ឆៃដេញហ្គីតាបន្តទៀត ធ្វើរាងដូចជាអ្នកលេងហ្គីតានៅលើឆាក ដេញបង្វិលខ្លួន បញ្ចេញ ក្បាច់ ។ នាយទ្រើក នាយត្រុយ រាំអមសងខាង អស់ពីក្បាច់មួយចូលក្បាច់មួយ។ ភួងម្លិះនិងកែវងាកមើលមុខគ្នាធ្វើមុខហួសចិត្ត
កែវ៖ ឆៃ ដូចជាតាមម្លិះ ស្អិតបេះមិនចេញហើយ! មើលទៅគួរឲ្យអាណិតដែរ ! គេពិតជាស្រឡាញ់ម្លិះស្មោះខ្លាំងណាស់ !
ភួងម្លិះដកដង្ហើមធំ គ្រវីក្បាលតិចៗ
ភួងម្លិះ៖ ក្តីស្រលាញ់បែបនេះគេមិនហៅថាស្រលាញ់ទេបងកែវ ! ថ្ងៃណាមួយដែលគេឈប់វង្វេង គេនឹងដឹងដោយខ្លួនឯង ថាក្តីស្រលាញ់ពិតប្រាកដនោះគឺជាអ្វី !
ភួងម្លិះទាញបង្អួចបិតជិត ។ ត្រុយមើលទៅឃើញបង្អួចបិទជិត ត្រុយកេះឆៃ ខ្សឹបតិចៗ
ត្រុយ៖ លោកបង ! អូនម្លិះគេចូលដេកបាត់ទៅហើយ ! គេមិននៅស្តាប់លោកបងលេងភ្លេងទេ !
ឆៃសម្លឹងមើលទៅបង្អួចបន្ទប់ភួងម្លិះមិនដាក់ភ្នែក នៅដេញហ្គីតា និយាយបណ្តើរ
ឆៃ៖ យើងចង់បង្ហាញ ចិត្តស្មោះរបស់យើងឲ្យអូនម្លិះឃើញ ! យើងនឹងនៅលេងឲ្យនាងស្តាប់រហូតមិនរាថយទេ !
ឆៃនៅដេញហ្គីតារួចស្រែកច្រៀងកំពុងតែហាមាត់ស្រែកច្រៀង មានទឹកជះមកទទឹកឆៃ ចូលពេញមាត់ឈ្លក់ ។ ឆៃ ទ្រើក និងត្រុយ ទទឹកជោកទាំងអស់គ្នានាំគ្នាបើកភ្នែកធំៗ មើលទៅយ៉មុខផ្ទះ ឃើញយាយម៉ាប់កាន់ធុងទឹកមួយកំពុងឈរសើចរលាក់ខ្លួន
ម៉ាប់៖ យ៉ាងម៉េចដែរ ត្រជាក់ស្រួលខ្លួនទេ អន្ទិតឆៃ! នឹកឃើញឆ្កួតស្អីនឹង មកស្រែកច្រៀងរកតែគេដេកពួនមិនបាន ! ឥឡូវទៅផ្ទះ ឬមិនទៅ ! បើមិនទៅទេចាំយើងជួយងូតទឹកឲ្យបន្ថែមទៀត !
ម៉ាប់យួធុងទឹករត់ចូលទៅក្នុងផ្ទះវិញ។ ត្រុយច្បូតទឹកចេញមុខបណ្តើរចាប់ទាញដៃឆៃ
ត្រុយ៖ លោកបងៗ ! ខ្ញុំថាវិធីនេះមិនល្អប្រសើរប៉ុន្មានទេលោកបង ! យើងឆាប់ទៅផ្ទះវិញសិនទៅ ! លឿនឡើង ! ប្រយ័ត្នតែម្តងនេះមិនមែនជាធុងទឹក ក្លាយជាដុំថ្មវិញច្បាស់ជាពកក្បាលហើយលោកបង ! ធានាមិនបានទេ ! ខ្ញុំទៅមុនហើយ !
ត្រុយរត់ចេញទៅ ទ្រើករត់តាមក្រោយ
ទ្រើក៖ អាត្រុយចាំអញផង ! អញទៅដែរ! មិនលេងចូលទេ ក្លាយពកក្បាល !
