ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​សម្រុក​មក​ពី​ថៃ ភ្លូកទឹកភ្លូកដី​នៅ​ច្រក​ដូង ខណៈច្រក​ប៉ោយ​ប៉ែ​ត​និង​ប៉ៃលិន​ស្ងាត់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជិត​ឈាន​ចូល​មក​ដល់ ពលករ​ខ្មែរ​បាន​វិល​ត្រឡប់​ពី​ថៃ​មាន​ជា​ហូរហែ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជិត​ឈាន​ចូល​មក​ដល់ ពលករ​ខ្មែរ​បាន​វិល​ត្រឡប់​ពី​ថៃ​មាន​ជា​ហូរហែ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ ។ តាម​ដងផ្លូវនៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​ដូច​ជា​តាម​ទីតាំង​សាខា​លក់​សំបុត្រ​រថយន្តក្រុង គេ​សង្កេត​ឃើញ​មាន​ពលករ​ប្រុស​ស្រី​ដែល​វិល​ត្រឡប់​ពី​ថៃ​ពពាក់ពពូន​នាំ​គ្នា​ទិញ​សំបុត្រ​រថយន្ត ។

រថយន្ត​តូច​ធំ​ផ្ទុក​ពលករ​ពេញ​ៗ បាន​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ឆ្ពោះទៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ។ ជាមួយ​គ្នា​នេះ​មាន​ប្រភព​ព័ត៌មាន​ថា សំបុត្រ​រថយន្ត​លួច​លក់​ឡើងថ្លៃ​តែ​មិន​ហួសហេតុ​ដូច​កាលពី​ឆ្នាំ​មុន​ទេ ហើយ​រាល់​ការ​សួរនាំ​ត្រូវ​ម្ចាស់​ទីតាំង​សាខា​ទាំងនោះ​ធ្វើការ​បដិសេធ​ជាមួយ​អ្នកកាសែត ។

ចំពោះ​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត ក្រុម​ពលករ​និយាយ​ថា ការ​ឆ្លងកាត់​ខេត្ត​ស្រះ​កែវ ពិបាក​ជាង​ខេត្ត​ផ្សេង​ៗ​ព្រោះថា ទោះជា​គ្រប់​គ្នា​មាន​កាត​ស៊ី​ជម្ពូ​ក៏​ដោយ​ឲ្យ​តែ​ការ​វិល​ត្រឡប់​គ្មាន​លិខិតអនុញ្ញាត​ពី​ថៅកែ​រោងចក្រ ឬ​សហគ្រាស​គឺ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​តាម​ដងផ្លូវ​នៅ​ចំណុច​ត្រួតពិនិត្យ​ទាំងអស់ លើកលែងតែ​ជិះ​រថយន្ត​វាង​បា​រ៉ា​ស់​ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ។

ចំណែក​រថយន្ត​ទ្រុង​ថៃ ក៏​បា​នប​ញ្ជូ​ល​ពលករ​ដែល​គេ​ចោទ​ថា​ខុសច្បាប់​ច្រើន​ខុស​សព្វមួយដង​ដែរ​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​ពលករ​ទាំងនោះ​សុទ្ធតែ​វិល​ត្រឡប់​ពី​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ ត្រូវ​គេ​ចាប់​នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ មិនមែន​ជា​ពលករ​ចេញចូល​ដី​ថៃ​រក​ការងារ​ធ្វើ​តាម​ខ្សែបន្ទាត់​ព្រំដែន​នោះ​ទេ​។ យ៉ាងណា​ក៏​ដោយ ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​២​ឆ្នាំ​ចុង​ក្រោយ​នេះ​(២០១៥-២០១៦) មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​ការ​ទៅ​មក​ដី​ថៃ​តាម​ច្រក​ទ្វារ​មួយ​នេះ​ពលករ​តែងតែ​ជួប​រឿង​ជំរិត​ទារប្រាក់​ខ្លាំង​ពេក​ពី​ក្រុម​មេខ្យល់ ។

ម្យ៉ាង ការ​វិល​ត្រឡប់​តាម​ខេត្ត​ស្រះ​កែវ​សមត្ថកិច្ច​ថៃ​ចាប់​នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ ណ​ង​គង់ ក្នុងស្រុក​វ៉ា​ក់ថា​ណា​ណា​ក់​ខន ខុស​ពី​ខេត្ត​ផ្សេង​ៗ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​ពលករ​នាំ​គ្នា​ទៅ​មក​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង​ខេត្តបាត់ដំបង​យ៉ាង​ភ្លូកទឹកភ្លូកដី ដោយសារ​ទីនោះ​មាន​សុវត្ថិ​ភាពល្អ ហើយ​ផ្លូវ​ដែល​ត្រូវ​ទៅ​មក​ក្នុង​ដី​ថៃ​ពុំ​មាន​បា​រ៉ា​ស់​ត្រួតពិនិត្យ​តឹង​រ៉ឹង​ដូច​ខេត្ត​ស្រះ​កែវ​ឡើយ ដែល​កាលពី​ថ្ងៃ​ទី​៧ ខែមករា​កន្លង​ទៅ មាន​រថយន្ដ​ទ្រុង​ថៃ ១០​គ្រឿង​ដឹក​ពលករ​ខ្មែរ​មក​វិញ ៕