ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ជីវិត​សុត្ត​ន្ត​ប្រីជា​ឥន្ទ និង​ស្នាដៃ

7 ឆ្នាំ មុន

ឧកញ៉ា​សុត្ត​ន្ត​ប្រីជា​ឥន្ទ កើត​នៅ​ចន្ទ ទី​២២ ខែកក្កដា ឆ្នាំ​១៨៥៩ នៅ​ភូមិ​រកា​កោង ស្រុក​មុខកំពូល ក្នុង​ខេត្តកណ្តាល ។ មាតា​ឈ្មោះ​មុំ និង​បិតា​ឈ្មោះ​បញ្ចង់​កែ ។ កាលពី​អាយុ​១០​ឆ្នាំ ឧកញ៉ា​សុត្ត​ន្ត​ប្រីជា​ឥន្ទ សិក្សា​អក្សរ​ខ្មែរ​នៅ​វត្ត

ឧកញ៉ា​សុត្ត​ន្ត​ប្រីជា​ឥន្ទ កើត​នៅ​ចន្ទ ទី​២២  ខែកក្កដា ឆ្នាំ​១៨៥៩ នៅ​ភូមិ​រកា​កោង ស្រុក​មុខកំពូល ក្នុង​ខេត្តកណ្តាល ។ មាតា​ឈ្មោះ​មុំ និង​បិតា​ឈ្មោះ​បញ្ចង់​កែ ។ កាលពី​អាយុ​១០​ឆ្នាំ ឧកញ៉ា​សុត្ត​ន្ត​ប្រីជា​ឥន្ទ សិក្សា​អក្សរ​ខ្មែរ​នៅ​វត្ត អាយុ​១៥​ឆ្នាំ ចេញ​រៀន​ប្រែ​ធម៌​បួស​ជា​សាមណេរ​នៅ​វត្ត​ព្រែក​ពោធិ៍ ។ បួស​បាន​១​វស្សា​សឹក​ចាក​ភេទ​ជា​សាម​ណេរ រួច​ទៅ​រៀន​នឹង​លោក​ព្រះ​អាចារ្យ​ពេ​ជ​នៅ​ស្រុក​ព្រះត្រពាំង ។ អាយុ​១៨​ឆ្នាំ ទៅ​រៀន​នឹង​លោកគ្រូ​ព្រះ​ពុទ្ធឃោសាចារ្យប្រាក់​នៅ​វត្ត​ឧណ្ណាលោម​ក្រុងភ្នំពេញ ។ អាយុ​១៩​ឆ្នាំ​រៀន​នឹង​លោកគ្រូ​ព្រះ​អាចារ្យ​សុខ វត្ត​កែវ នៅ​បាត់ដំបង ។  អាយុ​២០​ឆ្នាំ បួស​ជា​ភិក្ខុ​នៅ​វត្ត​កែវ​១​វស្សា ទើប​លា​ព្រះ​ឧបជ្ឈា​យា​ចា​រ្យ​ទៅ​រៀន​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ។ រៀន​បាន​៧​វស្សា ក៏​វិល​មក​ស្រុក​ខ្មែរ​វិញ​ក្នុង​អំណាច​លោក​ព្រះ​យ៉ាក​ថា​ថន ញ៉ុញ នៅ​វត្ត​កណ្តាល ក្នុង​ខេត្តបាត់ដំបង រួម​បាន​១០​វស្សា​លាចាក​សិក្ខាបទ​សឹក​មក​មាន​បុត្រ​ភរិយា​នៅ​ភូមិ​ជ្វា​ធំ ។

លោកកថា​ថន​ឈុំ​ចិញ្ចឹម​ជាទី​ហ្លួង​វិចិត្រ​វោហារ​បាន​តែង បាន​ប្រែ​បាលី ជា​សម្រាយ​មានឈ្មោះ​៤៤ ឈ្មោះ​ជា​សៀវភៅ​ខ្លះ ចារ​ស្លឹក​រឹក​ខ្លះ ។ លុះ​អាយុ​បាន​៥៥​ឆ្នាំ រាជការ​ក្រុងភ្នំពេញ​ឱ្យ​យក​មក​តាំងទី​ជា​ឧកញ៉ា​សុត្ត​ន្ត​ប្រីជា​ប្រោស​ឱ្យ​ជួយ​តែង​សព្វវចនាធិប្បាយ​ខ្មែរ​នៅ​ទី​សាលា​បាលី​ក្នុង​រវាង​អាយុ​៥៥​ឆ្នាំ ដល់​អាយុ​៦៥​ឆ្នាំ បាន​លា​រាជការ​វិល​ទៅ​នៅ​បាត់ដំបង​ដើម​វិញ  ។ លុះ​នៅ​ថ្ងៃ​១០​កើត ខែអស្សុជ ឆ្នាំជូត​ឆស័ក មាន​រោគ​ក្អក បណ្តា​កូនចៅ​រាល់គ្នា​នាំ​គ្នា​ប្រតិបត្តិ​ប្រកប​ថ្នាំ​រក​គ្រូ​រក្សា​ពុំ​ចេះ​ធូរ​ឡើយ ។ លុះដល់​ថ្ងៃអាទិត្យ​១២​កើត ខែកត្តិក ឆ្នាំជូត ឆស័ក បាន​ទទួលអនិច្ចកម្ម​នៅ​វេលា​ម៉ោង​៨​ព្រឹក គឺ​ថ្ងៃ​៨ វិច្ឆិកា ឆ្នាំ​១៩២៤ ។

