន់​បាត់​ឆ្លង ទាំង​នៅ​កម្ពុជា និង​ទាំង​នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ច្រើន​នាក់ នៅ​តែ​​បន្ត​លួច​​​ឆ្លង​ដែន​​ខុស​ច្បាប់​​។ ការ​ប្រថុយ​នឹង​គ្រោះថ្នាក់ ទាំង​ផ្លូវច្បាប់…

ខេត្តបន្ទាយមានជ័យ​៖ ទោះបីជា​ក្នុងពេល​ឆ្លង​រាលដាល​កូ​វីដ​១៩ ហើយ​រហូតដល់​ពេលនេះ កូ​វីដ​មិនទាន់​បាត់​ឆ្លង ទាំង​នៅ​កម្ពុជា និង​ទាំង​នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ច្រើន​នាក់ នៅ​តែ​​បន្ត​លួច​​​ឆ្លង​ដែន​​ខុស​ច្បាប់​​។ ការ​ប្រថុយ​នឹង​គ្រោះថ្នាក់ ទាំង​ផ្លូវច្បាប់ និង​ទាំង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ តាម​រយៈការ​លួច​​​ឆ្លង​ដែន​​ខុស​​ច្បាប់​​​​នេះ គឺ​មាន​​បំណង ដើម្បីទៅ​​រក​ការងារ​ធ្វើ ក្នុង​ទឹកដី​ថៃ​។​

​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣០​នាក់ ដែល​បម្រុង​លួច​ឆ្លងដែន ទៅ​ប្រទេស​ថៃ ត្រូវបាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ ទប់ស្កាត់​មិន​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​នោះទេ​។ អ្នក​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន នៅវេលា​ម៉ោង ៧ និង ៣០​នាទី ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ភូមិ​ឣ​ភិ​វឌ្ឍន៍ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ក្រោយមក​បន្តិច កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ក៏​សហការ​ជាមួយ​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ កងអនុសេនាតូច​ទី​៣ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ និង​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ទៀត ជា​មេខ្យល់ ក្នុងករណី​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ​។ មេខ្យល់​រូបនេះ បាន​សារភាពថា ខ្លួនគេ​ធ្លាប់បាន​ដឹក​មនុស្ស​ឆ្លងដែន ទៅ​ប្រទេស​ថៃ ចំនួន ២​លើក​រួចមកហើយ​។ 

​ដោយឡែក នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​លួច​ឆ្លងដែន ចូលទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ សរុប​ចំនួន ៥៥​នាក់ (​ស្រី ១៩​នាក់​)​។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវបាន​ថៃ ចាប់ខ្លួន នៅ​ភូមិ​ថាប់​ភិ​កណ​យ ឃុំ​ថាប់​ភិ​ក និង​ភូមិ​ខៅ​ណ​យ ឃុំ​ក្លង​ណាំ​សៃ ស្រុក​អរញ្ញ ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា ក្នុង​ខេត្តបន្ទាយមានជ័យ និង​ក្នុង​ខេត្តបាត់ដំបង​។​

​ដំណឹង​នៃ​ការចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ លួច​ឆ្លងដែន​ខុសច្បាប់​ចេញចូល​ទឹកដី​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នេះ បានកើត​ឡើង​យូរ​មកហើយ ពិសេស​ទោះជា​ក្នុងពេល​កូ​វីដ ឆ្លង​រាតត្បាត​ខ្លាំង ទាំង​នៅ​កម្ពុជា​យើង និង​ទាំង​នៅ​ប្រទេស​ថៃ ក៏ដោយ​។ នៅពេលនេះ​ទៀត កូ​វីដ​មិនទាន់​បាត់​ឆ្លង​ផង ក៏មាន​ពលរដ្ឋ​ខ្មែរ​យើង​ទាំង​ក្រុមៗ បន្ត​លួច​ឆ្លងដែន ចូល​ប្រទេស​ថៃ ហើយ​ទោះ​ជាមាន​អ្នក​ឆ្លង​ប៉ា​រាស់​រួច​ពី​ទឹកដី​កម្ពុជា​យើង តែ​ក៏​នៅ​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​ថៃ ស្ទាក់​ចាប់បាន​ច្រើន​នាក់​។​

