- ភ្នំពេញ
ភ្នំពេញ៖ ករណីកសិផល នៅស្រុកយើង ធ្លាក់ថ្លៃ កើតឡើងយូរឆ្នាំមកហើយ និងស្ទើរតែរាល់ពេលប្រមូលផល។ នៅឆ្នាំនេះ កាលពីខែសីហា តាង៉ែន ឬផ្លែមៀនប៉ៃលិន…
ភ្នំពេញ៖ ករណីកសិផល នៅស្រុកយើង ធ្លាក់ថ្លៃ កើតឡើងយូរឆ្នាំមកហើយ និងស្ទើរតែរាល់ពេលប្រមូលផល។ នៅឆ្នាំនេះ កាលពីខែសីហា តាង៉ែន ឬផ្លែមៀនប៉ៃលិន…
ភ្នំពេញ៖ ករណីកសិផល នៅស្រុកយើង ធ្លាក់ថ្លៃ កើតឡើងយូរឆ្នាំមកហើយ និងស្ទើរតែរាល់ពេលប្រមូលផល។ នៅឆ្នាំនេះ កាលពីខែសីហា តាង៉ែន ឬផ្លែមៀនប៉ៃលិន នៅខេត្តជាប់ព្រំដែនថៃ គឺខេត្តបាត់ដំបង និងខេត្តប៉ៃលិន ជាដើម ធ្លាក់ថ្លៃ ហើយមិនមានទីផ្សារ ដោយមិនអាចនាំចេញទៅលក់នៅប្រទេសថៃ បាននោះទេ។ ក្រោយមក នៅពេលប្រមូលផលស្រូវវស្សា កាលពីខែកញ្ញា និងខែតុលា ក៏ប្រជាកសិករលក់ក្នុងតម្លៃទាបជាងឆ្នាំមុន។ នៅពេលនេះ ដល់ពេលប្រមូលផលស្វាយកែវរមៀត ក៏ត្រូវបានប្រជាកសិករលើកឡើងថា ថ្លៃស្វាយលក់បានថោក តែជី និងថ្នាំកសិកម្ម ឡើងថ្លៃ ដែលធ្វើឲ្យប្រជាកសិករ ប្រឈមនឹងការខាតបង់ជាថ្មី។
កសិករដាំស្វាយ នៅស្រុកទឹកឈូ ខេត្តកំពត បានសម្រេចចិត្តបន្ថយការធ្វើស្វាយខុសរដូវ ពីចំនួន ២ពាន់ដើម មកត្រឹមតែ ១ពាន់ដើម ដោយសារជី និងថ្នាំកសិកម្ម ឡើងថ្លៃពាក់កណ្ដាល រីឯទីផ្សារស្វាយ រយៈពេល ២ឆ្នាំចុងក្រោយនេះ មានតម្លៃ កាន់តែទាប។ ក្នុងខែតុលា ឆ្នាំ២០២១នេះ ជីកសិកម្ម បានឡើងថ្លៃពី ១០ម៉ឺនរៀល ទៅ ១៥ម៉ឺនរៀល ក្នុងមួយបាវ ខណៈតម្លៃស្វាយ ចុះមកត្រឹមតែ ៣០០រៀល ក្នុង ១គីឡូក្រាម។
ចំណែកតម្លៃស្វាយកែវរមៀត នៅស្រុកកងមាស ខេត្តកំពង់ចាម ក៏នៅតែទាបដូចឆ្នាំមុន។ ចំណែកជី និងថ្នាំកសិកម្ម សម្រាប់ធ្វើស្វាយឲ្យផ្លែខុសរដូវនេះ ឡើងថ្លៃ។ នៅឆ្នាំនេះ មានកសិករជាច្រើន ផ្អាកមិនធ្វើឡើយ ដោយសារតែមិនរួចខ្លួន។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើហ្វេសបុករបស់លោក កាលពីខែតុលាថា ថ្នាំកសិកម្ម និងជីកសិកម្ម ឡើងថ្លៃ ដោយសារបញ្ហាជំងឺកូវីដ-១៩ នាំឱ្យប្រទេសផលិត ខ្វះវត្ថុធាតុដើម កាត់បន្ថយកម្លាំងពលកម្ម និងការចំណាយពេលច្រើន ក្នុងការដឹកជញ្ជូន ទើបមិនមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់ តាមតម្រូវការឡើយ។
ចំពោះទីផ្សារវិញ ក៏ត្រូវបានរដ្ឋមន្ត្រីកសិកម្ម លើកឡើងថា ដ្បិតតែកម្ពុជា និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអនុញ្ញាតឱ្យកម្ពុជា អាចនាំផលិតផលកសិកម្មជាច្រើនមុខ ចូលទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធគយក្តី ប៉ុន្តែទំនិញរបស់កម្ពុជាទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌ តម្រូវតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ រួមទាំងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។
អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា មូលហេតុ នាំឱ្យទីផ្សារកសិផលធ្លាក់ថ្លៃនេះ ព្រោះកម្ពុជា ពឹងផ្អែកតែលើទីផ្សារប្រទេសជិតខាង ហើយទិន្នផលស្វាយកម្ពុជា ក៏ពុំមានស្តង់ដារ ដែលអាចនាំចេញទៅកាន់ប្រទេសផ្សេងបានឡើយ។
អ្នកវិភាគសេដ្ឋកិច្ច បានផ្ដល់អនុសាសន៍ឱ្យកសិករទាំងអស់ រួមទាំងអ្នកដាំស្វាយ នៅកម្ពុជា ត្រូវច្នៃកសិផលខ្លួន ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ នាបច្ចុប្បន្ននេះ។ ការដោះស្រាយ នៅក្នុងស្រុក ដោយកែច្នៃកសិផលទាំងអស់នេះ នៅពេលប្រទេសជិតខាង ឈប់ទិញពីយើង។
មួយវិញទៀត បញ្ហាប្រឈម ដែលកសិករខ្មែរយើង បាន និងកំពុងជួបប្រទះ ដោយសារតែតម្លៃធ្លាក់ចុះ ហើយពេលខ្លះ មិនមានទីផ្សារលក់ចេញថែមទៀត អាចមកពីការប្រមូលផល មានបរិមាណច្រើន គឺការផ្គត់ផ្គង់ លើសតម្រូវការ។ ម្យ៉ាង អ្នកដាំស្វាយមួយចំនួន លក់បានតម្លៃទាប ដោយមូលហេតុថា ផ្លែស្វាយទាំងនោះ មិនទាន់មានគុណភាពល្អ ស្របតាមស្តង់ដារ ដូចជា មានទំហំតូច គ្មានសោភ័ណភាព និងមិនទាន់ស្របតាមលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញរបស់ក្រុមហ៊ុន។ បញ្ហាកូវីដ នាំឲ្យប្រទេសជិតខាងបិទព្រំដែន ក៏ជាមូលហេតុ ធ្វើឲ្យស្វាយធ្លាក់ថ្លៃ នៅស្រុកយើងផងដែរ។
ដូច្នេះដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឲ្យប្រជាកសិករទាំងអស់ ចុះបញ្ជីកសិដ្ឋានរបស់ខ្លួន សម្រាប់នាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពដំណាំកសិផល ស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រង ជាបណ្តុំអាជីវកម្មកសិផល សម្រាប់ទាក់ទងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ចុះកិច្ចសន្យាប្រមូលទិញ ធ្វើការកែច្នៃ និងនាំចេញ។
ក្នុងគោលដៅ ជំរុញការនាំផ្លែស្វាយទៅប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា មានកសិដ្ឋាន ចំនួន ៣០ បានចុះបញ្ជី សម្រាប់ការនាំចេញស្វាយ ទៅកាន់ប្រទេសចិន និងរោងចក្រប្រព្រឹត្តិកម្ម សម្លាប់ពងរុយចោះផ្លែស្វាយ ចំនួន ៤ សម្រាប់នាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅប្រទេសចិន។
តម្លៃស្វាយ ធ្លាក់ចុះកន្លងមក និងពេលនេះ បណ្ដាលមកពីកត្តាសំខាន់ៗ ដូចជា ការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកដាំដុះស្វាយមួយចំនួន មិនទាន់អនុវត្តតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ ដោយដាំដុះមិនបានត្រឹមត្រូវ ហើយរោងចក្រកសិកម្មកែច្នៃផលិតផលស្វាយ នៅក្នុងស្រុក នៅមានចំនួនតិច ខណៈដែលបច្ចេកទេសកែច្នៃ ក៏នៅមានកម្រិត។
