ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្តេចព្រះសង្ឃរាជ​ជួន ណាត

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ពិធីបុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្តេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខែ្ម​រ លើក​ទី​៨ បាន​រៀបចំ​កាលពី​ថៃ្ង​ទី​១ ខែមេសា ឆ្នាំ​២០១៦​…

ខេត្តសៀមរាប ៖ ពិធីបុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្តេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ខែ្ម​រ លើក​ទី​៨ បាន​រៀបចំ​កាលពី​ថៃ្ង​ទី​១ ខែមេសា ឆ្នាំ​២០១៦ នៅ​វត្ត​រាជ​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​ព្រះ​វត្តមាន​របស់​ព្រះ​មហាវិមលធម្ម​ពិន សែ​ម សិរី​សុ​វ​ណ្ណោ រាជាគណៈ​ថ្នាក់​ទោ​គណៈមហានិកាយ​និង​ជា​ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​លោក​កៅ សោ​ភណ្ឌ សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។

គណៈអធិបតី​បាន​បូជា​ផ្កា ទៀន ធូប និង​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោ គោរព​រំឭក​ព្រះរាជ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ​មហាសុមេធាធិបតី ជោ​ត​ញ្ញា​ណោ ជួន ណាត សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ និង​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក និង​វចនានុក្រម​ខ្មែរ ព្រមទាំង​ព្រះ​មហា​វីរ​សមណ​ទាំង​គណៈមហានិកាយ គណៈធម្មយុត្តិកនិកាយ និង​មហា​វីរ​បុព្វបុរស​ខ្មែរ និង​ការ​ប្រកាស​ព្រះ​ឧបការគុណ ។

ព្រះ​តេជគុណ​សុ​មនោ  ហេង ប៊ុ​ជា មាន​សង្ឃដីកា​ថា បុណ្យ​រំឭក​ព្រះ​ឧបការគុណ​នេះ គឺជា​ការ​បញ្ជាក់​នូវ​ស្នា​ព្រះ​ហស្ត​នៃ​ព្រះរាជ​និពន្ធ និង​ចងក្រង​គម្ពីរ ក្បួនខ្នាត ក្នុង​ការ​អភិរក្ស​អក្សរសាស្ត្រ​ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស ។

ព្រះ​តេជគុណ​ស៊ុម សិរី​វិបុល ព្រះ​នាយក​វិទ្យុ​សាសនា​កម្ពុជរដ្ឋ បាន​អាន​ព​ព្រះរាជ​ជីវប្រវត្តិ និង ស្នា​ព្រះ​ហស្ត​របស់​សម្តេច ព្រះ​មហាសុមេធាធិបតី ជោ​ត​ញ្ញា​ណោ​ជួន ណាត សម្តេចព្រះសង្ឃរាជ ដែល​បាន​បន្សល់​ទុក​ដល់​ប្រជាជន​ខ្មែរ​យើង​គ្រប់​រូប​គោរព​ប្រតិបត្តិ ។ ក្រោយ​ពេល​ព្រះ​អង្គ​ទ្រង់​សោយ​ទិវង្គត​រយៈពេល​៤៧​ឆ្នាំ​មកនេះ ព្រះ​កិត្តិគុណ ព្រះ​កិត្តិនាម​របស់​សម្តេច​នៅ​មាន​គន្ធពិដោរ និង​ស្នា​ព្រះ​ហស្ត​កាន់តែ​មាន​សារសំខាន់​សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង​ទៅ​ពេល​អនាគត   ។

