ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ងប់ស្ងាត់​មួយរយៈ​ករណី​ក្រុមយុវជន ជិះ​ម៉ូតូ បើកផ្លូវ នៅមុខ​ឡានពេទ្យ ក្នុង​រាជធានី​ភ្នំពេញ​។ តែ​ពេលនេះ លេចចេញ​ក្រុមយុវជន​ទាំងនោះ មកទៀត ដែល​អះអាងថា…

រាជធានី​ភ្នំពេញ​៖ ស្ងប់ស្ងាត់​មួយរយៈ​ករណី​ក្រុមយុវជន ជិះ​ម៉ូតូ បើកផ្លូវ នៅមុខ​ឡានពេទ្យ ក្នុង​រាជធានី​ភ្នំពេញ​។ តែ​ពេលនេះ លេចចេញ​ក្រុមយុវជន​ទាំងនោះ មកទៀត ដែល​អះអាងថា ជាការ​ងារ​ជួយ​សង្គម​។ យ៉ាងណា ប៉ូលិស បាន​ចាប់​ឃាត់​យុវជន ២​នាក់ ដែល​ជិះ​ម៉ូតូ ​នាំមុខ​ឡានពេទ្យ​។​

​កាលពី​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ឬ​ស្សី​កែវ បាន​ឃាត់ខ្លួន​យុវជន ២​នាក់ ក្នុងករណី​បើក​ម៉ូតូ នាំមុខ​រថយន្ត​សង្គ្រោះបន្ទាន់ (​ឡានពេទ្យ​)​។ ប៉ូលិស លើកឡើងថា ករណីនេះ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ដទៃ​។ យុវជន​ទាំង ២​នាក់ ដែល​ជិះ​ម៉ូតូ​ម្នាក់ ១​គ្រឿង​នោះ ត្រូវបាន​ចាប់​ឃាត់ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​២ តាមផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង ចាប់យក រួមមាន​៖ ម៉ូតូ​ចំនួន ២​គ្រឿង គឺ​១- ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ស ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ ភ្នំពេញ 1IE-1708 (​មិន​ពាក់មួក​សុវត្ថិភាព​) បើកបរ​ដោយ​ឈ្មោះ សឿន ហាវ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរប​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ ៧១១C ក្រុម​១០ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។ ២- ម៉ូតូ​ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ ភ្នំពេញ 1GL-2827 (​ពាក់មួក​សុ​វត្តិភាព​) បើកបរ​ដោយ​ឈ្មោះ ប៊ុត វិសាល ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ អ្នក​ដឹកជញ្ជូន​ឥ​វ៉ាន់​អន​ឡាញ ស្នាក់នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចាប់ផ្ដើម​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ហាមឃាត់ មិន​ឲ្យ​ក្រុម​អ្នកបើកបរ​ម៉ូតូ បើកផ្លូវ​ឲ្យ​រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់ បន្តធ្វើ​សកម្មភាព តទៅទៀត​ឡើយ​។ ការហាមឃាត់​នោះ ព្រោះថា សកម្មភាព​របស់​ពួកគេ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន ហើយ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​រាយការណ៍​អំពី​បញ្ហា​នេះ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ប៉ូលិស និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាមឃាត់​មិន​ឲ្យមានអ្នកបើកម៉ូតូ ​នាំមុខ​ឡាន​សង្គ្រោះបន្ទាន់​តទៅទៀត ព្រោះ​មើលទៅ​វា​ដូចជា​បង្ក​ភាពអនាធិបតេយ្យ​ និង​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​។ អ្នកបើកបរ​ម៉ូតូ​នាំមុខ​ឡាន​សង្គ្រោះបន្ទាន់ មាន​ច្រើន​ក្រុម ដែល​ក្រុមខ្លះ មាន​បំពាក់​សា​រ៉ែ​ន​ថែមទៀត​។ ក្រុម​អ្នកបើកបរ​ម៉ូតូ​ទាំងនោះ មិនមាន​អង្គភាព​អ្វី​ច្បាស់លាស់ និង​ខាង​ស​​មត្ថ​កិច្ច​ណា ទទួលស្គាល់​នោះឡើយ ដោយ​គ្រាន់តែ​ពួកគេ បង្កើតជា​ក្រុមៗ និង​មិនមាន​ការស្នើសុំ​ការអនុញ្ញាត​ត្រឹមត្រូវ​ណាមួយ ​ទៅ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នោះឡើយ​។​