កន្លងមក ករណីប្រជាកសិករ ដាំតាង៉ែន ឬមៀនប៉ៃលិន នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ជួបបញ្ហាទីផ្សារ ក៏ដូចជាថ្លៃចុះថោក ហើយមិនអាចនាំចេញទៅលក់នៅក្រៅប្រទេសបាននោះទេ កាលពីអំឡុងខែសីហា។ កាលណោះ រាជរដ្ឋាភិបាល បានអន្តរាគមន៍ ឲ្យអាជ្ញាធរជួយប្រមូលទិញយកតាង៉ែតរបស់ប្រជាកសិករ។ តែវិធានការនេះ អាចដោះស្រាយបានតែមួយពេល ដោយមិនអាចធ្វើដូច្នេះ លើដំណាំស្វាយ ឬក៏ស្រូវ រួមទាំងកសិផលដទៃទៀតឡើយ។
ដូច្នេះចាប់ពីពេលនេះតទៅ នៅពេលកូវីដ១៩ ធូរស្បើយ ទាមទារឲ្យយើងមានរោងចក្រសិប្បកម្ម កែច្នៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយ ដោយច្នៃស្វាយទំ ធ្វើជាតផលកសិកម្ម រួមទាំងផ្លែស្វយ ដោយដំណាប់ស្វាយ។ រីឯមន្ត្រីជំនាញខាងកសិកម្ម ក៏គួរតែចុះជួបកសិករ ណែនាំ និងបង្រៀនពីរបៀបដាំស្វាយ ស្របតាមបច្ចេកទេសត្រឹមត្រូវ។ មន្ទីរកសិកម្មរាជធានី-ខេត្ត ក៏ត្រូវសហការជាមួយនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីជំរុញឲ្យកសិករ ចងក្រងជាក្រុមផលិត និងសហគមន៍ ដោយត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួល រៀបចំផែនការផលិតស្វាយ ជាលក្ខណៈប្រមូលផ្ដុំ បណ្ដុះបណ្ដាលបច្ចេកទេសស្របតាមស្ដង់ដារ និងការផ្សារភ្ជាប់ទីផ្សារ តាមរយៈការចុះកិច្ចសន្យាទិញ-លក់ ជាដើម។
មន្ត្រីជំនាញកសិកម្ម ក៏ត្រូវជំរុញផ្សព្វផ្សាយនូវការប្រើប្រាស់បណ្ដាញព័ត៌មានទីផ្សារផលិតផលកសិកម្ម តាមបច្ចេកទេសទំនើប ដល់កសិករ រួមទាំងការដាំដុះតាមបច្ចេកទេស ក្រោយប្រមូលផល និងការស្តុកទុក ជាដើម។ ការស្វែងរកទីផ្សារ រួមទាំងការបង្កលក្ខណៈងាយស្រួលឲ្យប្រទេសជិតខាង ចេញចូលមកទិញកសិផល ពិសេសស្វាយ ដោយមិនមានបញ្ហា ក៏ជាដំណោះស្រាយចំពោះមុខ ដែលអាជ្ញាធរសមត្ថកិច្ចយើង ត្រូវជួយកសិករ ពិសេសនៅពេលប្រមូលផលស្វាយនេះ ដើម្បីឲ្យតម្លៃងើបឡើងវិញ។ ក្នុងនោះ ការទប់ស្កាត់ កុំឲ្យជី និងថ្នាំកសិកម្មឡើងថ្លៃ ក៏ក្រសួងជំនាញ ត្រូវតែដោះស្រាយដែរ។
ក្នុងនោះ ការរៀបចំគោលនយោបាយ និងលើកទឹកចិត្តអ្នកវិនិយោគ ឲ្យកែច្នៃកសិផល តាមលក្ខណៈគ្រួសារ ឬក៏ជារោងចក្រសហគ្រាស ផលិតស្វាយទុំ ទៅជាដំណាប់ និងទឹកស៊ីរ៉ូស្វាយ សម្រាប់លក់ក្នុងស្រុក និងរហូតដល់នាំចេញ ក៏ជាមធ្យោបាយជួយដោះស្រាយការធ្លាក់ថ្លៃស្វាយ និងមិនមានទីផ្សារបានមួយផ្នែកដែរ៕
ចែករំលែកព័តមាននេះ