ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ចំណុចដែលសៀមបង្កជម្លោះ “អ្នកវិភាគថាៈ យន្តការទ្វេភាគីកំពុងក្លាយជា ចំណាប់ខ្មាំងនៃនយោបាយផ្ទៃក្នុងសៀម”

13 ឆ្នាំ មុន

ការ​ដាក់​ឱ្យ​មាន​ប្រក្រតី​កម្ម​ខាង​ទំនាក់ទំនង ការទូត​ឡើង​វិញ​រវាង​ថៃ និង​កម្ពុជា​ក្នុង​ពេល ថ្មី​ៗ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​របត់​ន​យោ បាយ​ការទូត​វិជ្ជមាន​ថ្មី​មួយ​ដែល​នឹង​ផ្ដល់​ឱកាស ឱ្យ​ប្រទេស​ទាំង​ពីរ​អាច​និយាយ​ជាមួយ​គ្នា​បាន ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ខណៈ​ពេល​ដែល​បញ្ហា ព្រំដែន​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ដំណោះស្រាយ​មួយ ច្បាស់លាស់​នៅឡើយ អាស្រ័យ​ដោយ​វិបត្ដិ នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​មិន​ត្រូវ​បាន​បញ្ចប់ និង​បញ្ហា​នយោបាយ​ជាតិនិយម​ជ្រុល​របស់​ថៃ

ការ​ដាក់​ឱ្យ​មាន​ប្រក្រតី​កម្ម​ខាង​ទំនាក់ទំនង ការទូត​ឡើង​វិញ​រវាង​ថៃ និង​កម្ពុជា​ក្នុង​ពេល ថ្មី​ៗ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​របត់​ន​យោ បាយ​ការទូត​វិជ្ជមាន​ថ្មី​មួយ​ដែល​នឹង​ផ្ដល់​ឱកាស ឱ្យ​ប្រទេស​ទាំង​ពីរ​អាច​និយាយ​ជាមួយ​គ្នា​បាន ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ខណៈ​ពេល​ដែល​បញ្ហា ព្រំដែន​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ដំណោះស្រាយ​មួយ ច្បាស់លាស់​នៅឡើយ អាស្រ័យ​ដោយ​វិបត្ដិ នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​មិន​ត្រូវ​បាន​បញ្ចប់ និង​បញ្ហា​នយោបាយ​ជាតិនិយម​ជ្រុល​របស់​ថៃ នៅ​តែ​ជា​ឧបសគ្គ​ញុះញង់​ឱ្យ​ប្រជាជន​នៃ ប្រទេស​ទាំង​ពីរ​មាន​អរិយ​ភាព​នឹង​គ្នា​លើ​ការ យល់​ដឹង​ក្នុង​ប្រវត្ដិសាស្ដ្រ​ទាក់ទង​ទៅ​នឹង​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ ហើយ​ថៃ​នៅ​តែ​បន្ដ​ធ្វើការ ទាមទារ​ដែនដី​ដែល​ថៃ​ហៅ​ថា តំបន់​៤,៦​គីឡូ ម៉ែត្រក្រឡា​ដោយ​ផ្អែក​លើ​ផែនទី​សម្ងាត់​ជា ឯកតោភាគី​របស់​ខ្លួន ដែល​គ្មាន​តម្លៃ​ខាង​ច្បាប់ អន្ដរជាតិ ​។ ការ​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ គឺ​អាស្រ័យ​លើ​សុច្ឆន្ទៈ​របស់​ថៃ តើ​ថៃ​មាន​បំណង ពិតប្រាកដ​ឬទេ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ផ្អែក​លើ​យន្ដការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ​។ ក៏​ប៉ុន្ដែ​ចលនា​អាវ​លឿង​មានកំ​លាំង នយោបាយ​ក្នុង​សង្គម​ថៃ​ដ៏​ខ្លាំង កំពុង​គាបសង្កត់ ឱ្យ​រដ្ឋបាល​អាប់​ភី​ស៊ី​ត​លុប​ចោល​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ ​។ ដូច្នេះ ហើយបញ្ហា​ព្រំដែន​នៅ​តែ​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់ ជា​ឧបករណ៍​នយោបាយ​ផ្ទៃក្នុង​របស់​ថែ ដែលយើង​និយាយ​ថា យន្ដការ​ទ្វេភាគី​កំពុង​ធ្លាក់ ទៅ​ជា​ចំណាប់ខ្មាំង​នៃ​នយោបាយ​ផ្ទៃក្នុង​ថៃ ខណៈ​ពេល​ដែល​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​៣ របស់​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក រវាង​ប្រទេស​ទាំង​២ សភា​ថៃ មិន​ទាន់​ផ្ដល់ សច្ចាប័ន​នៅឡើយ​ ។

កន្លង​មក​សារព័ត៌មាន និង​អ្នកនយោបាយ ថៃ​ខ្លះ​បាន​លើក​ឡើង​ដោយ​ខុសឆ្គង ឬ​ក្នុងចេតនា​ខាង​នយោបាយ ដើម្បី​បង្វែរ​ការ​យក ចិត្ដ​ទុកដាក់​ពី​វិបត្ដិ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ ថាប្រភព​នៃ​ការ​តានតឹង​ខាង​យោធា​នៅ​តាម បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​បង្កើត​ឡើង​ដោយ ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ ដោយ​ឯកតោ ភាគី​ហើយ ក្រោយមក​ទៀត​ថា ការ​តានតឹង​ក្នុង ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កើត ឡើង​ដោយសារ​ការ​តែងតាំង លោក​ថា​ក់ ស៊ី​ន ជាទី​ប្រឹក្សា​សេដ្ឋ​កិ​ច្ឋ​របស់​កម្ពុជា ​។ ការ​លើកឡើង​ដូច្នេះ​របស់​សារព័ត៌មាន​ថៃ និង​អ្នក​ន​យោបាយ​ថៃ​ខ្លះ​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង ក្នុង​ចេតនាដើម្បី​និយាយ​កុហក និង​បំភាន់​សាធារណជនជាតិ និង​អន្ដរជាតិ​ប៉ុណ្ណោះ​ ។
តាម​ពិត​ប្រភព​នៃ​ភាព​តានតឹង​ខាង​យោធា នៅ​តាម​បណ្ដោយ​ព្រំដែន និង​ក្នុង​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​បាន​កើត​ចេញពី​មូលហេតុ បួន​យ៉ាង ៖

ទី​១-​ការ​អនុវត្ដ​នយោបាយ​ជាតិនិយម ជ្រុល​របស់​ថៃ​បង្កើត​ឱ្យ​មានការ​យល់​ដឹង​មិន ត្រឹមត្រូវ ឬ​ការ​យល់​ដឹង​ខុស​ក្នុង​ប្រវត្ដិសាស្ដ្រ ទាក់ទង​ទៅ​នឹង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ការ​យល់​ដឹង​មិន​ត្រឹមត្រូវ ឬ​ការ​យល់ ដឹង​ខុស​នេះ​ហើយ គឺជា​ប្រភព​នៃ​ជម្លោះ​រវាង ប្រទេស​ពីរ​ ។ ការ​យល់​ដឹង​ខុស ឬ​ការ​យល់​ដឹង មិន​ត្រឹមត្រូវ​បាន​បំផុស​ឡើង​ដោយ​អ្នក​ន​យោ បាយ​ថៃ​មួយ​ចំនួន