ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប៉ា សុ​ជាតិ​វង្ស ថា អភិបាល​ខណ្ឌ​ណា​ដែល​មិន​ទទួលខុសត្រូវ​ល្មម​ដើរ​ចេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​អភិបាល​គ្រប់​ខណ្ឌ​ក្រោម​ឱ​វ៉ា​ទ គឺ​តម្រូវ​ឲ្យ​មានការ​ទទួលខុសត្រូវ ជា​ពិសេស​លើ​ការងារ​ជួសជុល និង​ថែទាំ​ប្រព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​អភិបាល​គ្រប់​ខណ្ឌ​ក្រោម​ឱ​វ៉ា​ទ គឺ​តម្រូវ​ឲ្យ​មានការ​ទទួលខុសត្រូវ ជា​ពិសេស​លើ​ការងារ​ជួសជុល និង​ថែទាំ​ប្រព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ បើ​ការងារ​នេះ ធ្វើ​មិន​បាន​ទេ មាន​ន័យ​ថា អសមត្ថភាព ចឹ​ង​គួរ​ដើរ​ចេញ​តែ​ម្តង​ទៅ ទុក​ឲ្យ​គេ​មាន​សមត្ថភាព​ធ្វើ​ម្តង ។ ការ​ព្រមាន​របស់​លោកប៉ា សុ​ជាតិ​វង្ស នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ២០១៦ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ទៅ​លើ​គម្រោង​ផែនការ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។

លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ប្រគល់​ការងារ​ជួសជុល ថែទាំ​ផ្លូវថ្នល់ លូ ខាងលើ​នេះ វា​គឺជា​ម៉ែត្រ​សម្រាប់​វាស់​ស្ទង់​សមត្ថភាព​ការងារ​របស់​អភិបាល​ខណ្ឌ​ទាំងអស់​តែ​ម្តង តើ​អាច​ធ្វើ​បាន ឬ​មិន​បាន បើ​អនុវត្ត​ការងារ​នេះ​មិន​បាន​ទេ ចឹ​ង​ល្មម​ដើរ​ចេញ​ហើយ ។ លោក​បន្ត​ថា ក្នុង​ការងារ​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​ដាក់​ផែនការ​ឲ្យ​អភិបាល​ខណ្ឌ​ប្រមាណ​មួយ​ខែ ហើយ​មិន​ទាន់​មានការ​កម្រើក​សោះ គឺ​មាន​តែ​ខណ្ឌ​មួយ​គត់​ដែល​បាន​ធ្វើ​បញ្ជី​អនុ​ឡោ​មនុ​ភាព បញ្ជូន​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ។

លោកប៉ា សុ​ជាតិ​វង្ស បាន​បញ្ជាក់​ថា អភិបាល​ខណ្ឌ​ទាំងអស់​កុំ​ឆ្វេ​ក​ឆ្វាច ត្រូវ​ប្រាកដប្រជា​ជាមួយ​ការងារ ត្រូវ​ចេះ​ប្រមូលផ្តុំ​បញ្ហា ដើម្បី​យក​មក​ធ្វើការ​ដោះស្រាយ ចំពោះ​ការ​ចំណាយ​ក្នុង​ផែនការ​ជួសជុល​ផ្លូវ និង​លូ​នោះ គឺ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​ចំណាយ​ទាំងស្រុង ។

លោកប៉ា សុ​ជាតិ​វង្ស ក៏​បាន​លើក​ឡើង​ផង​ដែល​អំពី​ផែនការ ៣.២.១ ដោយ​សាលា​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​អនុវត្តន៍ តែ​មានការ​ផ្លាស់​ប្តូរ និង​បន្ថែម​នូវ​ចំណុច​ខ្លះ​បាន​ណែនាំ និង​ជម្រុញ​អំពី​ការងារ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដើម្បី​កាត់​បន្ថយ​ការ​ថ្នាំងថ្នាក់ ។ ក្រៅពី​នេះ អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​មួយ​ចំនួន​ទៀត​ឲ្យ​ខណ្ឌ​គ្រប់គ្រង​ដោយ​ផ្ទាល់​ផង​ដែរ  ដូច​ជា ចូលរួម​ថែរក្សា និង​ទទួលខុសត្រូវ​ចំពោះ​ភ្លើងស្តុប ដែល​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ជួយ​សម្រួលការ​កកស្ទះ​ចរាចរណ៍ ព្រមទាំង​ចុះ​ស្តារអណ្តូង លូ ដើម្បី​ត្រៀម​រំដោះ​ទឹក​នៅ​រដូវភ្លៀង​ធ្លាក់​ខាង​មុខ​នេះ​ផង​ដែរ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ចរាចរណ៍ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ភាព​ស្មុគស្មាញ និង​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍ បណ្តាល​មក​ពី​ការ​រំលោភ​ចំណី​ផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ មធ្យោបាយ​ដឹក​ជញ្ជូន​កើន​យ៉ាង​គំហុក កង្វះខាត​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ ខ្វះខាត​ស្លាក​សញ្ញា​ចរាចរណ៍ និង​ភ្លើងស្តុប​។ ចំពោះ​បញ្ហា​នៃ​ការ​កកស្ទះ​ខ្លាំង​មាន​ច្រើន​ទីតាំង ដូច​ជា តំបន់​ភ្លើងស្តុប BKC ផ្សារ​ដី​ហុយ ផ្សារ​ដើម​គរ ផ្សារ​ដេប៉ូ ផ្លូវ​ណ​ត​ប្រ៊ី​ត ចោម​ចៅ ផ្លូវ​ជើងឯក​ត្រង់​ស្ពានដែក ផ្លូវ​ឡើង​ផ្សារ​ដើម​ថ្កូវ ផ្សារ​តូច រង្វង់​មូល​ទួល​គោក ផ្លូវ​២៧១ និង​រង្វង់​មូល​កាំ​កូ​ស៊ី​ត​ធី​ជាដើម ។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ ភ្លើងស្តុប​នៅ​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​មាន​ចំនួន​៩៤​កន្លែង​ហើយ​ក្នុង​ពេល​នេះ សាលា​រាជធានី​ភ្នំពេញ​កំពុង​បំពាក់​ភ្លើងស្តុប​ថ្មី​ចំនួន​១៣​ទីតាំង​បន្ថែម​ទៀត ដែល​កំពុង​ដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​។ ចំណែកឯ​ភ្លើងស្តុប​ចំនួន​១០០​ទីតាំង ដែល​បាន​ចាប់ផ្តើម​ពី​ខែមីនា ២០១៦ នឹង​ត្រូវ​បញ្ចប់​នៅ​ខែមេសា ២០១៧ នេះ ក្នុង​នោះ​មានការ​ផ្លាស់​ប្តូរ​ភ្លើងស្តុប​ចាស់​ៗ​នៅ​ក្នុង​ក្រុង​ចំនួន​៦៤​ទីតាំង មានការ​បំពាក់​កាមេរ៉ា​ចំនួន​២៦ និង​បន្ទប់​កុង​ត្រូ​រួម​មួយ​នៅ​មន្ទីរ​សាធារណការ  ប៉ុន្តែ​ទោះជា​យ៉ាងណា​នា​ពេល​បច្ចុប្បន្ន​នេះ ភ្លើងស្តុប​ចំនួន​៦​ទីតាំង​ត្រូវ​បាន​ផ្អាក​ដំណើរការ ដោយសារ​មាន​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ដាក់​លូ​ផង​ដែរ ៕