- ភ្នំពេញ
ខេត្តស្ទឹងត្រែង៖ អ្នកទោសចំនួន ៧នាក់ បានទម្លាយជញ្ជាំង ហែកគុក រត់គេចខ្លួន កាលពីវេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺ…
ខេត្តស្ទឹងត្រែង៖ អ្នកទោសចំនួន ៧នាក់ បានទម្លាយជញ្ជាំង ហែកគុក រត់គេចខ្លួន កាលពីវេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺ…
ខេត្តស្ទឹងត្រែង៖ អ្នកទោសចំនួន ៧នាក់ បានទម្លាយជញ្ជាំង ហែកគុក រត់គេចខ្លួន កាលពីវេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ករណីនេះ តម្រូវឲ្យតាមពន្ធនាគារ ឬមណ្ឌលឃុំឃាំង ត្រូវបង្កើនកងកម្លាំងការពារសន្តិសុខ ឆ្មាំពន្ធនាគារ ហើយរបង និងជញ្ជាំងពន្ធនាគារ ក៏ត្រូវធ្វើឲ្យរឹងមាំ និងច្រើនជាន់ ដែលអ្នកទោស មិនអាចទម្លាយ ឬឡើងផ្លោះរត់គេចបានទៀតនោះទេ។
ប្រភពព័ត៌មានអោយដឹងថា នាវេលាទៀបភ្លឺ ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងថា អ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួននោះ ឆ្មាំគុកបានប្រើប្រាស់កាំភ្លើង បាញ់ចំនួន ៤គ្រាប់ ដើម្បីគំរាម បញ្ឈប់សកម្មភាពរត់គេច តែមិនអាចរារាំងបានឡើយ។
តាមការពិនិត្យទីតាំងជាក់ស្តែង កម្លាំងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជា ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយភួយ ដើម្បីខ្ទប់វាយមិនឲ្យឮសំឡេង។
លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង អោយដឹងថា ក្នុងចំណោមអ្នកទោស ៧នាក់ ដែលរត់គេចខ្លួននោះ មានម្នាក់ ត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង ៦នាក់ទៀត ជាប់ទោសស្រាល ក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទប្លន់ ឬលួចមានស្ថានទម្ងន់ទោស។
ក្រោយអ្នកទោសហែកគុករត់ មន្ត្រីសមត្ថកិច្ចខេត្តស្ទឹងត្រែង សហការគ្នា ស្រាវជ្រាវ និងតាមចាប់អ្នកទោសទាំង ៧នាក់នោះ តែរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ មិនទាន់មានព័ត៌មាន ផ្សាយពីការស្វែងរកឃើញអ្នកទោសទាំងអស់នោះ នៅឡើយទេ។
តាមច្បាប់ នៅពេលសមត្ថកិច្ច ចាប់បានមកវិញ អ្នកទោសហែកគុករត់ទាំងនោះ នឹងត្រូវដាក់ទោសតាមនីតិវិធី ដែលបានកំណត់ឲ្យបន្ថែមរយៈពេលឃុំឃាំង ទៅតាមលក្ខខណ្ឌ និងស្ថានទោសរបស់ជនទាំងនោះ។
យ៉ាងណាក៏ដោយ ករណីនេះ មហាជនឆ្ងល់ និងលើកឡើងថា អ្នកទោស អាចទម្លុះជញ្ជាំងពន្ធនាគារ ហើយលួចរត់ដូច្នេះ អាចមានរឿងអ្វីមិនប្រក្រតីនៅពីក្រោយទេដឹង? ប៉ុន្តែមន្ត្រីនាំពាក្យសាលាខេត្តស្ទឹងត្រែង លើកឡើងថា ពេលនេះ មិនទាន់អាចបកស្រាយអ្វីឱ្យជាក់លាក់នោះទេ ព្រោះក្រុមការងារ កំពុងស៊ើបអង្កេត ហើយករណីនេះ បានកើតឡើងនៅពេលទៀបភ្លឺ និងមានករណីជាច្រើន ដែលក្រុមការងារស៊ើបអង្កេត កំពុងស្រាវជ្រាវ ដើម្បីវាយតម្លៃ រកហេតុផលឲ្យបានច្បាស់លាស់។
កាលពីខែមេសា ឆ្នាំ២០២០ នៅខេត្តកំពង់ស្ពឺ ក៏មានអ្នកទោសជិត ៣០នាក់ បានហែកគុក បម្រុងរត់គេចខ្លួន។ អ្នកទោសទាំងនោះ បានព្រួតវាយមន្ត្រីពន្ធនាគារ ៤នាក់ ឱ្យរងរបួស ហើយបានរត់ឡើងលើដំបូលអគារគុក។ ប៉ុន្តែត្រូវបានមន្ត្រីនគរបាល ឡោមព័ទ្ធ ចាប់បានទាំងអស់មកវិញ។
នៅក្នុងមករា ឆ្នាំ២០២១ ក៏មានករណីអ្នកទោស ៤នាក់ រត់ចេញពីពន្ធនាគារខេត្តកណ្ដាល។ រីឯនៅខែសីហា ឆ្នាំ២០២១នេះ ក៏មានអ្នកទោស ៤នាក់ បានរត់គេចពីពន្ធនាគារខេត្តកណ្ដាល។ ប៉ុន្តែសមត្ថកិច្ច បានឡោមព័ទ្ធចាប់បានវិញភ្លាមៗ។