និង​អ្នកប្រវត្ដិសាស្ដ្រ​ថៃ​ខ្លះ ដែល​ធ្វើ​ល្ងីល្ងើ​គ្មាន​ការ​អៀនខ្មាស ចំពោះ​ការ ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ ដែល​ដូនតា​របស់​ថៃ​ជំនាន់ មុន​បាន​កសាង និង​បន្សល់​ទុក​ឱ្យ​ថៃ​ជំនាន់ ក្រោយ​នេះ ហើយ​ថៃ​ជំនាន់​នេះ​គួរ​គប្បី​មាន មោទនភាព និង​រីករាយ​នូវ​អ្វី​ដែល​គេ​ទទួល បាន​ពី​ដូនតា​របស់​ពួក​គេ​រហូត​មក​ដល់​សព្វ ថ្ងៃនេះ គឺ​ផែនទី​ឆ្នាំ​១៩០៨ និង​ព្រំដែន​ច្បាស់លាស់ ស្ថិរភាព និង​ស្ថាពរ ​។ ដូច្នេះ​ប្រជាជន​ថៃ​គ្មាន​ហេតុផល​ណា​ដែល ត្រូវ​អនុវត្ដ​នយោបាយ​ជាតិនិយម​ជ្រុល ដែល បង្កើត​ឱ្យ​មានការ​យល់​ដឹង​មិន​ត្រឹមត្រូវ ឬ​ការ​យល់​ដឹង​ខុស​ក្នុង​ប្រវត្ដិសាស្ដ្រ​ទាក់ទង​ទៅ​នឹង​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​សោះឡើយ​ ។ ក៏​ប៉ុន្ដែ​ការ​បង្កើត​ឱ្យ​មានការ​យល់​ដឹង​មិន​ត្រឹមត្រូវ ឬ​ការ​យល់​ដឹង​ខុស​នេះ គឺជា​ចេតនា​ខាង​នយោបាយ​របស់​អ្នកប្រវត្ដិសាស្ដ្រ​ថៃ​មួយ​ក្ដាប់​តូច និង​អ្នកនយោបាយ​ថៃ​ខ្លះ ដែល​បាន​ឆ្លៀតឱកាស​បង្វែរ​ការ​យកចិត្ដទុកដាក់​ពី​វិបត្ដិ​នយោបាយ​ផ្ទៃក្នុង ដែល​កើតឡើង​នៅ​ភាគ​ខាងត្បូង​មិន​អាច​រក​ដំណោះស្រាយ​បាន​នៅឡើយ និង​បង្វែរ​ការ​យកចិត្ដទុកដាក់​ពី​វិបត្ដិ​នយោបាយ​កើតឡើង​ក្រោយ​ពី​ការ​ទំលាក់​លោក​ថា​ក់​ស៊ី​ន ចេញពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​នា​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០០៦ ហើយ​ក៏​បាន​យក​បញ្ហា​នេះ​ដើម្បី​ធ្វើ​ឧបករណ៍​នយោបាយ​ដើម្បី​អំណាច​ ។

ទី​២-​អ្នកនយោបាយ​ថៃ​ខ្លះ​បាន​ប្រើប្រាស់ ផែនទី​សម្ងាត់​ឯកតោភាគី​របស់​ខ្លួន ឬ​ផែនទី ចម្លែក​ដែល​អន្ដរជាតិ​មិន​បាន​ទទួលស្គាល់ហើយ ផែនទី​នេះ ត្រូវ​បាន​គេ​មើលឃើញ​ក្នុង​ឆ្នាំ ២០០៧ ​។ ផែនទី​ចម្លែក​នេះ ថៃ​បាន​លួច​គូស ដោយ​ឯកចិត្ដ​ក្រោយ​ពី​ថៃ​បាន​ចាញ់ក្ដី​នៅ ឡា​អេ​ឆ្នាំ ១៩៦២ ​។ ដូច្នេះការ​លួច​គូស​ផែនទី សម្ងាត់​ឯកតោភាគី​របស់​ថៃ គឺជា​ប្រភព​នៃជម្លោះ​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​គំនិត មហិច្ឆតា​យូរអង្វែង ហើយ​បណ្ដុះ​នូវ​គំនិត​ជាតិ និយម​ជ្រុល​ក្នុង​ចំណោម​ប្រជាជន​ថៃ​ឱ្យ​មាន ការ​យល់​ដឹង​មិន​ត្រឹមត្រូវ ឬ​ការ​យល់​ដឹង​ខុស​ថា មាន​តំបន់​ត្រួតស៊ីគ្នា ឬ​តំបន់​ជម្លោះ ឬ​តំបន់​មិនទាន់​ដោះស្រាយ ឬ​តំបន់​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ ​។ ពីព្រោះ​ការ​លួច​គូស​ផែនទី​ដោយ​ឯកចិត្ដ គឺ ជា​ការ​រំលោភ​ទាំងស្រុង​ទៅ​នឹង​សេចក្ដីសម្រេច របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ​។ ផែនទី​ចម្លែក របស់​ថៃ​បង្កើត​ឱ្យ​មាន​តំបន់​ត្រួតស៊ីគ្នា ឬ​តំបន់ជម្លោះ​ដែល​គ្មាន​តម្លៃ​ខាង​គតិយុត្ដិ​អន្ដរជាតិ ហើយ​អន្ដរជាតិ​មិន​បាន​ទទួលស្គាល់​ឡើយ​ ។ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​ប្រើប្រាស់ផែនទី​ឆ្នាំ​១៩០៨ ដើម្បី​សម្រេច​លើ​វិវាទ​លើអធិបតេយ្យ​ដែនដី​ត្រង់​តំបន់​ព្រះ​វិហារ ក្នុង​ឆ្នាំ ១៩៦២ ​។
ផែនទី​ចម្លែក​នេះ ត្រូវ​បាន​គណបក្ស​ប្រជា ធិ​ប​តេ​យ្យ​ប្រើប្រាស់​ជា​ល្បែង​នយោបាយ​ដើម្បី ដណ្ដើម​អំណាច​គ្នា ហើយ​តាម​រយៈ​ផែនទី ចម្លែក​នេះ អាប់​ភី​ស៊ី​ត បាន​បំផុស​ឱ្យ​មានគំនិត ជាតិនិយម​ជ្រុល​ដោយ​ប្រើប្រាស់​ចលនា​សម្ព័ន្ធ ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ជា​កំលាំង នយោបាយ​ទំលាក់​លោក សា​ម៉ាក់ និង​លោក ស៊ុម​ឆាយ ចេញពី​អំណាច​ ។ ឥឡូវ​ផែនទី​ចម្លែក និង​នយោបាយ​ជាតិនិយម​ជ្រុល បាន​និង​កំពុង ក្លាយជា​កាំបិត​ចិត​ដង​ឯង​របស់​គណបក្ស​ប្រជា ធិ​ប​តេ​យ្យ​នៅ​ពេល​ដែល​ចលនា​ក្រុម​អាវ​លឿង ជម្រុញ​ឱ្យ​អាប់​ភី​ស៊ី​ត​លុប​ចោល​អនុស្សរណៈ​នៃ ការ​យោគយល់​គ្នា ឆ្នាំ​២០០០ ហើយ​ឱ្យ​បណ្ដេញ ប្រជាជន​កម្ពុជា​ចេញពី​តំបន់​ដែល​អាប់​ភី​ស៊ី​ត អះអាង​ថា តំបន់​ត្រួតស៊ីគ្នា ឬ​តំបន់​ជម្លោះ ឬតំបន់​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ ឬ​តំបន់​ដែល​មិន ទាន់​បាន​ដោះស្រាយ​ ។ ឥឡូវ​រឿង​ជម្លោះព្រំដែន ក្បែរ​ប្រាសាទព្រះវិហារ​ខ្មែរ​កាន់តែ​ស្មុគស្មាញទៅ​ៗ បង្កើត​ឱ្យ​មានការ​ទាស់ទែង​ខ្វែងគំនិត គ្នា​ក្នុង​ចំណោម​អ្នកនយោបាយ​ថៃ និង​អ្នក​ប្រវត្ដិសាស្ដ្រ​ថៃ​ខ្លះ​លើ​របៀប​ដែល​ត្រូវ​ដោះស្រាយ យ៉ាងណា​នោះ គឺ​គ្មាន​ការ​ឯកភាព​គ្នា​ក្នុង​ប្រទេសថៃ​នៅឡើយ​ទេ​ ។ ការ​មិន​ឯកភាព​គ្នា​លើ​របៀប ដោះស្រាយ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​កំណត់ហេតុ ប្រជុំ​៣​របស់​គណៈកម្មការ​ចម្រុះ​កំណត់ព្រំដែន ដែល​បាន​ឯកភាព​គ្នា​ត្រូវ​បាន​សភា​ថៃ​រក្សា​ទុក មួយ​ឡែក​សិន​រង់ចាំ​ឱ្យ​មានការ​ឯកភាព​ពី​ប្រជា ជន​ថៃ​ទាំងពួង​សិន ​។ ដូច្នេះ​វា​បង្ហាញ​ឱ្យ​ឃើញ ច្បាស់​ថា វិបត្ដិ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​បាន ទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ផលវិបាក​នៃ វិបត្ដិ​នេះ ហើយ​ផលវិបាក​នៃ​វិបត្ដិ​នេះ​ធ្វើ​ឱ្យ ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ​មានការ​ពិបាក មួយ​កំរិត​ ។ ទោះបី​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម ឡើង​វិញ​នូវ​ប្រក្រតី​កម្ម​ខាង​ទំនាក់ទំនង​ការទូត ក៏​ដោយ ក៏​ប្រទេស​ថៃ​នៅ​តែ​លើក​ឡើង​បញ្ហាព្រំដែន និង​ប្រាសាទព្រះវិហារ​ខ្មែរ​យូរអង្វែង ដោយ​ប្រទេស​ថៃ​នៅ​តែ​ចិញ្ចឹមចិត្ដ​មហិច្ឆតា ចង់​ឈ្លានពាន​យក​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដោយ​ប្រទេស​ថៃ​នៅ​តែ​បន្ដ​ធ្វើការទាមទារ​ដែនដី​ដែល​ហៅ​ថា តំបន់​៤,៦​គីឡូម៉ែត្រក្រឡា ដោយ​ផ្អែក​តាម​ផែនទី​សម្ងាត់ របស់​ខ្លួន​គូស​ជា​ឯកតោភាគី និង​គ្មាន​តម្លៃ​ច្បាប់អន្ដរជាតិ ​។ ការ​យល់​ដឹង​មិន​ត្រឹមត្រូវ ឬ​ការ​យល់​ដឹង ខុស​របស់​ថៃ​ក្នុង​ប្រវត្ដិសាស្ដ្រ និង​គតិយុត្ដិ ធម៌​ក្នុង​ច្បាប់​អន្ដរជាតិ គឺ​ផ្ទុយ​ពី​សច្ចធម៌ និង កិច្ចព្រមព្រៀង​អន្ដរជាតិ​ទាំងឡាយ ដែល​បាន ផ្ដល់​ឱ្យ​កម្ពុជា និង​ថៃ​នូវ​ខ្សែបន្ទាត់​ព្រំដែន​អន្ដរ ជាតិ​មួយ​ច្បាស់លាស់ មាន​ស្ថិរភាព និង​ស្ថាពរ បន្សល់​ទុក​ដោយ​ព្រះមហាក្សត្រ​សៀម ជូ​ឡា ឡុ​ង​កន ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ​ ។ ដូច្នេះផែនទី​ឆ្នាំ​១៩០៨ ធ្វើ​ឡើង​ដោយ​គណៈកម្មការ ចម្រុះ​កំណត់ព្រំដែន​បារាំង និង​សៀម ដែល ជា​មរតក​របស់​ថៃ​សព្វថ្ងៃ ត្រូវ​បាន​បន្សល់​ទុក ដោយ​ព្រះមហាក្សត្រ​សៀម ជូ​ឡា​ឡុ​ង​កន គឺ ជា​មរតក​រដ្ឋ​ធានា​នូវ​ស្ថិរភាព និង​ស្ថាពរ​នៃ​ខ្សែ បន្ទាត់​ព្រំដែន​អន្ដរជាតិ​ ។

ទី​៣-​សារព័ត៌មាន​ថៃ​ខ្លះ និង​អ្នក​ន​យោបាយ​ថៃ​ខ្លះ បាន​ធ្វើការ​បកស្រាយ​ខុស​ចំពោះ សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ដោយលើក​ឡើង​ថា សាលដីកា​នោះ​សម្រេច​ដាក់​តែ​តួ ប្រាសាទព្រះវិហារ​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា ហើយ តំបន់​ជុំវិញ​ប្រាសាទ មិន​ទាន់​បាន​ដោះស្រាយនៅឡើយ​ ។ ការ​បកស្រាយ​ខុស​គឺជា​ចេតនា របស់​អ្នកនយោបាយ​ថៃ​ខ្លះ ដើម្បី​បំពុល​បរិ​យាកាស និង​បំភាន់​សាធារណ​ជនជាតិ និង​អន្ដរជាតិ ​។ ត្រង់​ចំណុច​នេះ ថៃ​មិន​អនុវត្ដ​តាម​ពេញ លេញ​ទៅ​នឹង​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ​ថៃ​បាន​រំលោភ​ទៅ​នឹង សាលដីកា​នេះ ហើយ​ថែម​ទាំង​បញ្ជូន​កងទ័ព