ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ងើបឡើងកូន!) ដោយ ណុប ច័ន្ទតារា

14 ឆ្នាំ មុន

ព្រលប់​ហើយ​កូន​ប្រញាប់​ចូល​គេង រៀន​ទាន់​នៅ​ក្មេង​កូន​គេង​ឱ្យ​លក់
ភ្ញាក់​ឡើង​ខំរៀន​មិន​ត្រូវ​ទ្រមក់ សួគ៌​និង​នរក​ភ្លឺ​និង​ងងឹត​។

ងើបឡើង​កូន​!
ដោយៈ ណុ​ប ច័ន្ទ​តារា                        Long Beach, California
ព្រលប់​ហើយ​កូន​ប្រញាប់​ចូល​គេង             រៀន​ទាន់​នៅ​ក្មេង​កូន​គេង​ឱ្យ​លក់
ភ្ញាក់​ឡើង​ខំរៀន​មិន​ត្រូវ​ទ្រមក់                សួគ៌​និង​នរក​ភ្លឺ​និង​ងងឹត​។
សម័យ​ឥឡូវ​កូន​ត្រូវ​ចង​ចាំ                     ពាក្យ​ពុក​ផ្ដែផ្ដាំ​និយាយ​ការ​ពិត
កូន​ត្រូវ​តស៊ូ​ចិញ្ចឹមជីវិត                        រៀន​ប្រើ​គំនិត​គិត​មើល​ឱ្យ​ឆ្ងាយ​។
ចំណេះ​ចេះ​ដឹង​ប្រឹង​ទាន់​នៅ​ក្មេង               មិន​ត្រូវ​បែកឆ្វេង​ដើរ​លេង​សប្បាយ
វិជ្ជា​ជា​ទ្រព្យ​ជាប់​តាម​រាង​កាយ                បើ​កូន​ចង់​ចាយ​ក៏​ចាយ​មិន​អស់​។
កូន​ជា​ទំញំង​តាម​ស្នង​ឫស្សី                    ប្រទេស​យើង​ល្បី​ខ្មែរ​យើង​មានឈ្មោះ
ចំណេះ​ចេះ​ដឹង​សាង​នូវ​កិត្ដិយស                ពូជពង្ស​ខ្មែរ​រស់​ក៏​ព្រោះតែ​កូន​។