​ការបន្ត​ផ្សងព្រេង ប្រថុយ​នឹង​គ្រោះថ្នាក់ ទាំង​ឆ្លង​កូ​វីដ និង​ទាំង​គ្រោះថ្នាក់​ផ្លូវកាយ ដល់​អាយុជីវិត​ផង​នេះ ក៏​ដើម្បី​តែ​រក​ការងារ​ធ្វើ​ បានប្រាក់ចិញ្ចឹមគ្រួសារ​។ ការងារ​នៅ​ប្រទេស​ថៃ ទទួល​កម្រៃ​ច្រើនជាង​នៅ​ស្រុក​យើង ហើយ​នៅ​ថៃ ក៏​សំបូរ​ការងារ​ធ្វើ ខណៈដែល​​អ្នក​ឆ្លងដែន​ទាំងនោះ រក​ការងារ​មិនបាន​ធ្វើ ឬក៏មិនធ្វើការងារក្នុងស្រុក ដែលទទួលកម្រៃតិចជាង នៅប្រទេសថៃ ជាដើម​។​

​ពេលនេះ ទោះជា​ត្រូវ​ប្រឈម​នឹង​ការឆ្លង​កូ​វីដ តែ​ក្រុម​អ្នក​ឆ្លងដែន សុខចិត្ត​ប្រថុយ ជាជាង​ស្លាប់ ដោយសារតែ​មិនមាន​ចំណូល និង​មិនមានការងារធ្វើ​ បើ​បន្ត​ដេក​​នៅ​​ស្រុក​កំណើត​​។ ម្យ៉ាង​ការ​លួច​ឆ្លងដែន​នេះ ម្នាក់ៗ ត្រូវ​ចំណាយលុយ​ឲ្យ​មេខ្យល់ ដែលជា​អ្នក​នាំ​ផ្លូវ​ប្រមាណ ៥០០០​បាត ស្មើ​ប្រមាណ ១៥០​ដុល្លារ ក្នុង​ម្នាក់ៗ ថែមទៀត​។

​ដូច្នេះ​ដើម្បី​ដោះស្រាយ​ករណី​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើនៅ​ប្រទេស​ថៃ​នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​រាជរដ្ឋាភិបាល ដាក់ចេញ​នូវ​ផែនការ​ច្បាស់លាស់ ដោះស្រាយ និង​បង្កើត​ការងារ​ធ្វើ​នៅតាម​ស្រុកភូមិ ឲ្យ​កាន់តែ​ច្រើនជាង​សព្វថ្ងៃ​។ រីឯ​ការងារ និង​មុខរបរ​មួយចំនួន ពិសេស​ការងារ​ប្រើ​កម្លាំង ដូចជា ការងារ​សំណង់ ធ្វើស្រែ​ចំការ ការងារ​ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដែល​មិនត្រូវ​ការជំនាញ ជាដើម ត្រូវ​ចេញ​ច្បាប់​ហាមឃាត់ មិន​ឲ្យ​ជនបរទេស ធ្វើ​ឡើយ​។ ទុក​ការងារ​ទាំងនេះ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ ប្រាក់​ឈ្នួល ក៏ត្រូវ​ទទួលបាន​សម​រម្យ ដោយ​មិនចាំបាច់​ដល់​ថ្នាក់​ដូច​ការងារ​ក្នុងប្រទេស​ថៃ​ទេ តែ​ក្រោម​បន្តិចបន្តួច ក៏បាន​ដែរ​។​