ថៃ​ឈ្លានពាន​ចូល​កាប់​ទឹកដី​កម្ពុជា ក្បែរ​តំបន់ ប្រាសាទព្រះវិហារ​ខ្មែរ នា​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ ២០០៨​ ។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​សវនាការ​នៅ​ឡា​អេ ប្រទេស​ហុ​ល្លង់ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​យល់ ឃើញ​ថា ថៃ​បាន​យល់ព្រម​ទទួលយក​ផែនទី ឆ្នាំ​១៩០៨​ ។ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​រក​ឃើញ​ថា ក្នុង ឆ្នាំ​១៩០៨-១៩០៩​ ថៃ​ពិតជា​បាន​ព្រមព្រៀង ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ដែល​ជា​លទ្ធផល នៃ​ការងារ​របស់​គណៈកម្មការ​ចម្រុះ​កំណត់ ព្រំដែន​បារាំង​-​សៀម ហើយ​ដែល​ជា​ហេតុ នាំ​ឱ្យ​ខ្លួន​បាន​ទទួលស្គាល់​ខ្សែបន្ទាត់​នៅ​លើ​ផែន ទីនោះ​ថា​ជា​ខ្សែ​ព្រំដែន ដែល​អានុភាព​នៃ​ការ ទទួលយក​នោះ គឺ​ដាក់​ប្រាសាទព្រះវិហារ​ស្ថិត នៅ​ក្នុង​ទឹកដី​កម្ពុជា ​។ តុលាការ​ក៏​បាន​ស​ន្និ​ដ្ឋាន​ថា ការ​ព្រមព្រៀង​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ដោយ​គូភាគី​ទាំង​ពីរ​នាំ​ឱ្យ​ផែនទី​ត្រូវ​ចូល​ជា ដំណោះស្រាយ​សន្ធិសញ្ញា និង​ក្លាយជា​ផ្នែក​មួយ ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​នៃ​ដំណោះស្រាយ សន្ធិសញ្ញា ​។ ម្យ៉ាងវិញទៀត​នៅ​ពេល​នោះ ភាគីទាំង​ពីរ​បាន​សម្រេច​យក​ការ​បកស្រាយ​មួយ​នៃ ដំណោះស្រាយ​សន្ធិសញ្ញា ដែល​បណ្ដាល​ឱ្យ​ខ្សែ នៅ​លើ​ផែនទី​ឆ្នាំ​១៩០៨ មាន​អានុភាព​លើស លប់​លើ​បទ​ប្បញ្ញត្ដិ​ផ្សេង​ៗ​ទៀត​របស់​សន្ធិសញ្ញ ទោះបី​ខ្សែ​នេះ អាច​ងាក​ចេញពី​ខ្សែ បែងចែក​ទឹក​ក៏​ដោយ​ ។ ដូច្នេះ​ហើយ​តុលាការ​សម្រេច ៖
ទី​១ ៖ ដោយ​សម្លេង​៩ ទល់​នឹង​៣ ដាក់ប្រាសាទព្រះវិហារ ស្ថិត​នៅ​ក្នុង​ទឹកដី​ក្រោម អធិបតេយ្យភាព​របស់​កម្ពុជា​ ។
ទី​២​ ៖ ដោយ​សម្លេង៩ ទល់​នឹង​៣ បង្គាប់ ឱ្យ​ថៃ​ដក​កងកំលាំងប្រដាប់អាវុធ នគរបាល និង​ឆ្មាំ​របស់​ខ្លួន​ទាំងអស់​ចេញពី​តំបន់​ជុំវិញ ប្រាសាទព្រះវិហារ ដែល​ថៃ​បាន​ដាក់​តាំង​ក្នុង ឆ្នាំ​១៩៥៤ ​។

ទី​៤-​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​ចូល​កាន់ កាប់​តំបន់​ក្បែរ​ប្រាសាទព្រះវិហារ​ខ្មែរ នា​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា គឺជា​ប្រភព​នៃការ​តានតឹង​ខាង​យោធា​នៅ​តាម​បណ្ដោយ ព្រំដែន​កម្ពុជា​-​ថៃ​ ។ 
