ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខេត្ត​ចំនួន​3​អ្នកទេសចរ​កើនឡើង

7 ឆ្នាំ មុន

យោង​តាម​ភ្ញៀវ​ទេសចរ​នានា​ដែល​ទៅ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ខេត្ត​ចំនួន​3​ ​អ្នកទេសចរ​កើនឡើង​

  • កម្សាន្ត​ខេត្តកំពត និង​កែប​ថ្ងៃ​បុណ្យ ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​បី​ថ្ងៃ​មាន​ច្រើន​សន្ធឹកសន្ធាប់ រីឯ​តម្លៃ​សេវា​យានយន្ត និង​អាហារឡើង​ខ្ពស់
  • ខេត្តកំពត​-​កែប ៖ យោង​តាម​ភ្ញៀវ​ទេសចរ​នានា​ដែល​ទៅ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នៅ​ខេត្តកំពត និង​ខេត្ត​កែប​ឲ្យ​ដឹង​ថា នៅ​តាម​រមណីយដ្ឋាន​នានា​ដូច​ជា​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ រថយន្ត​ភ្ញៀវ​ចូល​ទៅ​កម្សាន្ត​ត្រូវ​បង់​ឲ្យ​មន្ទីរ​ទេសចរណ៍​ចំនួន​៥​ពាន់​រៀល​ក្នុង​មួយ​គ្រឿង ។
    តម្លៃ​ម្ហូបអាហារ​លក់​នៅ​ក្នុង​រមណីយដ្ឋាន​ក៏​ឡើងថ្លៃ​គួរសម​ដែរ ។
    ដោយឡែក​នៅ​មុន​ថ្ងៃ​បុណ្យ បើ​ភ្ញៀវ​ទិញ​ម្ហូប គឺ​ខ្យូ​ស​អង្គុយ​មិន​គិតថ្លៃ​ទេ ។ ប៉ុន្តែ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ បើ​ទិញ​ម្ហូប ហើយ​អង្គុយ​ហូប​នៅ​ខ្យូ​ស​នោះ​ត្រូវ​បង់​២​ម៉ឺន​រៀល​បន្ថែម បើ​មាន​ម្ហូប​បាយ​ខ្លួនឯង ជួល​តែ​ខ្យូ​ស​អង្គុយ គឺ​តម្លៃ​ក្នុង​ខ្យូ​ស​មួយ​៣​ម៉ឺន​រៀល ។
    រីឯ​ខេត្ត​កែប​វិញ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ច្រើន​គួរសម​ដោយ​មិន​ព្រួយបារម្ភ​ពី​បាតុភូត​ទឹកសមុទ្រ​ប្រែ​ពណ៌​ដូច​ប៉ុន្មាន​ថ្ងៃមុន​បុណ្យចូលឆ្នាំ​ឡើយ ។ គេ​ឃើញ​នៅ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់ឆ្នេរ​ស្ទះចរាចរណ៍ ខ្លះ​ៗ ។

    ការ​បង់​សេវា​រថយន្ត​ចូល​ទៅ​កម្សាន្ត​មាន​ពីរ​កន្លែង ទី​១​នៅ​ចំណុច​ខាងជើង​រង្វង់​មូល​ផ្លូវបំបែក​ទៅ​ផ្សារ​ក្តាម ទី​២ ខាងកើត​ផែ​ឆ្លង​ទៅ​កោះទន្សាយ ។ ក្នុង​រថយន្ត​មួយ​គ្រឿង​បង់ថ្លៃ​៥​ពាន់​រៀល រីឯ​ម៉ូតូ​អត់​បង់ថ្លៃ​ទេ ។

    ភ្ញៀវ​ទេសចរ​ពី​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តកំពត និង​កែប​មានការ​កើនឡើង​ជាង​ឆ្នាំ មុន​ៗ ។ ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ក្នុង​ខេត្តកំពត បើ​តាម​របាយការណ៍​សរុប​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ចំនួន​សរុប​១០១.៨២១​នាក់ កើនឡើង​៣០,៧៥% ស្មើនឹង​២៣.៩៤៧​នាក់ ក្នុង​នោះ​ទេសចរ​ក្នុងស្រុក​៩៨.៥៩៦​នាក់ កើនឡើង​៣១,០៩% ស្មើ​២៣.៣៨២​នាក់ ។ ភ្ញៀវ​ភាគច្រើន​សម្រុក​ទៅ​លេង​នៅ​រមណីយដ្ឋាន​«​ឋានសួគ៌​បូកគោ​» ។

    • ភ្ញៀវ​ទេសចរ​ជាតិ​ទៅ​លេង​ទឹកជ្រោះ​ប៊ូ​ស្រា​មានការ​កើនឡើង​ឆ្នាំ​នេះ

    ខេត្តមណ្ឌលគិរី ៖ រយៈពេល​៤​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ភ្ញៀវ​ដែល​ទោ​កម្សាន្ត​នៅ​ខេត្ត​នេះ មាន​ចំនួន​១៣០.១៦៤​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ចំនួន​៣០២​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន​១២០.៨៦២​នាក់ កើនឡើង​១,១៨% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ។

