ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ១០​ទីតាំងលើ​ផ្លូវជាតិ​លេខ​៣ នឹង​ដាក់​ដំណើរការ​ឆាប់​ៗ​នេះ​

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣ បាន​ដឹកនាំ​គណៈប្រតិភូ​ដែល​រួមមាន​ថ្នាក់​ដឹក​នាំ​​ពាក់ព័ន្ធ និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តំណាង​អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CBRC) និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប ដែល​គ្រោង​នឹង​ដាក់​ដំណើរការ​ឆាប់​ៗ​នេះ ។

កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ទាំង​១០​ទីតាំង ត្រូវ​បាន​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចោម​ចៅ​-​កំពត ដែល​មាន​ប្រវែង​សរុប​១៣៥​គីឡូម៉ែត្រ ក្នុង​នោះ ពី​ចោម​ចៅ​ដល់​បែក​គូស​ជា​ផ្លូវ ៤​គន្លង មាន​ចំនួន​៤​ទីតាំង និង​កំណាត់​ផ្លូវ ពី​បែក​គូស​ទៅ​ទីរួមខេត្ត​កំពត ជា​ផ្លូវ​២​គន្លង មាន​ចំនួន ៦​ទីតាំង ។

ចំណែក​ភ្លើង​សញ្ញា​ចរាចរណ៍ បច្ចេកវិទ្យា​ទំនើប ពីរ​ទីតាំង ត្រូវ​បាន​ដំឡើង​នៅ​ត្រង់​ចំណុច​វត្ត​ស្លែង និង​ផ្សារ​អង្គតាសោម ដែល​ភ្លើង​សញ្ញា​ចរាចរណ៍ ទាំង​ពីរ​ទីតាំង បំពាក់​នូវ​ប្រព័ន្ធ Wireless សម្រាប់​ភ្ជាប់​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ និង​ធ្វើការ​បញ្ជា​ដំណើរការ​តាម​ទូរ​សព្ទ​ដៃ ព្រមទាំង​បំពាក់​នូវ​ប្រព័ន្ធ​សូ​ឡា ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​សម្រាប់​ផ្គត់ផ្គង់​អគ្គី​ស​នី ។

ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ និង​ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចេកវិទ្យា​ទំនើប​ទាំងនេះ ក្នុង​គោលបំណង តាមដាន ការពារ​សុវត្ថិភាព និង​សម្រួលការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ លើ​ផ្លូវជាតិ​លេខ​៣ ដែល​ក្នុង​នោះ អគ្គស្នងការ​នគរបាល​ជាតិ នឹង​គ្រប់គ្រង​រាល់​សកម្មភាព និង​ប្រតិបត្តិការ​របស់​កាមេរ៉ា​ចាប់​ល្បឿន ទាំង​១០​ទីតាំង ទាំង​ការ​គ្រប់គ្រង​ទិន្នន័យ និង​ការ​ពិន័យ​បទល្មើស​ផង​ដែរ ។

កាមេរ៉ា​ចាប់​ល្បឿន​ទាំងនេះ អាច​ឲ្យ​មន្ត្រី​ជំនាញ​ដឹង​នូវ​ល្បឿន​របស់​រថយន្ត ពណ៌ ប្រភេទ និង​ស្លាក​លេខ​រថយន្ត អ្នកបើកបរ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ការពារ និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ ។ មុន​នឹង​ដាក់​ប្រើប្រាស់​ផ្លូវការ អាជ្ញាធរ​ពាក់ព័ន្ធ នឹង​ខិតខំ​អប់រំ​ផ្សព្វផ្សាយ ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បានដឹង​អំពី​ច្បាប់​ចរាចរណ៍ និង​ការ​ដាក់​កាមេរ៉ា​ចាប់​ល្បឿន ហើយ​អាជ្ញាធរ​នឹង​បំពាក់​ផ្លា​ក​សញ្ញា​ជូនដំណឹង​ដល់​អ្នកបើកបរ​យ៉ាងតិច ១​គីឡូម៉ែត្រ​មុន​ដល់ទី​តាំង​កាមេរ៉ា​ចាប់​ល្បឿន ។

កាមេរ៉ា​ចាប់​ល្បឿន​ឆ្លាត​វៃ ទាំង​១០​ទីតាំង នឹង​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់​ពី​ទទួល​បានការ​ឯកភាព​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ច​រា​រណ៍​ផ្លូវគោក និង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។

ចំណែក​ភ្លើងស្តុប​ចរាចរណ៍​ទាំង​ពីរ​ទីតាំង ត្រូវ​បាន​ដាក់​ដំណើរការ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