​មួយវិញទៀត អាជ្ញាធរ​សមត្ថកិច្ច​យើង បើ​ថា មិនអាច​បង្កើត​ការងារ​ឲ្យ​ច្រើន​នៅតាម​ស្រុកភូមិ​ទេ ក៏​ត្រូវតែ​រៀបចំ​ធ្វើយ៉ាងណា ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ពិសេស​នៅ​ប្រទេស​ថៃ ត្រូវ​ចេញចូល​ដោយ​ស្របច្បាប់​។ ពោលគឺ​ចុះ​ស្រង់​តាមស្រុក​​ភូមិ តាម​ខ្នង​ផ្ទះ​តែម្តង ចំពោះ​អ្នក​ចង់ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ត្រូវ​រៀបចំ​ឲ្យ​មាន​លិខិតឆ្លងដែន និង​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើការ​តែម្តង ដោយ​សហការ​ជាមួយ​ភាគី​ថៃ​។ ធ្វើ​ដូច្នេះ យើង​អាច​គ្រប់គ្រង​អ្នក​ឆ្លងដែន ហើយ​ក្នុងពេល​កូ​វីដ​នេះ ក៏​យើង​អាច​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​បាន តាមរយៈការចេញចូលតាមច្រកព្រំដែនផ្លូវការ និងឆ្លងកាត់ការត្រួតពិនិត្យ និងការធ្វើចត្តាឡីស័កត្រឹមត្រូវ​។​

​កន្លងមក ដោយសារតែ​បែបបទ​នៃ​ការធ្វើ​លិខិតឆ្លងដែន និង​ប័ណ្ណ​ការងារ លំបាក ហើយ​ចំណាយលុយ​ច្រើន គួបផ្សំ​នឹង​ពលរដ្ឋ​មួយចំនួន មិន​យល់​ដឹងផង ក៏​កើត​ជាការ​លួចលាក់​ឆ្លងដែន ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្លូវកាយ សន្តិសុខ​ផង និង​ពិសេស​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​ថែមទៀត​។ រីឯការគ្រប់គ្រ​ង​អ្នកចំណាកស្រុកទាំងនោះ ក៏លំបាក និងមិនអាចទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ បានឡើង បើមានអ្នកលួចឆ្លងដែន​ដូច្នេះ​។

​ដោយឡែក ពលរដ្ឋ​ខ្មែរ អ្នក​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក៏​ត្រូវតែ​បញ្ឈប់​ការ​លួចលាក់ ឆ្លងដែន​ខុសច្បាប់ ឬ​ទៅតាម​គ្នា តាម​មេខ្យល់​។ រក​វិធី​ចូលធ្វើការ​ដោយ​ស្របច្បាប់ តាមរយៈ​ទីភ្នាក់ងារ​ក្រុមហ៊ុន ឬក៏​អាជ្ញាធរ​សមត្ថកិច្ច ​នៅតាម​ខេត្ត​ជាប់​ព្រំដែន ដោយត្រូវមាន​លិខិតឆ្លងដែន និង​បណ្ណ​ធ្វើ​ការងារ​ត្រឹមត្រូវ​។ បើ​បន្តទៅ​លួចលាក់​ខុសច្បាប់​ទៀត មិន​ត្រឹមតែ​ប្រឈម​គ្រោះថ្នាក់​ទេ តែ​អស់ទាំង​លុយ ហើយបើ​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​ព្រំដែន​ទាំង​ខាង​ខ្មែរ​យើង និង​ទាំង​នៅ​ខាង​ប្រទេស​ថៃ ស្ទាក់​ចាប់បាន​ ដូចព័ត៌មាន​ចុះផ្សាយ​ជា​ហូរហែ គឺ​ទៅមិនដល់កន្លែងធ្វើការ តែត្រូវអស់លុយ ដែល​បាន​​បង់​​​ឲ្យ​មេ​ខ្យល់​​​​។ ​ម្យ៉ាង​ទៀត​ ក៏​​គួរតែ​រក​ការងារ​ធ្វើ​ក្នុងស្រុក ដែល​សព្វថ្ងៃ ​មិន​ថា ក្នុង​វិស័យ​សំណង់ ឬក៏​វិស័យ​កសិកម្ម​នោះទេ គឺ​យើង​​កំពុង​ខ្វះខាតកម្លាំង​ពល​កម្ម ហើយ​តម្លៃ​ឈ្នួល ទោះជា​ស្រុក​យើង មិនបាន​ថ្លៃ​ដូច​នៅ​ប្រទេស​ថៃ ក៏​គួរតែ​ធ្វើ​ការ​នៅ​ក្នុងស្រុក ប្រសើរជាងលួចឆ្លង​ដែន​ទៅថៃ​ ដូច​ពាក្យចាស់​លោក​​ថា ជួញ​ជិត ជាជាង​ជួញ​ឆ្ងាយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