    យោង​តាម​ទិន្នន័យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​និង​ភ្ញៀវ​ទេសចរ​ជាតិ ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ក្នុង​ឆ្នាំ​២០១៦ លោក ផុ​ន សា​វឿ​ន ប្រធាន​ក្រុម​គ្រប់គ្រង​រួម​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា  បានឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​រយៈពេល​៤​ថ្ងៃ ក្នុង​ឆ្នាំ​២០១៦​មាន​ចំនួន​សរុប​៧.១៣៤​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ចំនួន​១១២​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន​៧.០២២​នាក់ ។

    លោក​បន្ត​ថា ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ រក្សា​សន្តិសុខ​និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ លើក​តម្លៃ​និង​ផ្តល់​នូវ​បទ​ពិសោធន៍​ទស្សនា​ដ៏​ល្អ​ប្រសើរ​សម្រាប់​ភ្ញៀវ​ទេសចរ​គ្រប់​រូប ការងារ​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ជា​បន្តបន្ទាប់​ដូច​ជា ការ​គ្រប់គ្រង​លំហូរ​ភ្ញៀវ ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បរិក្ខារ​ចាំបាច់​សម្រាប់​បម្រើ​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ ការ​រៀបចំ​ព្រឹត្តិការណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ ការ​កែ​លម្អ​សោភ័ណ​ភាព​នៅ​តាម​រមណីយដ្ឋាន ការ​ដាក់​អនុវត្ត​ក្រម​ប្រតិបត្តិ ការ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ភ្នាក់ងារទេសចរណ៍​នៅ​តាម​រមណីយដ្ឋាន និង​កិច្ចសហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដែល​មិន​អាច​ខ្វះ​បាន ។
    តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ត្រូវ​បាន​ក្រុម​អ្នកទេសចរ​ជាតិ​និយាយ​ថា ឆ្នាំ​នេះ​មិន​មាន​ទឹកធ្លាក់​ច្រើន​ទេ ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត ហើយ​រលក​កម្តៅ​ក៏​បាន​រំខាន​ផង​ដែរ ។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រមណីយដ្ឋាន​នេះ​មិន​មាន​រៀបចំ​ជា​ខ្យូ​ស​សម្រាប់​ភ្ញៀវ​នោះ​ទេ ។

    • ភ្ញៀវ​ទេសចរ​ទៅ​លេង​នៅ​ខេត្តក្រចេះ​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​មានការ​កើនឡើង

    ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា  ក្នុង​អំឡុង​រយៈពេល​បី​ថ្ងៃ​នៃ​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០១៦​នេះ ខេត្តក្រចេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​ទាំង​១៦​កន្លែង​ក្នុង​ទូ​ទាំង​ខេត្ត​សរុប​ចំនួន​១០៣.៥៣៣​នាក់​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​គឺ​មានការ​កើនឡើង​ចំនួន​៤.៨៩៨​នាក់ ស្មើនឹង​៤,៩៧% ។ ដោយឡែក ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២៥៧​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​២៧៣​នាក់ គឺ​ថយ​ចុះ​១៦​នាក់ ស្មើនឹង​៥,៨៦%​។
    អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក ប្រាក់ វិ​កុ​ល បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បាន​ទៅ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ក្នុង​នោះ​រួម​មាន​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​សហគមន៍​កែ​ច្នៃ សរុប​មាន​ចំនួន​១៦​កន្លែង ។

    ប៉ុន្តែ​សម្រាប់​តំបន់​ទេសចរណ៍ធម្មជាតិ​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ដែល​ជា​រមណីយដ្ឋាន​មួយ​លេចធ្លោ និង​ទាក់ទាញ​ជាងគេ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ទាំង​១៦​របស់​ខេត្ត ហើយ​ជា​រៀង​រាល់​ឆ្នាំ​ក៏​ទទួល​បាន​ភ្ញៀវ​មក​លេង​កម្សាន្ត​ច្រើន​ជាងគេ​ដែរ​នោះ តែ​សម្រាប់​ឆ្នាំ​នេះ​ចំនួន​ភ្ញៀវ​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ទៅ​វិញ ។

    ក្រុម​មន្ត្រី​អះអាង​ថា បើ​ទោះជា​តំបន់​រមណីយដ្ឋាន​ទឹក​ជួរ​កាំ​ពី​ដែល​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ មានឈ្មោះ​ល្បី​រន្ទឺ ហើយ​តែងតែ​ទទួល​បាន​ភ្ញៀវ​មក​ងូតទឹក​លេង​កម្សាន្ត​ដ៏​ច្រើន​លើសលប់ តែ​ឆ្នាំ​នេះ​ចំនួន​ភ្ញៀវ​មានការ​ធ្លាក់​ចុះ​យ៉ាងណា​ក្តី តែ​ក៏​នៅ​មាន​តំបន់​រមណីយដ្ឋាន​មួយ​ចំនួន​គឺ​មានការ​កើនឡើង​វិញ ដូច​ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ព្រះ​វិហារ​វត្ត​សសរ​១០០ ស្រុក​សំបូរ តំបន់​រមណីយដ្ឋាន​ទេសចរណ៍​កែ​ច្នៃ​សហគមន៍​កោះ​ទ្រង់ និង​តំបន់​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី​ជាដើម ៕