ដូច្នេះ​ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ខ្មែរ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក មិនមែន ជា​ប្រភព​នៃ​ការ​តានតឹង​ខាង​យោធា​តាម បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទេ​ ។ ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ចូល​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​ដោយ​កម្ពុជា ជា​ឯកតោភាគី គឺ​ដោយហេតុ​ថា កម្ពុជា​ជា​ម្ចាស់ទ្រព្យសម្បត្ដិ​បេតិកភណ្ឌ​ដោយ អនុវត្ដ​តាម​អនុសញ្ញា ឆ្នាំ​១៩៧២ ស្ដី​ពី​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក​ក្នុង​ឋានៈ​ប្រទេស​កម្ពុជា ជា​រដ្ឋ​ជា​សមាជិក​នៃ​អនុសញា​នេះ ​។ ដូច្នេះគ្មាន​ហេតុផល​ណា​ដែល​កម្ពុជា​ត្រូវ​ចុះបញ្ជី​រួម ឬស្នើ​ឱ្យ​មានការ​ចាត់ ចែង​រួម​គ្នា​លើ​ប្រាសាទ​ព្រះ វិហារ​ខ្មែរ​បាន​ឡើយ ខណៈ​ពេល​ដែល​ប្រាសាទ ព្រះ​វិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ស្ថិត​នៅ ក្នុង ទឹកដី​កម្ពុជា​តាម​អំណាច​នៃ​សាលដីកា​តុលាការយុត្ដិធម៌​អន្ដជាតិ​ឆ្នាំ​១៩៦២ ​។ កម្ពុជា រហូត​មក​ដល់​ពេល​នេះ បាន​រក្សា​ការ អត់ធ្មត់​ជា​អតិប្បរិមា និង​បាន​ខិតខំ​រក​ដំណោះ ស្រាយ​បញ្ហា​ជា​ទ្វេភាគី ប៉ុន្ដែ​មិន​បាន​ទទួលផល​ ។ ប្រទេស​ថៃ​នៅ​តែ​បន្ដ​ធ្វើការ​ទាមទារ ដែនដី​ដែល​ហៅ​ថា តំបន់​៤,៦​គីឡូម៉ែត្រ​ក្រឡា ដោយផ្អែក​តាម​ផែនទី​សម្ងាត់​របស់​ខ្លួន​គូស​ជា ឯកតោភាគី និង​គ្មាន​តម្លៃ​ច្បាប់​អន្ដរជាតិ ​។ អាប់​ភី​ស៊ី​ត បាន​គំរាម​ថា នឹង​ប្រើប្រាស់​កំលាំង យោធា ដើម្បី​បណ្ដេញ​ទ័ព និង​ប្រជាជន​កម្ពុជា ដែល​រស់នៅ​ក្នុង​ដែនដី ដែល​ហៅ​ថា តំបន់​៤,៦ គីឡូម៉ែត្រ​ក្រឡា ដែល​កម្ពុជា​មិន​ទាំង​ដឹងផង​ថា វា​មា​នទី​តាំងនៅ​ត្រង់​ណា ព្រោះ​ប្រជាជន​កម្ពុជា បាន​រស់នៅ​ក្នុង​តំបន់​នោះ​ទាំងមូល​យូរយារណាស់​មក​ហើយ​ ។ អាស្រ័យ​ដោយ​សភា​ថៃ មិន​បាន​ផ្ដល់​សច្ចាប័ន​លើ​កំណត់ហេតុ​កិច្ចប្រជុំទាំង​៣​របស់​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​ឱ្យ​មានការទាល់ច្រក ហើយ​ឈាន​ដល់​អស់​សង្ឃឹមលើ​ការ ដោះស្រាយ​ជា​ទ្វេភាគី គឺ​ការ​ដោះស្រាយ​ពហុភាគី​នៅ​តែ​ចាំបាច់ ពិសេស​ក្នុង​ក្រប​ខណ្ឌ​អាស៊ានរួម ឬ​អនុវត្ដតាម​មូល​ដ្ឋា​ន​ឯក​កត្ដ​ភាព​ក៏​បាន ដោយ​ពាក់ព័ន្ធ តែ​សមាជិក​អាស៊ាន​មួយ​ចំនួន ក៏​បាន​អាស្រ័យ​ដោយ​កម្ពុជា និង​ថៃ សុទ្ធតែជា​សមាជិក​អាស៊ាន​ដូច​គ្នា​។ ដូច្នេះ​ការ​សម្រប