ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អា​មេ​រិ​ក​ប្តេជ្ញា​ឈរ​នៅ​ជាមួយអាស៊ាន​ដើម្បី​ការពារ​សេរីភាព​ ប្រឆាំង​ចិន

1 ខែ មុន

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក Joe Biden បាន​ប្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ថា អា​មេ​រិ​ក​នឹង​ឈរ​នៅ​ជាមួយ​

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក Joe Biden បាន​ប្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ថា អា​មេ​រិ​ក​នឹង​ឈរ​នៅ​ជាមួយ​ពួក​គេ​ក្នុង​ការ​ការពារ​សេរីភាព​សមុទ្រ និង​ប្រជាធិបតេយ្យ និង​បាន​ហៅ​សកម្មភាព​របស់​ចិន​ចំពោះ​តៃវ៉ាន់​ថា​ជា​ការ​បង្ខិតបង្ខំ និង​គំ​រា​.​ម​កំហែង​ដល់​សន្តិភាព និង​ស្ថេ​រ​ភាព​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​មាន​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ចូលរួម​ផង​ដែរ​នោះ លោក Joe Biden បាន​ថ្លែង​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ​ដៃគូ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក​ អំពី​ការ​អភិវឌ្ឍន៍​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ក្នុង​តំបន់​។

តំបន់​អាស៊ី​អាគ្នេយ៍​បាន​ក្លាយជា​សមរភូមិ​យុទ្ធសាស្ត្រ​រវាង​មហាអំណាច​ពិភពលោក​អា​មេ​រិ​ក និង​ចិន​។ ចិន​បាន​គ្រប់គ្រង​ទាំងស្រុង​លើ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​ធ្វើការ​ដាក់​សម្ពាធ​យោធា និង​យោ​បាយ​ទៅ​លើ​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ផ្នែក​មួយ​នៃ​ខេត្ត​របស់​ខ្លួន​។

លោក Joe Biden បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​អា​មេ​រិ​ក​ចំពោះ​តៃវ៉ាន់​។ លោក​បាន​ថ្លែង​ដូច្នេះ​ថា «​យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្ខិតបង្ខំ និង​សកម្មភាព​របស់​ចិន​។ ពួក​គេ​គំ​រា​.​ម​កំហែង​សន្តិភាព និង​ស្ថេ​រ​ភាព​ក្នុង​តំបន់​»។

ចំណែក​នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ថ្លែង​កិច្ចប្រជុំ​កំពូល​នោះ​ថា ការ​​តម្កល់​សន្តិភាព ស្ថេ​រ​ភាព សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការ​ហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់​គ្នា ហើយ​លោក​និយាយ​ថា «សមុទ្រ​ចិន​ខាងត្បូង​គឺជា​ផ្ទះ​រួម​របស់​យើង​»​។ កិច្ចប្រជុំ​កំពូល​មានការ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន លើកលែងតែ​មី​យ៉ា​ន់ម៉ា​។

កាលពី​ស​ប្តា​ហ៍​មុន លោក Joe Biden បាន​ប្រកាស​ថា អា​មេ​រិ​ក​នឹង​ជួយ​ការពារ​តៃវ៉ាន់ ប្រ​សិន​វា​រង​ការ​វា​.​យ​ប្រហារ​ពី​ចិន​។ ចំណែក​អូស្ត្រាលី​វិញ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ក៏​បាន​ប្រកាស​ឈរ​នៅ​ជាមួយ​អា​មេ​រិ​ក​ផង​ដែរ​។

សូម​រម្លឹក​ថា តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩​។ បច្ចុប្បន្ន​តៃវ៉ាន់​គឺជា​រដ្ឋ​ប្រជាធិបតេយ្យ ប៉ុន្តែ​មហា​យក្ស​ចិន​នៅ​តែ​បន្ត​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ​។ តៃវ៉ាន់​បាន​ប្រកាស​ថា​នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​របស់​ខ្លួន​។

ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិន​កំពុង​ស្ថិត​ក្នុង​ចំណុច​មួយ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ កាលពី​ដើមខែ​នេះ ភាព​តានតឹង​បាន​កើនឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចិន​បាន​បញ្ជូន​យន្តហោះ​ជាង ១៥០​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ដែល​ធ្វើ​ឲ្យ​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​៕ (​យោង​តាម​ប្រភព​៖ Channel News Asia/ Reuters)