ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​តៃវ៉ាន់​ថា កងទ័ព​អា​មេ​រិ​ក​កំពុង​បណ្តុះបណ្តាល​ទាហាន​តៃវ៉ាន់

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ មេដឹកនាំ​តៃវ៉ាន់ លោកស្រី សៃ អ៊ី​ង​វិ​ន (Tsai Ing-wen) បាន​និយាយ​ថា ការ​គំ​រា​.​ម​កំហែង​ពី​សំណាក់​ក្រុង​ប៉េ​កាំ​ង​កំពុង​

តៃវ៉ាន់ ៖ មេដឹកនាំ​តៃវ៉ាន់ លោកស្រី សៃ អ៊ី​ង​វិ​ន (Tsai Ing-wen) បាន​និយាយ​ថា ការ​គំ​រា​.​ម​កំហែង​ពី​សំណាក់​ក្រុង​ប៉េ​កាំ​ង​កំពុង​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។ លោកស្រី​ក៏​បាន​ធ្វើការ​បញ្ជាក់​ជា​លើក​ដំបូង​ពី​វត្តមាន​របស់​កងទ័ព​អា​មេ​រិ​ក​នៅ​លើ​ទឹកដី​តៃវ៉ាន់​។

ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន CNN ស្ត្រី​ខ្លាំង​រូប​នេះ​បាន​ថ្លែង​ថា តៃវ៉ាន់​គឺជា​ពន្លឺ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ចាំបាច់​ត្រូវ​ការពារ ដើម្បី​លើក​​តម្កើង​​ទំនុក​ចិត្តជា​សកល​ចំពោះ​តម្លៃ​ប្រជាធិបតេយ្យ​។

មេដឹកនាំ​វ័យ ៦៥​ឆ្នាំ​រូប​នេះ​ថ្លែង​ដូច្នេះ​ថា «​ទី​នេះ​ជា​កោះមាន​ប្រជាជន ២៣​លាន​នាក់​ដែល​បាន​ព្យាយាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ការពារ​ខ្លួន និង​ការពារ​ប្រជាធិបតេយ្យ​ពួក​យើង និង​ដើម្បី​ធានា​ថា ប្រជាជន​យើង​មាន​សេរីភាព​ដែល​ពួក​គេ​សម​ទទួល​បាន​»​។

«ប្រ​សិន​យើង​បរាជ័យ នោះ​មាន​ន័យ​ថា​អ្នក​ដែល​ជឿជាក់​លើ​តម្លៃ​ទាំងនេះ​នឹង​មាន​មន្ទិល​ថា​តើ​ជា​តម្លៃ​ដែល​ពួក​គេ​គួរតែ​តស៊ូ​ដើម្បី​ឬ​យ៉ាងណា​» ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍ លោកស្រី សៃ អ៊ី​ង​វិ​ន បាន​ក្លាយជា​មេដឹកនាំ​តៃវ៉ាន់​ដំបូង​បង្អស់​ដែល​បាន​ទទួលស្គាល់​ពី​វត្តមាន​របស់​កងទ័ព​អា​មេ​រិ​ក​នៅ​ទឹកដី​តៃវ៉ាន់​។

កាលពីដើម​ឆ្នាំ ២០២០ យោធា​អា​មេ​រិ​កបាន​ធ្វើការ​បង្ហោះ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ថា កងកម្លាំង​ពិសេស​អា​មេ​រិ​កបាន​ធ្វើការ​បង្វឹក​ដល់​ទាហាន​នៅ​កោះ​តៃវ៉ាន់ ប៉ុន្តែ​ក្រោយមក​វី​ដេ​អូ​នោះ​ត្រូវ​បាន​លុប​ចោល​វិញ​។ នៅ​ក្នុង​ខែ​វិ​ច្ឆិកា ឆ្នាំ ២០២០ ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​ប្រកាស និង​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ថា កងទ័ព​អា​មេ​រិ​ក​កំពុង​តែ​បណ្តុះបណ្តាល​ទាហាន​តៃវ៉ាន់​។

ជុំវិញ​វត្តមាន​របស់​កងទ័ព​អា​មេ​រិ​ក​នេះ​ដែរ លោកស្រី សៃ អ៊ី​ង​វិ​ន មិន​បា​និយាយ​ពី​ចំនួន​ពិតប្រាកដ​ឡើយ ប៉ុន្តែ​គាត់​គ្រាន់តែ​និយាយ​ថា «​មិន​ច្រើន​ដូច​មនុស្ស​គិត​នោះ​ឡើយ​»។

លោកស្រី​និយាយ​ថា «យើង​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ទូលំទូលាយ​ជាមួយនឹង​អា​មេ​រិ​ក​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ការពារ​របស់​ពួក​យើង​»​។

សូម​រម្លឹក​ថា តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩​។ បច្ចុប្បន្ន​តៃវ៉ាន់​គឺជា​រដ្ឋ​ប្រជាធិបតេយ្យ ប៉ុន្តែ​មហា​យក្ស​ចិន​នៅ​តែ​បន្ត​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ​។ តៃវ៉ាន់​បាន​ប្រកាស​ថា​នឹង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​របស់​ខ្លួន​។

ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិន​កំពុង​ស្ថិត​ក្នុង​ចំណុច​មួយ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ កាលពី​ដើមខែ​នេះ ភាព​តានតឹង​បាន​កើនឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចិន​បាន​បញ្ជូន​យន្តហោះ​ជាង ១៥០​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ដែល​ធ្វើ​ឲ្យ​អា​មេ​រិ​ក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

កាលពី​ពេល​ថ្មី​ៗ​នេះ ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​ប្រកាស​ថា អា​មេ​រិ​ក​នឹង​ជួយ​តៃវ៉ាន់ ប្រ​សិន​មានការ​វា​.​យ​លុយ​ពី​ប្រទេស​ចិន​។ ចំណែក​អូស្ត្រាលី​វិញ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ក៏​បាន​ប្រកាស​ឈរ​នៅ​ជាមួយ​អា​មេ​រិ​ក​ផង​ដែរ​៕ (​យោង​តាម​ប្រភព​៖ CNN)

ដើម្បី​ស្តាប់​ប្រវត្តិ​របស់​លោកស្រី សៃ អ៊ី​ង​វិ​ន ​ប្រធានាធិបតី​តៃវ៉ាន់​ សូម​ចុច​ត្រង់​​នេះ​ ៖ https://www.facebook.com/thegreatpeople.kh/videos/4847504838623029/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