រាជធានីភ្នំពេញ ៖ ទីបំផុតអភិបាលខេត្តព្រះសីហនុបានប្រើវិធានការក្តៅសម្រេចដកហូតដីវត្តដែលជនខិលខូចបានក្លែងឯកសារយកធ្វើជាកម្មសិទ្ធិមកប្រគល់ជូនវត្តវិញ និងឲ្យអាជ្ញាធរចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ។
យោងតាមបណ្តាញសង្គមរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចុះប្រកាសលទ្ធផលស្រាវជ្រាវដោះស្រាយបញ្ចប់ទំនាស់របស់ក្រុមការងារចម្រុះដែលបានរកឃើញអ្នករំលោ.ភបំពានដីវត្តព្រៃប្រសិទ្ធិ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងបានប្រកាសដកហូត រួចប្រគេនដីនេះជាទ្រព្យគរុភណ្ឌរបស់វត្តវិញ។
ប្រភពថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវដោះស្រាយបញ្ចប់ទំនាស់នៃការរំលោភដីវត្តព្រៃប្រសិទ្ធិ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ដោយមានការតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៌ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចុះពិនិត្យស្រាវជ្រាវពីប្រវត្តដីនៅបរិវេណវត្តព្រៃប្រសិទ្ធ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងបង្ហាញឯកសារកាន់កាប់ដី ។
ក្នុងការចុះអង្កេតស្រាវជ្រាវក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីចំនួន៥នាក់ ហើយអ្នកទាំង៥នាក់ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួនព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានចាប់ជូនវត្តវិញ ។
ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបាន និងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ សូមប្រញាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃ:ភាពវិញ ប្រសិនបើយកឯកសារក្លែងទៅប្រើប្រាស់ និងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ឯកឧត្តមអភិបាលខេត្ត បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅដីនេះជាគរុភណ្ឌរបស់វត្តដែលគ្មានបុគ្គលណាម្នាក់អាចប៉ះពាល់បានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញអាជ្ញាធររៀបចំចុះបញ្ជីដីវត្តជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានប្រគេនបច្ច័យចំនួន២០០០(ពីរពាន់ដុល្លា) និងស៊ីម៉ង់ត៍ចំនួន១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តឱ្យបានគង់វង្ស ដើម្បីទុកជាសម្បត្តិសាធារណៈ ៕
ចែករំលែកព័តមាននេះ