ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ស្រី​ណុ​ច ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ពី​អាជ្ញាធរ​ជាតិ​អប្សរា

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​ប្រគល់​ម៉ូតូ​មួយ​គ្រឿង​បន្ថែម​ទៀត ដល់​ក្រុម​គ្រួសារ​ស្រី​ណុ​ច​ដែល​រស់នៅ​ក្នុងភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ដើម្បី​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ​។ ស្រី​ណុ​ច ជា​ក្មេង​ស្រី​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប និង​ទើប​មាន​អាយុ​៧​ឆ្នាំ​ប៉ុណ្ណោះ តែ​មាន​ទេព​កោសល្យ​ខាង​គំនូរ​តាំងពី​តូច​មក​ម្ល៉េះ​។

កុមារី​ស្រី​ណុ​ច​ចូល​ចិត្ត​គូររូប​អប្សរា​នៅ​លើ​ដី​នៃ​ផ្លូវ​ចូល​ប្រាសាទព្រះខ័ន ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​មានការ​ចាប់អារម្មណ៍​ចំពោះ​ទេព​កោសល្យ​នេះ​។ លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​ជួប​ក្រុម​គ្រួសារ​របស់​ស្រី​ណុ​ច និង​បាន​ជួយ​ឧបត្ថម្ភ​ជា​បន្ត​ជា​បន្ទាប់ ទាំង​សម្ភារ​សិក្សា កង់ និង​ការ​សិក្សា​នៅ​សាលា​ឯកជន​ដែល​មានគុណ​ភាពល្អ ស្តង់ដារ​អន្តរជាតិ ព្រមទាំង​ជួយ​ឱ្យ​ឪពុក​របស់​នាង​បាន​ទៅ​ធ្វើការ​នៅ​សាលា​នោះ​ទៀត​ផង​។

សព្វថ្ងៃ​ស្រី​ណុ​ច​កំពុង​រៀន​ថ្នាក់​ទី​២​ទាំង​ភាសា​ខ្មែរ និង​ភាសាបរទេស នៅ​សាលា Go Global School​។ ក្នុង​ពិធី​ប្រគល់​ម៉ូតូ​នោះ​ដែរ លោក សុខ សង្វារ បាន​លើក​ឡើង​ថា ដោយ​យើង​ឃើញ​ថា ស្រី​ណុ​ច និង​ឪពុក​របស់​ក្មួយ​ស្រី​បាន​ទៅ​រៀន​នៅ​សាលា​ឯកជន មាន​ចម្ងាយ​ឆ្ងាយ ត្រូវ​ជិះ​កង់​ជាង​១​ម៉ោង ទើប​ដល់​សាលា ដូច្នេះ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​ឧបត្ថម្ភ​ម៉ូតូ​មួយ​គ្រឿង​ដល់​គ្រួសារ​ស្រី​ណុ​ច ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​។ មិន​ត្រឹមតែ​ធ្វើ​ដំណើរ​ទៅ​សាលា​ទេ ម៉ូតូ​មួយ​គ្រឿង​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ផង​ដែរ​។

លោក សុខ សង្វារ ក៏​បាន​រំឭក​ដាស់តឿន​ក្រុម​គ្រួសារ​ស្រី​ណុ​ច សុំ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​លើ​ក្មេង​ស្រី​ដ៏​មាន​ទេព​កោសល្យ​នេះ ហើយ​លោក ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​ប្អូនស្រី​ណុ​ច​ខិតខំ​រៀនសូត្រ និង​បន្ថែម​សមត្ថភាព​របស់​ខ្លួន ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​នា​ពេល​អនាគត​។ ម្តាយ​របស់​ស្រី​ណុ​ច​បាន​រៀបរាប់​ថា អ្នកស្រី​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ឧបត្ថម្ភ​គ្រួសារ​របស់​អ្នកស្រី​។ បច្ចុប្បន្ន​អ្នកស្រី តែង​ព្យាយាម​ជំរុញ​លើកទឹកចិត្ត​កូនស្រី​ឱ្យ​ខិតខំ​សិក្សា រៀនសូត្រ​ជា​ប្រចាំ ដើម្បី​កូន​មាន​អនាគត​ភ្លឺស្វាង​៕