ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​២​នាក់ បើក​ម៉ូតូ​នាំមុខ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន ចំនួន ០២​នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន ចំនួន ០២​នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ករណី​បើក​ម៉ូតូ​នាំមុខ​រថយន្ត​សង្គ្រោះ​បន្ទាន់​(​ឡានពេទ្យ​) ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​២ ផ្លូវជាតិ​លេខ​៥ ភូមិ​.​ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក ម៉ូតូ​ចំនួន ២​គ្រឿង រួម​មាន ៖
១- ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ស សេរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IE-1708 (​មិន​ពាក់មួក​សុវត្ថិភាព​) បើកបរ​ដោយ​ឈ្មោះ សឿ​ន ហាវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​លក់ដូរ ស្នាក់​នៅ ផ្ទះ​លេខ ៧១១C ក្រុម​១០ ភូមិ​លូ សង្កាត់ ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

២- ម៉ូតូ​ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GL-២៨២៧ (​ពាក់មួក​សុ​វត្តិភាព​) បើកបរ​ដោយ​ឈ្មោះ ប៊ុត វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​ជញ្ជូន ស្នាក់​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​ធី ។

គួរ​រម្លឹក​ឡើង​វិញ​ថា អំឡុង ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្ដើម​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ហាមឃាត់​មិន​ឲ្យ​ក្រុម​អ្នកបើកបរ​ម៉ូតូ ដែល​បើកផ្លូវ ឲ្យ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ បន្ត​ធ្វើ​សកម្មភាព​នេះ​ទៀត​ឡើយ ។

អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សាន សុខ​សីហា ថ្លែងប្រាប់​អោយ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ហាមឃាត់​សកម្មភាព​ក្រុម​អ្នកបើកបរ​ម៉ូតូ​បើកផ្លូវ​នាំមុខ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​នេះ ព្រោះថា សកម្មភាព​របស់​ពួក​គេ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន ក៏​បាន​រាយការណ៍​អំពី​បញ្ហា​នេះ មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​ប្រាប់​ដូច្នេះ​ថា យើង​អនុវត្ត​តាម​ការ​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​យើង​មាន​គោលការណ៍ ដើម្បី​ហាមឃាត់​មិន​ឲ្យ​ពួក​គាត់ បើក​នាំមុខ​ឡាន​សង្គ្រោះ​បន្ទាន់​ទៀត​ទេ ព្រោះ​វា​មើលទៅ​វា​ដូច​ជា បង្ក​ភាព​អនាធិបតេយ្យ​ច្រើន បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន ។ អ្នកបើកបរ​ម៉ូតូ​នាំមុខ​ឡាន​សង្គ្រោះ​បន្ទាន់ មាន​ច្រើន​ក្រុម ដែល​ក្រុម​ខ្លះ​មាន​បំពាក់​សា​រ៉ែ​ន​ថែម​ទៀត ក្រុម​អ្នកបើកបរ​ម៉ូតូ​ទាំងនោះ មិន​មាន​អង្គភាព​អ្វី​ច្បាស់លាស់​នោះ​ឡើយ ដោយ​គ្រាន់តែ​ពួក​គេ​បង្កើត​ជា​ក្រុម​ៗ និង​មិន​មានការ​ស្នើ​សុំ ការ​អនុញ្ញាត​ត្រឹមត្រូវ​ណាមួយ ទៅ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ឡើយ​។

អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ទៀត​ថា ចាប់ពី​ពេល​នេះ​តទៅ ប្រសិនបើ​ក្រុម​អ្នកបើកបរ​ម៉ូតូ ដែល​បំពាក់​សា​រ៉ែ​ន​បើកផ្លូវ នាំមុខ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​ទាំងនោះ នៅ​តែ​បន្តសកម្មភាព​ដដែល​នេះ​ទៀត សមត្ថកិច្ច​នឹង​ដកហូត​អាវ និង​សម្ភារៈ របស់​ពួក​គេ ព្រមទាំង​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ហើយ​បើ​នៅ​តែ​មិន​ស្ដាប់​តាម​ការ​ណែនាំ​បន្ត​ទៀត នោះ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅ​តាម​ច្បាប់ ។

ឡានពេទ្យ​មាន​បេសកកម្ម​មួយ គឺ​ដឹក​អ្នកជំងឺ ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ ដូច្នេះ​មនុស្ស​គ្រប់​គ្នា ត្រូវ​តែ​បើកផ្លូវ អោយ​ឡានពេទ្យ ។ ប៉ុន្តែ​តាម​ការ​សង្កេត គឺ​មិន​ដូច្នេះ​ឡើយ ដូច្នេះ​ហើយ​វា​ក៏​លេច​ករណី រហូត​ដល់​ឡានពេទ្យ​ត្រូវ​មាន​អ្នក​ជិះ​ម៉ូតូ​បើកផ្លូវ​បន្ថែម​ទៀត ។

ក៏​ប៉ុន្តែ​សកម្មភាព​ក្រុម​យុវជន​ជិះ​ម៉ូតូ បើកផ្លូវ​ឡានពេទ្យ​នោះ កន្លង​មក បាន​ជួប​គ្រោះថ្នាក់ ដោយ​មួយ​ករណី រហូត​ដល់​ស្លាប់ នៅ​ខាង​ច្បារ​អំពៅ ដោយសារ​តែ​ជិះ​លឿន ហើយ​ជ្រុល​ចង្កូត ចូល​ក្រោម​ឡាន ។ ថ្មី​ៗ​នេះ​ទៀត អ្នក​ជិះ​ម៉ូតូ ដែល​អះអាង​ថា ជា​ក្រុម​អ្នក​សម្រួល​ចរាចរណ៍ ជូន​រថយន្ត​សា​ម៉ុ​យ ក៏​ត្រូវ​ឡាន​មួយ​គ្រឿង បុក​នៅ​ផ្លូវបំបែក​ជា​៤ កាលពី​ម៉ោង ១១​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ផ្លូវបំបែក​ជា​៤ ស្តុ​ប​ទេព​ផ​ន កែង​មហាវិថី​ម៉ៅ​សេ​ទុង ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក គឺ​ត្រឹមតែ​ខូចខាត​ម៉ូតូ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ករណី​ក្រុម​យុវជន​បើក​ម៉ូតូ នាំមុខ​ឡានពេទ្យ​នេះ មាន​មតិ​គាំទ្រ និង​មាន​ទាំង​មតិ​រិះគន់ ហើយ​សូ​ម្បី​តែ​ប៉ូលិស ក៏​មិន​គាំទ្រ​ឲ្យ​មាន​ក្រុម​អ្នក​នាំ​ផ្លូវ​ឡានពេទ្យ​នេះ​ឡើយ ហើយ​ពេល​ខ្លះ បង្ក​បញ្ហា និង​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត ដោយសារ​តែ​អ្នក​បើក​ម៉ូតូ​លឿន ក្នុង​ពេល​ផ្លូវ​កកស្ទះ​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