មានយុវជន និងយុវតីជាច្រើន បានចាប់ផ្តើមរៀនសូត្រថ្នាក់វិទ្យាល័យ ដោយមិនបានទទួលការតម្រង់ទិសការងារឱ្យបានត្រឹមត្រូវឡើយ ។ ពួកគេ មិនបានជ្រើសការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដោយមានការយល់ដឹងច្បាស់ អំពីតម្រូវការទីផ្សារការងារឡើយ។
ពេលរៀនចាប់ថ្នាក់វិទ្យាល័យ ពួកគេច្រើនរៀនថ្នាក់មហាវិទ្យាល័យ តាមការប្រាប់របស់ឪពុកម្តាយ ឬក៏ការសម្រេចចិត្តតាមមិត្ត
ភក្តិ។ ពួកគេភាគច្រើន មិនបានយល់ច្បាស់អំពីទីផ្សារការងារឡើយ ។ ជាលទ្ធផល មានយុវជន និងយុវតីជាច្រើន បានរៀនចប់ថ្នាក់មហាវិទ្យាល័យរយ:ពេល៤ឆ្នាំហើយ តែពិបាករកការងារធ្វើ ។
អ្នកខ្លះទៀត ក៏នាំគ្នាទៅចាប់យកការងារផ្សេងពីអ្វី ដែលពួកគេបានរៀនថ្នាក់មហាវិទ្យាល័យ ដូចជាការធ្វើការងារតាមហាងកាហ្វេ ឬភោជនីដ្ឋានជាដើម ។
ដូច្នេះ វាមានសារសំខាន់ណាស់ ដែលរដ្ឋាភិបាល ត្រូវបង្កើនកិច្ចខិតខំ ដើម្បីជួយដល់យុវជន និងយុវតី នៅក្នុងការកសាងអនាគតរបស់ពួកគេតាមរយ:ការជួយពួកគេនៅក្នុងការស្វែងរកការងារធ្វើ ឬបង្កើតមុខរបរ បន្ទាប់ពីបានរៀនចប់ថ្នាក់មហាវិទ្យាល័យ ។
កាលណាយុវជន និងយុវតីកាន់តែច្រើន មានលទ្ធភាពអាចរកការងារធ្វើ មានប្រាក់ខែសមរម្យ ឬក៏ប្រកបមុខរបរបានប្រាក់ចំណូលគ្រប់គ្រាន់នោះ ពួកគេក៏មិនធ្លាក់ខ្លួនទៅក្នុងផ្លូវខុស ដូចជាដើរលេងផ្តេសផ្តាស ការប្រើគ្រឿងញៀន ឬក៏ការប្រព្រឹត្តអំពើខុសច្បាប់ជាច្រើនទៀត ។
ការជួយដល់យុវជន និងយុវតីយ៉ាងពេញទំហឹង នៅក្នុងការស្វែងរកការងារធ្វើ និងបង្កើតមុខរបរ ក៏មានប្រយោជន៍វិញផងដែរសម្រាប់រដ្ឋាភិបាល និងគណបក្សកាន់អំណាច ។ នៅពេលដែលពួកគេបានទទួលការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីរដ្ឋាភិបាលនៅក្នុងការកសាងអនាគតនោះ ពួកគេនឹងទទួលស្គាល់កិច្ចខិតខំនេះ តាមរយ:ការផ្តល់ការគាំទ្រដល់គណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ ។
សេចក្តីប្រាថ្នារបស់យុវជន និងយុវតី គឺជីវិតដ៏រីករាយមួយ ទាំងពេលបច្ចុប្បន្ន និងអនាគត ដោយមានការងារ ឬមុខរបរ ដែលអាចចិញ្ចឹមជីវិតបានយ៉ាងសមរម្យ ៕
ចែករំលែកព័តមាននេះ