លោក​ឧកញ៉ា​សុត្ត​ន្ត​ប្រីជា​ឥន្ទ ជា​គំរូ​អ្នកប្រាជ្ញ​ទំនៀម​នៅ​សម័យ​នោះ លោក​ចេះ​ដឹង​យ៉ាង​ច្បាស់លាស់​នូវ​ពុទ្ធសាសនា ចេះ​ស្ទាត់​នូវ​ភាសា​ថៃ និង​ភាសាបាលី​ថែម​ទៀត ។ លោក​ដើរ​តាម​គន្លង​អ្នកប្រាជ្ញ​រៀមច្បង​លោក​នៅ​សតវត្ស​ទី​១៨​និង​១៩ ដូច​ជា​ព្រះ​ឃ្លាំង​ន​ង សម្តេច​អង្គឌួង និង​សន្ធរ​ម៉ុ​ក​ជាដើម ។

ឧកញ៉ា​សុត្ត​ន្ត​ប្រីជា​ឥន្ទ បាន​ទុក​ស្នាដៃ​សំខាន់​ដូច​តទៅ​នេះ ៖
-​គតិ​លោក ពាក្យរាយ ភ្នំពេញ ពុទ្ធ​សាសន​បណ្ឌិត្យ​១៩៧១(​បោះពុម្ព​លើក​ទី​៣)១០​ភាគ ។
-​និរាស​នគរវត្ត​, កំណាព្យ​៨, ភ្នំពេញ​, ពុទ្ធ​សាសន​បណ្ឌិត្យ​,១៩៦៩ ។
-«​សុភាសិត​ច្បាប់ស្រី​» កំណាព្យ​, កម្ពុជ​សុ​រិ​យា​, ឆ្នាំ​១៩៣៤(៤-៦), ទំព័រ​៤៦-៨០
-​អំបែង​បែក​, រឿង​ល្បែង​, ភ្នំពេញ​, ជី​ង ងួ​ន​ហ៊ួ​ត​, ១៩៥៣, ២​ភាគ ។
-​លោកនីតិ​បក​រណ៍​, កំណាព្យ ជា​ភាសាបាលី អធិប្បាយ ជា​ភាសា​ខ្មែរ​, ភ្នំពេញ ពុទ្ធ​សាសន​បណ្ឌិត្យ​,១៩៥៣ (​បោះពុម្ព​លើក​ទី​២) ។
-​ព្រះរាជ​ពង្សាវតារ​ខ្មែរ​, ច្បាប់​ចម្លង​ដៃ រក្សា​ទុក​នៅ​បណ្ណាល័យ​សង្គម​បេសកកម្ម​បរទេស​នៅ​ក្រុងប៉ារីស​, បកប្រែ​ជា​ភាសា​បារាំង​ដោយ​ម៉ា​ទី​ន​ព្យ៉ា​ត  ។

នៅ​ភាគ​ទី​១​នៃ​គតិ​លោក​មាន​ប្រស្នា​ចោទ និង​ដោះស្រាយ​ដែល​អ្នកនិពន្ធ​ហៅ​ថា​បុច្ឆា​វិ​ស្សជ្ជ​នា បាន​សេចក្តី​ថា «​សំណួរ និង​ចម្លើយ​» ក្នុង​រចនាបថ​ដែល​ព្រះសង្ឃ​យើង​សម្តែង​ធម្មទេសនា​គ្រែ​២​គឺ​មាន​មហាថេរ និង​អនុ​ថេរ​ចោទ​ឆ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​បាន​ពន្យល់​ដោយ​យក​យោង​ទៅ​លើ​រឿងនិទាន​ចំនួន​មួយ​រយ​ដប់​ប្រាំពីរ​រឿង​(១១៧​រឿង​) ។ រឿងនិទាន​សីលធម៌​ទាំងនេះ​លោក​ទាញ​ចេញពី​រឿងព្រេង​ខ្មែរ ពី​រឿង​ពិត​ក្នុង​សង្គម​ខ្មែរ ពី​ប្រភព​ឥណ្ឌា​តាម​រយៈ​ប្រទេស​ថៃ គឺ​មាន​ជាតក​, បញ្ច​ត​ន្ត្រ​, ស្រី​ហិ​តោ​បទេស​ជាដើម ។ គតិ​លោក​គឺ​តំណាង​ចំណេះដឹង ចំរុះ​របស់​លោក​សុត្ត​ន្ត​ប្រីជា​ឥន្ទ បាន​ផ្សំ​វប្បធម៌​ខ្មែរ និង​វប្បធម៌​បរទេស (​ឥណ្ឌា​, ថៃ​, បារាំង​…) ។
ឧកញ៉ា​សុត្ត​ន្ត​ប្រីជា​ឥ​ន្ត​តាក់តែង​កំណាព្យ​បទ​ពាក្យ​៨​ដែល​យើង​ស្គាល់​រាល់គ្នា​មាន​ចំណងជើង​ថា «​និរាស​នគរវត្ត​» បាន​និពន្ធ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​៩​កើត ខែភទ្របទ លេខ​៥ ឆ្នាំរកា ពោល​គឺ​ត្រូវ​នឹង​ថ្ងៃ​២៣ ខែកញ្ញា ឆ្នាំ​១៩០៩ នៅ​ពេល​ដែល​លោក​ដង្ហែ​ហ្លួង​ស៊ី​សុវត្ថិ​ទៅ​ទស្សនា​ប្រាសាទ​នគរវត្ត ៕