សម្រួល​លើ​បញ្ហា​នេះ មាន​សារសំខាន់​ដើម្បី ចៀសវាង​មានការ​ប៉ះទង្គិច​អាវុធ​ដោយ​ទ្រង់ទ្រាយ​ធំ និង​ក្នុង​ស្មារតី​សាមគ្គីភាព​អាស៊ាន​ ។ វា​ប្រាកដ​ណាស់​ដែល​បញ្ហា​នេះ ត្រូវ​ដោះ ស្រាយ​ដោយ​យន្ដការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ក៏​ប៉ុន្ដែ​ការ​ចាំបាច់ ដើម្បី​ចៀសវាង​យន្ដការ​នេះ ធ្លាក់​ទៅ​ក្នុង​ចំណាប់ខ្មាំង​នយោបាយ​ផ្ទៃក្នុងរបស់​ថៃ គឺ​សភា​ថៃ​ត្រូវ​ផ្ដល់​សច្ចាប័ន​លើកំណត់ហេតុ​កិច្ចប្រជុំ​ទាំង​៣ ហើយ​ថៃ​ត្រូវបង្ហាញ នូវ​សុច្ឆន្ទៈ​ដើម្បី​ដោះស្រាយ​ពិតប្រាកដ​ ។ ប៉ុន្ដែ​ជ្រុង​មួយ​នៃ​ដំណោះស្រាយ ថៃ​ត្រូវលះបង់​ចោល​នូវ​គំនិត​ជាតិនិយម​ជ្រុល ដែលបាន​បណ្ដុះ​គំនិត​ឱ្យ​ប្រជាជន​ថៃ​មានការ​យល់​ដឹង​មិន​ត្រឹមត្រូវ ឬ​ការ​យល់​ដឹង​ខុស​ពី​ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ និង​គតិយុត្ដិ​ធម៌​ក្នុង​ច្បាប់​អន្ដរជាតិ ការ​ធ្វើ​ដូច្នេះ​បាន​ត្រូវ​ទាមទារ​ពេលវេលា​យូរ ដើម្បី​ផ្លាស់​ប្ដូរ​កម្មវិធី​សិក្សា ហើយ​ប្រទេស​ទាំង​ពីរ​មាន​គណៈកម្មការ​វប្បធម៌​កម្ពុជា​-​ថៃ ដែល​បង្កើត​ឡើង​ក្នុង​២០០៣ មាន​តួនាទី​សំខាន់ ដើម្បី​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ជួយ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​យល់​ដឹង​ត្រឹមត្រូវ​ចំពោះ​ប្រវត្ដិសាស្ដ្រ​ពិត ​។ ពីព្រោះ​គំនិត​ជាតិនិយម​ជ្រុល​បង្កើត​ឱ្យ​មានការ​យល់​ដឹង​ខុស ហើយ​ការ​យល់​ដឹង​ខុស​ជា​ប្រភព​នៃ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ ។ ប្រជាជន​ថៃ​គួរ​គប្បី​ទទួល​បាន​នូវ​ការ​យល់​ដឹង​ត្រឹមត្រូវ​ក្នុង​ប្រវត្ដិសាស្ដ្រ ព្រោះ​ការ​យល់​ដឹង​ត្រឹមត្រូវ​ក្នុង​ប្រវត្ដិសាស្ដ្រ​នឹង​អាច​ជួយ​កាត់​បន្ថយ​នូវ​អរិយ​ភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ការ​យល់​ដឹង​ត្រឹមត្រូវ​ក្នុង​ប្រវត្ដិសាស្ដ្រ​នឹង​អាច​ជួយ​ពង្រីក និង​ពង្រឹង​នូវ​ចំណងមិត្ដភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​សម្លឹង​មើល​ឱ្យ​ហួស​ពី​បញ្ហា​ព្រំដែន គឺ​សម្លឹង​មើល​ឱ្យ​ឃើញ​នូវ​ការ​អភិវឌ្ឍ​ដ៏​សំខាន់​បំផុត ក្នុង​សម័យកាល​នៃ​សាកល​ភាវូបនីយកម្ម និង​បដិវត្ដន៍​នៃ​បច្ចេកវិទ្យា​ ។ ថៃ និង​កម្ពុជា ត្រូវ​សម្លឹង​មើល​ឱ្យ​ឃើញ​នូវ​សារសំខាន់​ក្នុង​ការ​រួមរស់​ក្នុង​គ្រួសារ​អាស៊ាន​មួយ​ក្នុង​អនាគត​ខាង​មុខ​ ៕

ឡុ​ង សា​គុណ