ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​ ៣ ​តម្លៃ ​២០០ ​លាន​ដុល្លារ​បំពាក់​កាមេរ៉ា និង​ភ្លើង​ចរាចរណ៍​ឆ្លាត​វៃ ទំនើប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បី​ធានា​សុវត្ថិភាព​លើ​កំណាត់​ផ្លូវជាតិ​លេខ ​៣ កា​មេ​រ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ​ ១០​ ទីតាំង​ត្រូវ​បាន​ដំឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​ពី​ចោម​ចៅ​ទៅ​កំពត ដែល​មាន​ប្រវែង​សរុប​១៣៥​ គីឡូម៉ែត្រ នោះ…

រាជធានីភ្នំពេញ ៖ ដើម្បី​ធានា​សុវត្ថិភាព​លើ​កំណាត់​ផ្លូវជាតិ​លេខ ​៣ កា​មេ​រ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ​ ១០​ ទីតាំង​ត្រូវ​បាន​ដំឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​ពី​ចោម​ចៅ​ទៅ​កំពត ដែល​មាន​ប្រវែង​សរុប​១៣៥​ គីឡូម៉ែត្រ នោះ ​។ ក្នុង​នោះ​ពី​ចោម​ចៅ​ដល់​បែក​គូស​ជា​ផ្លូវ ៤​គន្លង​មាន​ចំនួន​ ៤ ​ទីតាំង និង​កំណាត់​ផ្លូវ​ពី​បែក​គូស​ទៅ​ទីរួមខេត្ត​កំពត ជា​ផ្លូវ ​២ ​គន្លង មាន​ចំនួន ៦​ ទីតាំង​ ។

ក្រៅពី​នេះ ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប ចំនួន​ពីរ​ទីតាំង​បាន​ដំឡើង​ផង​ដែរ នៅ​ត្រង់​ចំណុច​វត្ត​ស្លែង និង​ផ្សារ​អង្គតាសោម ។ ភ្លើង​សញ្ញា​ចរាចរណ៍​ទាំង​ពីរ​ទីតាំង​បំពាក់​នូវ​ប្រព័ន្ធ​ Wireless សម្រាប់​ភ្ជាប់​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ និង​ធ្វើការ​បញ្ជា​ដំណើរការ​តាម​ទូរ​សព្ទ​ដៃ ព្រមទាំង​បំពាក់​នូវ​ប្រព័ន្ធ​សូ​ឡា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​សម្រាប់​ផ្គត់ផ្គង់​អគ្គី​ស​នី​ ។

ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប​ទាំងនេះ ក្នុង​គោលបំណងតាមដាន ការពារ​សុវត្ថិភាព និង​សម្រួលការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ផ្លូវជាតិ​លេខ ​៣ ដែល​ក្នុង​នោះ អគ្គស្នងការ​នគរបាល​ជាតិ​នឹង​គ្រប់គ្រង​រាល់​សកម្មភាព និង​ប្រតិបត្តិការ​របស់​កាមេរ៉ា​ចាប់​ល្បឿន​ទាំង ១០ ​ទីតាំង ទាំង​ការ​គ្រប់គ្រង​ទិន្នន័យ និង​ការ​ពិន័យ​បទល្មើស​ផង​ដែរ ​។

ក្រសួង​ជំនាញ​បាន​បញ្ជាក់​ថា កាមេរ៉ា​ចាប់​ល្បឿន​ទាំងនេះ​អាច​ឱ្យ​មន្ត្រី​ជំនាញ​ដឹង​នូវ​ល្បឿន​របស់​រថយន្ត ពណ៌ ប្រភេទ និង​ស្លាក​លេខ​រថយន្ត អ្នកបើកបរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ការពារ និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ​ ។ មុន​នឹង​ដាក់​ប្រើប្រាស់​ផ្លូវការ អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​អំពី​ច្បាប់​ចរាចរណ៍ និង​ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន ហើយ​អាជ្ញាធរ​នឹង​បំពាក់​ផ្លា​ក​សញ្ញា​ជូនដំណឹង​ដល់​អ្នកបើកបរ​យ៉ាងតិច​ ១ ​គីឡូម៉ែត្រ​មុន​ដល់ទី​តាំង​កាមេរ៉ា​ចាប់​ល្បឿន ​។

កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ​ទាំង ​១០ ​ទីតាំង នឹង​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ ​២០២១ បន្ទាប់​ពី​ទទួល​បានការ​ឯកភាព​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ច​រា​រណ៍​ផ្លូវគោក និង​លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​។ ចំណែក​ភ្លើងស្តុប​ចរាចរណ៍​ទាំង​ពីរ​ទីតាំង​ត្រូវ​បាន​ដាក់​ដំណើរការ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។

ផ្លូវជាតិ​លេខ ​៣ ចាប់ពី​រង្វង់​មូល​ចោម​ចៅ រាជធានី​ភ្នំពេញ ដល់​ក្រុង​កំពត មាន​ប្រវែង​សរុប​ជិត ១៣៥ ​គីឡូម៉ែត្រ បាន​ជួសជុល កែ​លម្អក្នុង​ទឹកប្រាក់ ២០០​ លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ពេល​ថ្មី​ៗ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