ឯកសារ បង្ហាញថា ការលួចរត់ចេញពីពន្ធនាគារ ត្រូវមានទោស។ ការលួចរត់ចេញពីពន្ធនាគារ មានកត្តាជាច្រើន រួមផ្សំជាមួយគ្នា គឺទី១ ដោយសារអ្នកទោស ឬទណ្ឌិតប៉ុនប៉ង និងរកមធ្យោបាយរត់គេច និងទី២ មានការសមគំនិតរវាងឆ្មាំពន្ធនាគារ និងអ្នកទោស ដើម្បីធ្វើឲ្យការលួចរត់នោះ បានសម្រេចផល។
ពាក់ព័ន្ធករណីអ្នកទោសហែកគុក លួចរត់នេះ ត្រូវបានតុលាការ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសបន្ថែមលើទណ្ឌិតម្នាក់ ចំនួន ១៨ ខែ និងពិន័យ ២លានរៀល ពាក់ព័ន្ធនឹងករណីរត់ចេញពីពន្ធនាគារ PJ ក្រោយពេលអនុវត្តទោសពីបទលួច បានជិត ២ឆ្នាំ និងជិតដល់ថ្ងៃត្រូវចេញវិញហើយនោះ។
របាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ទណ្ឌិតនេះ បានលួចរត់ចេញពីពន្ធនាគារ PJ ខណៈអនុរក្សពន្ធនាគារ បញ្ចេញឲ្យធ្វើពលកម្ម ក្នុងបរិវេណពន្ធនាគារ ជាមួយមនុស្ស ៦ នាក់ទៀត ដោយផ្លោះរបងខាងលិច រួចឡើងជិះម៉ូតូឌុប ដែលនៅរង់ចាំ។ ពេលទៅដល់វត្តភ្នំ ដោយសារមានការស្ទាក់ចាប់ពីសមត្ថកិច្ច ជនសង្ស័យបានលោតចុះពីម៉ូតូ ប៉ុន្តែត្រូវម៉ូតូឌុប និងអ្នកថែសួនចាប់បានប្រគល់ឲ្យសមត្ថកិច្ច។
យ៉ាងណាក៏ដោយ ករណីអ្នកទោសហែកគុក លួចរត់នេះ ទាមទារឲ្យអាជ្ញាធរសមត្ថកិច្ច ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ ត្រូវធ្វើកិច្ចការបន្ទាន់ និងជាចំណុចសំខាន់ គឺត្រូវពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងមណ្ឌលឃុំឃាំង ឬពន្ធនាគារទូទាំងប្រទេស ឱ្យបានល្អប្រសើរ ទាំង ២៤ម៉ោង លើ ២៤ម៉ោង រៀងរាល់ថ្ងៃ ហើយពង្រឹងសមត្ថភាពក្រុមការងារ ជាពិសេសមន្ត្រីពន្ធនាគារ ឆ្មាំគុក ឱ្យមានសមត្ថភាពខ្លាំងក្លាបន្ថែមទៀត រួមទាំងការដាក់កាំម៉ារ៉ាសុវត្ថិភាពនៅគ្រប់កន្លែង ក្នុងពន្ធនាគារ ឬមណ្ឌលឃុំឃាំងទាំងអស់នោះផង។ របង និងជញ្ជាំងពន្ធនាគារ ក៏ត្រូវធ្វើឲ្យរឹងមាំច្រើនជាន់ ហើយខ្ពស់ៗ ដាក់លួសបន្លារ ដែលមិនអាចឲ្យអ្នកទោស ឡើងរួច ឬក៏វាយទម្លាយបាននោះឡើយ។
ជាមួយគ្នានោះ អាជ្ញាធរសមត្ថកិច្ច ក៏ត្រូវស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការហែកគុក លួចរត់នេះ ក្រែងលោ មានការត្រូវរ៉ូវរវាងអ្នកទោស និងឆ្មាំគុក ទើបឈានដល់ការលួចរត់បានដោយស្រួលដូច្នេះ។ ករណីរកឃើញថា មានការឃុបឃិត គឺត្រូវដាក់ទោសឲ្យធ្ងន់ធ្ងរ ដោយដកពីតំណែងមន្ត្រីពន្ធនាគារទាំងនោះ ហើយឲ្យមន្ត្រីពន្ធនាគារនោះ ជាប់គុកជាមួយ ឬក៏ជំនួសអ្នកទោសនោះម្តង។
នៅតាមផ្លូវជុំវិញពន្ធនាគារ ឬមណ្ឌលឃុំឃាំង ក៏ត្រូវតែដាក់ប៉ារ៉ាសយាម ២៤ម៉ោង លើ ២៤ម៉ោង បន្ថែមដោយកម្លាំងល្បាត ជាប្រចាំ ឆ្លាស់វេនគ្នា ដើម្បីធានាថា នៅពេលក្រោយៗទៀត នឹងមិនមានករណីអ្នកទោស លួចរត់ចេញពីពន្ធនាគារ ឬមណ្ឌលឃុំឃាំងទៀតនោះទេ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋរស់នៅជិតៗពន្ធនាគារ ឬមណ្ឌលឃុំឃាំង ក៏ត្រូវតែសហការជាមួយអាជ្ញាធរសមត្ថកិច្ច ដោយមិនត្រូវលាក់បំពួនអ្នកទោសទេ បើសិនជាអ្នកទោស រត់ទៅជ្រកសង្ងំក្នុងផ្ទះរបស់ខ្លួន ព្រោះករណីនេះ ម្ចាស់ផ្ទះអ្នកលាក់បំពួនចោរ ឬអ្នកលាក់បំពួនអ្នកទោស គឺត្រូវមានទោស៕
ចែករំលែកព័តមាននេះ