លោក​កៅ សោ​ភណ្ឌ បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​បុណ្យ​រំឭក​ព្រះ​ឧបការគុណ​សម្ត​ច​ព្រះ​មហាសុមេធាធិបតី ជោ​ត​ញ្ញា​ណោ​ជួន ណាត ជា​លើក​ទី​៨​ហើយ​នៅ​ខេត្តសៀមរាប ហើយ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដែល​សម្ត​ច​ជាម​ហាវរ​សង្ឃ​ដ៏​ឆ្នើម ដែល​ធ្វើ​ឲ្យ​បុព្វ​ជិត ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​អាច​បំភ្លេច​បាន ។ ក្នុង​មួយ​ជីវិត​របស់​ព្រះ​អង្គ​បាន​បំពេញបេសកកម្ម ក្នុង​វិស័យ​សាធារណៈ សង្គមកិច្ច សិក្សាធិការ និង​បាន​ចងក្រង​នូវ​គម្ពីរ ដីកា​ជា​ច្រើន​មាន​គម្ពីរ​ស្លឹករឹត សៀវភៅ និង​បាន​ប្រែភាសា​បាលី​មក​ជា​ភាសា​ខ្មែរ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ពុទ្ធបរិស័ទ និង​រៀបរៀង​វចនានុក្រម​ភាសា​ខ្មែរ​ដែល​ជា​ស្នា​ព្រះ​ហស្ត​ដ៏​ធំធេង​របស់​ព្រះ​អង្គ ។ ព្រះ​អង្គជា​ព្រះ​អគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ ព្រមទាំង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ ប្រកបដោយ​គុណប្រយោជន៍ ទាំង​ផ្លូវលោក ផ្លូវ​ព្រះធម៌ ដែល​បាន​បំភ្លឺ​ពុទ្ធបរិស័ទ ឱ្យ​ចេះ​វិភាគ​រកហេតុ​ផល ខុស និង​ត្រូវ ហើយ​មាន​ជំនឿ​ជាក់​លើ​ព្រះពុទ្ធ​សាសនា ។ ការ​បាត់បង់​ព្រះ​រូប​របស់​ព្រះ​អង្គ​ក៏​ពិតមែន តែ​ព្រះ​កិត្តិនាម​របស់​ព្រះ​អង្គ គឺ​ស្ថិត​នៅ​ជា​និច្ច​និរន្តរ៍​ចំពោះ​ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ជា​រៀង​រហូត ។

លោក​កៅ សោ​ភណ្ឌ បាន​សំណូមពរ​ដល់​ប្រជា​ពុទ្ធបរិស័ទ​ត្រូវ​ប្រកាន់​យក​តែ​អំពើ​ល្អ​ដើរ​តាម​ផ្លូវ​កណ្តាល ដើម្បី​សេចក្តីសុខ និង​ចូលរួម​អនុមោទនា​ចាប់​យក​មគ្គផល​ទៅ​តាម​កម្លាំង​សទ្ធា​ទុកជា​គុណប្រយោជន៍​តម្កល់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​បច្ចុប្បន្ន​ជាតិ និង​ទៅ​អនាគតជាតិ​ផង​ដែរ ។ ម្យ៉ាងទៀត​វិស័យ​ព្រះពុទ្ធ​សាសនា គឺជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដល់​ជន​គ្រប់​រូប​ឲ្យ​ប្រតិបត្តិ​អំពើ​ល្អ ហើយ​ក៏​ជា​វិស័យ​មួយ​កំពុង​ទាក់ទាញ​ដល់​អ្នកទេសចរ​ជាតិ អន្តរជាតិ ចូល​មក​សិក្សា​ឈ្វេងយល់​អំពី​ផង​ដែរ ។

ព្រះ​មហាវិមលធម្ម​ពិន សែ​ម សិរី​សុ​វ​ណ្ណោ មាន​ពុទ្ធឱវាទ​មួយ​ចំនួន សម្រាប់​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ត្រូវ​គោរព ប្រតិបត្តិ​ទៅ​តាម​ផ្លូវធម៌​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។ ម្យ៉ាងទៀត​ព្រះសង្ឃ ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​មរតក​វប្បធម៌ អក្សរសាស្ត្រ​ជាតិ​ដែល​ជា​ស្នា​ព្រះ​ហស្ត​នៃ​ព្រះរាជ​និពន្ធ និង​ចងក្រង​គម្ពីរ ក្បួនខ្នាត ក្នុង​ការ​អភិរក្ស​អក្សរសាស្ត្រ​ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស ។ ពុទ្ធបរិស័ទ​ទាំងអស់​ត្រូវ​ប្រកាន់​យក​ការ​បំពេញ​អំពើ​ជា​កុសលកម្ម​តាម​ផ្លូវ​កណ្តាល​ដើម្បី​ជា​គុណប្រយោជន៍​ដល់​មនុស្សលោក និង​សង្គម​ជាតិ​ទាំងមូល ។

ដើម្បី​ភ្ជាប់​និស្ស័យ​ទៅ​នឹង​ពិធីបុណ្យ​រំឭក​ឧបការគុណ​នេះ លោក​បណ្ឌិត​អភិបាលខេត្ត បាន​ប្រគេន​បច្ច័យ​ចំនួន​២​លាន​រៀល និង​លោក​គង់ ប៊ុ​ន​លី ចំនួន​២០០​ដុល្លារ រួម​ទាំង​ពុទ្ធបរិស័ទ និង​សប្បុរសជន​មួយ​ចំនួន​ផង​ដែរ ៕