​ប៉ូលិស បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ ប្រសិនបើ​ក្រុម​អ្នកបើកបរ​ម៉ូតូ ដែល​បំពាក់​សា​រ៉ែ​ន​បើកផ្លូវ នាំមុខ​រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់​ទាំងនោះ នៅតែ​បន្តសកម្មភាព​ទៀត សមត្ថកិច្ច​នឹង​ដកហូត​អាវ និង​សម្ភារៈ​របស់​ពួកគេ ព្រមទាំង​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ហើយ​បើ​នៅតែ​មិន​ស្ដាប់ តាម​ការណែនាំ​បន្តទៀត នោះ​សមត្ថកិច្ច នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​។​

​ករណី​ក្រុមយុវជន បើក​ម៉ូតូ​បើកផ្លូវ នាំមុខ​ឡានពេទ្យ​នេះ ត្រូវបាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ទាំងនោះ ចាត់ទុកថា ជា​សកម្មភាព​មនុស្សធម៌ មិន​រកប្រាក់​កម្រៃ និង​ជួយ​សង្គម ដោយសារតែ​សព្វថ្ងៃ ​តាមផ្លូវ​កកស្ទះ​ចរាចរណ៍ ហើយ​អ្នកបើកបរ​មួយចំនួន ទាំង​ម៉ូតូ និង​ទាំង​ឡាន មិន​គោរព​ច្បាប់ ហើយក៏​មិន​ផ្តល់​សិទ្ធិ​អាទិភាព​ដល់​ឡានពេទ្យ ដែល​បើក​ស៊ឺរ៉ែន ដឹក​អ្នកជំងឺ ទៅ​សង្គ្រោះបន្ទាន់​នោះឡើយ​។ ដូច្នេះហើយ ទើប​ពួកគេ សុខចិត្ត​លះបង់​ពេលវេលា ប្រើ​ម៉ូតូ​ផ្ទាល់ខ្លួន ជួយ​ដល់​ការងារ​មួយ​នេះ​។​

​តែ​យ៉ាងណាក៏ដោយ សូម​កុំភ្លេចថា ឡានពេទ្យ មាន​បេសកកម្ម​អាទិភាព គឺ​ដឹក​អ្នកជំងឺ ទៅ​សង្គ្រោះ​ជីវិត នៅ​មន្ទីរពេទ្យ​។ ឡានពេទ្យ បំពាក់​ស៊ឺរ៉ែន ដោយមាន​សិទ្ធិ​អាទិភាព​ពិសេស​ជាង​ឡាន​ស៊ឺរ៉ែន​របស់​ប៉ូលិស​អមដំណើរ​អ្នកធំ​ទៅទៀត​។ ដូច្នេះ​មនុស្ស​គ្រប់គ្នា ត្រូវតែ​បើកផ្លូវ អោយ​ឡានពេទ្យ​ទៅមុន​។

​ប៉ុន្តែ​តាម​ការសង្កេត​ក្នុងសង្គម​យើង​សព្វថ្ងៃ គឺ​មិន​ដូច្នេះ​ឡើយ​។ នោះ​ក៏​ដោយសារតែ​ផ្លូវ​កកស្ទះ​ចរាចរណ៍ ហើយ​អ្នកបើកបរ​មួយចំនួន មិន​គោរព​ច្បាប់ និង​មិន​ស្គាល់​ថា អ្វី​ទៅជា​សិទ្ធិ​អាទិភាព ក៏មាន​។ ដូច្នេះហើយ វា​ក៏​លេច​ករណី រហូតដល់​ឡានពេទ្យ ត្រូវមាន​អ្នកជិះ​ម៉ូតូ បើកផ្លូវ​បន្ថែមទៀត​។​

