ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​លើក​ដំបូង​រូប​នារី​ស្បែក​ខ្មៅ​ម្នាក់​នឹង​ដាក់​បញ្ចូល​ក្នុង​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក

8 ឆ្នាំ មុន

ក្រសួង​រតនាគារ​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ មេ​សា ថា រូប​នារី​ស្បែក​ខ្មៅ​ម្នាក់​ជា​អតីត​ទាសករ​គឺ​រូប​លោកស្រី HARRIET TUBMAN នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​កមួយ ។

ក្រសួង​រតនាគារ​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ មេ​សា ថា រូប​នារី​ស្បែក​ខ្មៅ​ម្នាក់​ជា​អតីត​ទាសករ​គឺ​រូប​លោកស្រី HARRIET TUBMAN នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​កមួយ ។ វា​ជា​លើក​ដំបូង​ដែល​មាន​ព្រឹត្តិការណ៍​បែប​នេះ ។

កើត​នៅ​រដ្ឋ​ម៉ា​រី​ឡែ​ន ហើយ​គេ​ស្គាល់​តាម​រយៈ​ក្តី​ក្លាហាន លោកស្រី HARRIET TUBMAN បាន​ជួយ​ជា​ពិសេស​ក្នុង​ការ​រំដោះ​ទាសករ​ជា​ច្រើន​នាក់​ដោយ​បញ្ជូន​ទាសករ​ទាំង​នោះ​ទៅ​ប្រទេស​កា​ណា​ដា​មុន​សង្គ្រាម​បំបែក​ខ្លួន ។ បន្ទាប់​មក លោកស្រី​ចូល​បម្រើ​ក្នុង​កងទ័ព​សហភាព​ជានា​រី​ចុងភៅ ជា​គិលានុបដ្ឋាយិកា បន្ទាប់​មក​ជា​ចារនារី​យោធា ។ ក្រោយមក លោកស្រី​បាន​ចូលរួម​ក្នុង​ការ​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​បោះ​ឆ្នោត​របស់​នារី ។

កាលពី​ខែមិថុនា ឆ្នាំ​២០១៥ ក្រសួង​រតនាគារ​អា​មេ​រិ​កបាន​ប្រកាស​ពី​ចេតនា​របស់​ខ្លួន​ប្តូរ​រូប​រដ្ឋមន្ត្រី​រតនាគារ​អា​េ​ម​រិ​ក​ដំបូង​គេ លោក ALEXANDER HAMILTON (១៧៨៩-១៧៩៥) លើ​ក្រដាសប្រាក់​១០​ដុល្លារ ដោយ​ដាក់​ជំនួស​វិញ​នូវ​រូប​នារី​ម្នាក់  ដែល​ឈ្មោះ​នារី​នោះ​នៅ​ពុំ​ទាន់​សម្រេច​ជ្រើសរើស​នៅឡើយ ។ ក៏​ប៉ុន្តែ​គម្រោង​នេះ​នាំ​ឱ្យ​មានការ​ជំទាស់​របស់​បណ្តា​អ្នក​ដែល​ស្រឡាញ់​បិតា​ស្ថាបនិក​រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​រូប​នេះ ដោយ​ទាមទារ​ឱ្យ​មានការ​ប្តូរ​រូប លោក ANDREW JACKSON ប្រធានាធិបតី​ទី​៧​របស់​អា​មេ​រិ​ក មិនសូវ​មាន​ប្រជាប្រិយភាព​ចេញពី​ក្រដាសប្រាក់​ប្រភេទ​២០​ដុល្លារ​វិញ ។

ពេល​នេះ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ធ្វើការ​តាម​សង្កេត​មតិ​សាធារណៈ ដើម្បី​ចង់​ដឹង​ថា តើ​នារី​រូប​ណា​ត្រូវ​ជ្រើសរើស​សម្រាប់​យក​មក​លម្អ​ក្រដាសប្រាក់​ដុល្លារ​មួយ​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១០០​ឆ្នាំ​មក​ហើយ ។

រដ្ឋមន្ត្រី​រតនាគារ លោក JACK LEW អះអាង​ថា យើង​បាន​ទទួល​ចម្លើយ​តប​ជា​ច្រើន​លាន​ដោយ​ក្នុង​ចំណោម​អ្នក​ដែល​គេ​ស្រឡាញ់​ច្រើន​ជាងគេ​រួម​មាន​លោកស្រី ELEANOR ROOSEVEL និង​នារី​សកម្មជន​តស៊ូ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ លោកស្រី ROSA PARKS ជាដើម ។

យោង​តាម​ទូរទស្សន៍ CNN ថា ទោះបី​យ៉ាងណា ក្រដាសប្រាក់​ដុល្លារ​ថ្មី​មាន​រូប​នារី​ម្នាក់​នឹង​ពុំ​អាច​បោះពុម្ព​ចេញ​ដាក់​ឱ្យ​ប្រើ​មុន​ឆ្នាំ​២០៣០​ឡើយ ។ ក្រោយ​រយៈពេល​ជាង​១​ឆ្នាំ នៃ​យុទ្ធនាការ​ដើម្បី​បញ្ចុះបញ្ចូល​ក្រសួង​រតនាគារ​ឱ្យ​ដក​រូប​លោក ANDREW JACKSON ចេញពី​ក្រដាសប្រាក់​ប្រភេទ​២០​ដុល្លារ ហើយ​ដាក់​ជំនួស​វិញ​នូវ​រូប​វីរនារី​មួយ រូប​កំពុង​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ​ហើយ ៕