ខេត្តកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបាត់បង់ជីវិតយុវជន០២នាក់ នៅលើកំណាត់ផ្លូវល្បឿនលឿន ដែលមិនទាន់អនុញ្ញាតិឲ្យដំណើរការនៅឡើយ (ផ្លូវល្បឿនលឿនខេត្ដព្រះសីហនុ-រាជធានីភ្នំពេញ កំពុងស្ថាបនាបានប្រមាណ៦៥% តែប៉ុណ្ណោះ) ។
នេះជាការបាត់បង់ជីវិតលើកដំបូងហើយនៅលើផ្លូវល្បឿនលឿន ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង ០៥និង១០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ចំណុចភូមិបាក់ជញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ផ្លូវល្បឿនលឿនកំពុងស្ថាបនា) ។
បើយោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា មានរថយន្ត០១គ្រឿងម៉ាក Toyota Hilux Revo ពណ៍ស ពាក់ស្លាកលេខ AT-2-21-0954 របស់ក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវល្បឿនលឿននេះតែម្តង បើកបរដោយឈ្មោះ ហែម ទៀង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រត់គេចខ្លួនភ្លាមៗ ក្រោយកើតហេតុ ។
ប្រភពដដែល បានបន្តថា រថយន្តបើកបរ ក្នុងទិសដៅពីខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានទៅបុកម៉ូតូ០១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា ។
ម៉ូតូរបស់ជនរងគ្រោះម៉ាក Honda C125 ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ស្លាកលេខ ប.ជ 1F-2050 អ្នកបើកបរដោយឈ្មោះ ហុង ដេវី ភេទប្រុស អាយុ១៨ឆ្នាំ (ស្លា.ប់) រស់នៅភូមិត្រពាំងត្រោះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមដំណើរឈ្មោះ ឌឿន វិរៈ ភេទប្រុស អាយុ១៨ឆ្នាំ (ស្លា.ប់) រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដោយឡែក មន្ត្រីជំនាញចរាចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើបណ្ដាលមកពីអ្នកបើកបរ មានការឆ្វេសប្រហែស ព្រោះថា ផ្លូវល្បឿនលឿន គឺជាផ្លូវដែលស្ថិតក្នុងការសាងសង់ មិនទាន់ត្រូវបានបញ្ចប់គម្រោងផែនការនៅឡើយទេ ប៉ុន្តែកំណាត់ផ្លូវនេះ បានសាងសង់សម្រេចមួយកំណាត់ៗ និងកំពុងបន្ដការងារផងដែរ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួន តែងតែនាំគ្នាប្រើប្រាស់ផ្លូវនេះ ដើម្បីឆ្លងកាត់ទៅផ្ទះ ឬជិះកំសាន្ដលេង ចង់ដឹងអំពីការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនថា បានកម្រិតណាហើយ ជាទូទៅបងប្អូនប្រជាពលរដ្ឋ តែងតែនាំគ្នាឡើងទៅលំហែកាយ មានការជួបជុំ លក់ដូរ និងពេលខ្លះ ក្រុមក្មេងទំនើង ឈានទៅយកជាទីតាំងប្រយុទ្ធគ្នាទៀតផង ដែលបញ្ហានេះ គួរតែម្ចាស់គម្រោងផ្លូវល្បឿនលឿន មេត្ដាពិនិត្យ និងហាមឃាត់តំបន់ខ្លះ មិនអោយធ្វើការចេញចូល ព្រោះជាក់ស្ដែង ដូចជាករណីគ្រោះថ្នាក់ខាងលើនេះ ។
បច្ចុប្បន្នជំនាញចរាចរណ៍ បានចុះពិនិត្យកន្លែងកើតហេតុ រីឯមធ្យោបាយបង្ក បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ជាបណ្ដោះអាសន្ន និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