​សកម្មភាព​ក្រុមយុវជន​ជិះ​ម៉ូតូ បើកផ្លូវ​ឡានពេទ្យ​នោះ កន្លងមក បាន​ជួប​គ្រោះថ្នាក់ ដោយ​មួយ​ករណី រហូតដល់​ស្លាប់ នៅ​ខាង​ច្បារអំពៅ ដោយសារតែ​ជិះ​លឿន ហើយ​ជ្រុល​ចង្កូត ចូល​ក្រោម​ឡាន​។ ថ្មីៗ​នេះ​ទៀត អ្នកជិះ​ម៉ូតូ ដែល​អះអាងថា ជា​ក្រុម​អ្នក​សម្រួល​ចរាចរណ៍ ជូន​រថយន្ត​សា​ម៉ុ​យ ក៏ត្រូវ​ឡាន​មួយគ្រឿង បុក​នៅ​ផ្លូវបំបែក​ជា​៤ កាលពី​ម៉ោង ១១​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ផ្លូវបំបែក​ជា​៤ ស្តុ​ប​ទេព​ផន កែង​មហាវិថី​ម៉ៅ​សេទុង ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក គឺ​ត្រឹមតែ​ខូចខាត​ម៉ូតូ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ករណី​យុវជន ២​នាក់ ដែល​ប៉ូលិស​ទើប​ឃាត់​បាន​នេះ គឺ​មិនមាន​ម្នាក់ មិន​ពាក់មួក​សុវត្ថិភាព​ទៅទៀត​។ ដូច្នេះ​បើ​បើកបរ​លឿន ហើយ​ជួប​គ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ គឺ​នរណា ទទួលខុសត្រូវ ហើយ​ប្រហែលជា យុវជន​នោះ មិនបាន​ជួយ​ឡានពេទ្យ​ទេ បែរជា​ឡានពេទ្យ ត្រូវ​ជួយ​ដឹក​យកទៅ​សង្គ្រោះ​វិញ ក៏​ថា​បាន​។​

​ជារួម ករណី​ហាមឃាត់ ឈប់​ឲ្យ​ក្រុមយុវជន​បើក​ម៉ូតូ នាំមុខ​ឡានពេទ្យ​នេះ ក៏​ទាមទារ​ឲ្យ​ប៉ូលិស និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់ ត្រូវ​គិតគូរ ជួយ​សម្រួលចរាចរណ៍ ធ្វើយ៉ាងណា​ឲ្យ​ឡានពេទ្យ នាំ​អ្នកជំងឺ ត្រូវ​សង្គ្រោះបន្ទាន់ ទៅកាន់​មន្ទីរពេទ្យ បាន​ទាន់ពេលវេលា ក្នុងពេល​ភ្នំពេញ​សព្វថ្ងៃ ជួបប្រទះ​បញ្ហា​កកស្ទះ​ចរាចរណ៍​សឹង​គ្រប់​ផ្លូវ និង​ស្ទើរតែ​រាល់​ម៉ោង​ដូច្នេះ​។ ហាមឃាត់​គេ​ហើយ បែរជា​មិន​ធ្វើ​អ្វី​សោះ គឺ​មិនកើត​ទេ​។ ពេលនោះ នឹងមានការ​​សើចចំអក។

​ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច​យើង អាចដាក់​ពង្រាយ​កងក​ម្លាំ​ង​ប៉ូលិស​ចរាចរណ៍ និង​កម្លាំង​ប្រជា​ការពារ ប៉ូលិស​ប៉ុស្តិ៍​តាម​សង្កាត់ ដើម្បី​នៅចាំ​សម្រួល​ចរាចរណ៍ នៅ​ចំណុច​ផ្លូវ​កកស្ទះ​ខ្លាំង ពិសេស​នៅ​ចំណុច​ភ្លើងស្តុប ដូច​អ្វីដែល​កងកម្លាំង​សមត្ថកិច្ច តែងតែ​អន្តរាគមន៍ បើកផ្លូវ​ដល់​ក្បួន​ឡាន​អ្នកធំៗ ឆ្លងកាត់​កន្លងមក​។ ក្នុងនោះ ក៏​អាច​រៀបចំ​ក្រុមប៉ូលិស​ចរាចរណ៍ ដែលមាន​ច្រើន ចាំតែ​ស្ទាក់ចាប់​អ្នកបើកបរ ល្មើសច្បាប់ យកលុយ​ទាំង​ក្រុមៗ គួរតែ​យក​ក្រុម​នោះ បែងចែក​គ្នា ឲ្យ​នាំមុខ​ឡានពេទ្យ ក្នុងករណី​ចាំបាច់​។​

