ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​បាន​បិទ​ផ្ចិត​តួ​ទំនប់ និង​ចាក់​ដី​តួ​ផ្លូវ​ទំនប់​សម្រេច​ដោយ​ជោគជ័យ​តាម​ផែនការ​កំណត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា មន្ត្រី​ជំនាញ​បាន​បិទ​ផ្ចិត​តួ​ទំនប់​តាំងពី​ថ្ងៃ​ម្សិលមិញ និង​បាន​ចាក់​បំពេញ​ដី​តួ​ផ្លូវ​ទំនប់​សម្រេច​ដោយ​ជោគជ័យ​តាម​ផែនការ​កំណត់​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា​នេះ ។ ក្រសួងធនធានទឹក បានបន្តថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា មន្ត្រី​ជំនាញ​បាន​បិទ​ផ្ចិត​តួ​ទំនប់​តាំងពី​ថ្ងៃ​ម្សិលមិញ និង​បាន​ចាក់​បំពេញ​ដី​តួ​ផ្លូវ​ទំនប់​សម្រេច​ដោយ​ជោគជ័យ​តាម​ផែនការ​កំណត់​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា​នេះ ។

ក្រសួងធនធានទឹក បានបន្តថា យុទ្ធនាការ​អន្តរាគមន៍​បិទ​ផ្ចិត​ទំនប់​-​ផ្លូវ​បន្ត​នៃ​ព្រឹត្តិការណ៍​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ដោយ​មាន​កិច្ចសហការ​ល្អ​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ កងកម្លាំងប្រដាប់អាវុធ​ចំរុះ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ នៅ​ត្រង់​សំណង់​ទ្វារ​ទឹក​ចាស់​ដែល​គេ​បាន​លប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ កសាង​ឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ស្ថិត​ភូមិ​កន្ទុយ​ទឹក លើ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ត្រូវ​បាន​ក្រុមការងារ​ខិតខំ​ជួសជុល​យ៉ាង​សកម្ម បាន​បិទ​ផ្ចិត​តួ​ទំនប់​តាំងពី​ថ្ងៃ​ម្សិលមិញ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ និង​បាន​ចាក់​បំពេញ​ដី​តួ​ផ្លូវ​ទំនប់​សម្រេច​ដោយ​ជោគជ័យ​តាម​ផែនការ​កំណត់​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២១​នេះ ។

ពេល​នេះ​ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​បន្ត​ជួសជុល​កែ​លម្អ​ផ្លូវ​បន្ថែម ដើម្បី​បើក​បម្រើ​ដល់​ការ​ធ្វើ​ចរាចរណ៍​ជា​ប្រក្រតី​ភាព​ឡើង​វិញ ទុក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កន្ទុយ​ទឹក ភូមិ​ក្រាំង និង​ភូមិ​សាលា សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​សកម្មភាព​ការងារ​នឹង​បញ្ចប់​រួចរាល់​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែតុលា​នេះ ។

ទន្ទឹម​នេះ ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ក្នុង​ឆ្នាំ​២០២១​នេះ​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១៤:០០​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២១​នេះ ។
ចំពោះ​ស្ថានភាព​នៃ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​មាន​ដូច​ខាងក្រោម ៖
-​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ ជំនន់​ចាប់​គំរាមកំហែង​ខ្លាំង
-​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ ជំនន់​ឡើង​ដល់​ចំណុចកំពូល កម្ពស់​អតិបរមា ៦,៥៨​ម៉ែត្រ (​កម្ពស់​ហានិភ័យ ៥,១០​ម៉ែត្រ​)
-​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ ទឹក​ចាប់ផ្តើម​ស្រក​ចុះ
-​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២១​នេះ វេលា​ម៉ោង​១៤:០០​នាទី​រសៀល កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​មាន​ត្រឹម ៥,០៨​ម៉ែត្រ បាន​ឆ្លង​ផុត​នូវ​ហានិភ័យ​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