ឆៃងាក់ទៅឃើញសាម៉ននិងផៃដើរចូលក្នុងផ្ទះវិញ ។ ម៉ាប់យួរធុងមកម្តងនេះពីរធុង ងាក់ទៅមាត់បង្អួចបន្ទប់ភួងម្លិះបិទជិត ឆៃឱបហ្គីតារត់តាមក្រោយនាយទ្រើក ស្រែកបណ្តើរ
ឆៃ៖ អញក៏ទៅដែរវើយ !
ណាតកំពុងរៀបតុកៅអីកន្លែងលក់ ជូតសម្អាតកន្លែងលក់កេហ្វេ ច័ន្ទ្រយួរស្រាក់បាយ ស្លៀកពាក់របៀបចេញទៅស្រែ ពាក់មួកស្លឹកត្នោត ដើរចេញពីក្នុងផ្ទះ ។ ណាតជូតតុ ជូតកែវបន្តើរ និយាយមិនបានងាកមើលច័ន្ទ្រទេ
ណាត់៖ នាងច័ន្ទ្រ ! អឺ ! នាងច័ន្ទ្រ ! វានៅធ្វើស្អីទៀតហ្នឹង ! ថ្មើរនេះហើយ មិនគិតមកជួយរៀបចំកន្លែងលក់កន្លែងដូរទេហ្អី !
ច័ន្ទ្រដើរមកដល់ពីក្រោយខ្នងណាត ឱនស្រែកដាក់ត្រចៀកណាត
ច័ន្ទ្រ៖ រអ៊ូស្អីទៀតហើយម៉ែ!
ណាតភ្ញាក់ដៃកំពុងកាន់កន្ត្រងកាហ្វេ ងាកប្រុងវាយក្បាលច័ន្ទ្រ ។ ច័ន្ទ្រចាប់ដៃណាតជាប់ បើកភ្នែកធំៗ
ច័ន្ទ្រ៖ ម៉ែៗ! កុំលេងក្បាលណាម៉ែ! ខុសតំណមខ្ញុំឥឡូវហើយ ! ព្រឹកនេះខ្ញុំមិនបាននៅជួយលក់ម៉ែទេ! ខ្ញុំត្រូវទៅជួយបង្វាស់ដៃបង្ហើយស្រែមីងនាងសិន ដល់អាទិត្យក្រោយគាត់មកជួយស្រែយើងវិញម្តង ។
ណាតបើកភ្នែកធំៗ
ណាត៖ អឺ ! ម៉េចក៏អាចមិនព្រមប្រាប់អញមុន ! អញខ្វះកាហ្វេ ខ្វះស្ករ គិតថាឲ្យឯងនេះទៅជួយទិញបន្តិច ! ឥឡូវទៅស្រែឯណាឆ្កុយ! ហើយអញបានស្អីលក់ទៅ !
ច័ន្ទ្រ៖ ម៉ែរកវិធីខ្លួនឯងទៅ ! ខ្ញុំមិនដឹងទេ! ខ្ញុំទៅសិនហើយម៉ែ ! ខ្ញុំទៅជិះរទះគោជាមួយមីងនាង នៅឯផ្ទះគាត់ឯណោះ ! រវល់តែត្រេតត្រតយូរគេទៅចោលខ្ញុំអស់ឥឡូវហើយ !
ច័ន្ទ្រយួរស្រាក់បាយ និងដបទឹក ដើរចេញទៅយ៉ាងលឿន ។ ណាតទម្លាក់កែវទម្លាក់ថាសចុះធ្វើមុខធុញ
ណាត៖ យី ! មីកូនមួយនេះវី! វាចង់ទៅណាមកណី មិនចេះរៀបរាប់ប្រាប់មុនសោះ ! ចង់ទៅក៏ទៅភ្លាម ! គិតឲ្យអញខានលក់ខានដូរម្ងៃ៉ទទេឬយ៉ាងម៉េចហ្នឹង ! ខានលក់មួយថ្ងៃ ខាតប្រាក់ពីរបីម៉ឺនឯណោះ !
ច័ន្ទ្រដើរចេញទៅបាត់ហើយ ។ កែមកាន់ផ្កាស្បៃរឿងមួយបាច់ ដាក់លាក់នៅក្រោយខ្នងឈានលមៗ មកអើតមើលមីងណាត
កែម៖ មីង ! កំពុងរអ៊ូរអីហ្នឹង !
ណាតភ្ញាក់ងាកមកមើលឃើញកែមកំពុងសើចស្ញាញ
(នៅមានត)
ចែករំលែកព័តមាននេះ