​ម្យ៉ាង​ទៀត បើ​​ថា ក្រុមយុវជន​អ្នកបើកបរ​ម៉ូតូ​ទាំងនោះ ចង់​ធ្វើ​ការងារ​នេះ ខ្លាំងណាស់ គឺ​ប៉ូលិស និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ រួមទាំង​ខាង​មន្ទីរពេទ្យ ត្រូវ​សហការគ្នា ប្រជុំ រៀបចំ និង​បណ្តុះបណ្តាល​ជំនាញ​ឲ្យ​យុវជន​ទាំងនោះ ក្លាយជា​អ្នកមាន​ជំនាញ​ប្រាកដប្រជា ក្នុង​ការបើក​ម៉ូតូ នាំ​ផ្លូវ​ឡានពេទ្យ​។ ត្រូវមាន​សម្ភារៈ​ការពា​រ​ខ្លួន មួក​ការពារ ហើយក៏​អាច​បំពាក់​ស៊ឺរ៉ែន នៅ​ម៉ូតូ​ក៏បាន ក្នុងពេល​បំពេញបេសកកម្ម​នាំមុខ​ឡានពេទ្យ ដោយមាន​ទាំង​មេក្រូ អាច​ប្រកាសប្រាប់​មហាជន ឲ្យ​ជៀស​ផ្លូវថែមទៀ​ត​​។ តែ​ករណីនេះ ត្រូវមាន​គោលការណ៍​ច្បាស់លាស់ និង​ការទទួលស្គាល់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ចេញ​កាត​ត្រឹមត្រូវ និង​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ​ត្រឹមត្រូវ​។​

​ចំណែក​​មធ្យោបាយ​មួយទៀត ក្រុមយុវជន​អ្នកស្ម័គ្រចិត្ត បើក​ម៉ូតូ​នាំ​ផ្លូវ​ឡានពេទ្យ​ទាំងឡាយ បើ​ថា គេ​ហាម មិន​ឲ្យ​ធ្វើ​ដូច្នេះ​ទៀតហើយ ក៏ត្រូវ​តែ​ឈប់ ហើយ​រក​វិធី​ជួយ​សង្គម​តាមបែប​ផ្សេង ដែល​អាជ្ញាធរ​សមត្ថកិច្ច មិន​ហាមឃាត់ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ដទៃ​ទៀតផង​។ មាន​ការងារ​ច្រើនណាស់ ដូចជា ឈរ​សម្រួល​ចរាចរណ៍ នៅ​តំបន់​កកស្ទះ​ណាមួយ ក៏បាន​។ ដើរ​រើស ប្រមូល និង​កើប ដឹកជញ្ជូន​សំរាម ក៏​ជា​ការងារ​សង្គម​ដែរ ឬក៏​លើកដី​ដាក់​ជង្ហុក​តាមផ្លូវ ជាដើម​។

​មែនទែន​ទៅទៀត​នោះ គឺ​គ្រាន់តែ​យុវជន​យើង​ម្នាក់ៗ ខំប្រឹង​រៀនសូត្រ និង​ធ្វើជា​កូន​ល្អ ស្តាប់​ដំបូន្មាន​ឪពុកម្តាយ​ក្នុង​គ្រួសារ​និ​មួយៗ ហើយ​ជាពិសេស​យុវជន​យើង​ម្នាក់ៗ គ្រាន់តែ​កុំ​ប្រព្រឹត្ត​អំពើ​ពាលា​អាវ៉ាសែ កុំ​ផឹកស្រា កុំ​លេងល្បែង កុំ​សេព​គ្រឿងញៀន និង​កុំ​លួច​ឆក់​ប្លន់ ក៏មាន​ឈ្មោះថា យុវជន​នោះ បាន​ជួយ​សង្គម​ដ៏​ក្រៃលែង​ទៅហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