ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​បុណ្យ​ទាំងអស់ កឋិនទាន​ងាយ​ធ្វើ​ជាងគេ

1 ខែ មុន

បុណ្យ​បែប​ព្រះពុទ្ធ​សាសនា​មាន​ច្រើន​ជា​អនេក​ដូច​ជា បុណ្យបច្ច័យបួន​, បុណ្យ​កតញ្ញូ​កតវេទី​, បុណ្យ​ទក្ខិណានុប្បទាន​ជាដើម បណ្តា​បុណ្យ​ទាំង​អស់នោះ​អ្នក​ផ្តើមបុណ្យ​មាន​ប្រាក់​យ៉ាងតិច​៤​ពាន់​ដុល្លារ​ឡើង​ទៅ​ទើប​ញុំ​ា​ង​កម្មវិធី​បុណ្យ​ឱ្យ​ដំណើរការ​ទៅ​ស្រួល ចំណែកឯ​បុណ្យកឋិន​វិញ​អ្នកមាន​ចេតនា​ចង់​ធ្វើបុណ្យ​មាន​ប្រាក់​ត្រឹមតែ​៤​ម៉ឺន​រៀល​យ៉ាងច្រើន ឬ​ស្មើនឹង​១០​ដុល្លារ​ក៏​អាច​ធ្វើ​កឋិន​បាន​ហើយ មិន​ពិបាក​ទេ ។ ដោយហេតុ​ថា…

បុណ្យ​បែប​ព្រះពុទ្ធ​សាសនា​មាន​ច្រើន​ជា​អនេក​ដូច​ជា បុណ្យបច្ច័យបួន​, បុណ្យ​កតញ្ញូ​កតវេទី​, បុណ្យ​ទក្ខិណានុប្បទាន​ជាដើម បណ្តា​បុណ្យ​ទាំង​អស់នោះ​អ្នក​ផ្តើមបុណ្យ​មាន​ប្រាក់​យ៉ាងតិច​៤​ពាន់​ដុល្លារ​ឡើង​ទៅ​ទើប​ញុំ​ា​ង​កម្មវិធី​បុណ្យ​ឱ្យ​ដំណើរការ​ទៅ​ស្រួល ចំណែកឯ​បុណ្យកឋិន​វិញ​អ្នកមាន​ចេតនា​ចង់​ធ្វើបុណ្យ​មាន​ប្រាក់​ត្រឹមតែ​៤​ម៉ឺន​រៀល​យ៉ាងច្រើន ឬ​ស្មើនឹង​១០​ដុល្លារ​ក៏​អាច​ធ្វើ​កឋិន​បាន​ហើយ មិន​ពិបាក​ទេ ។

ដោយហេតុ​ថា នៅ​ក្នុង​កឋិន​សង្ខេប​របស់​សម្តេចព្រះសង្ឃរាជ ហួត តាត បាន​ពន្យល់​ថា កឋិន​គឺជា​សំពត់​ដែល​ទាយក​នាំ​ទៅ​ប្រគេន​ដល់​ភិក្ខុសង្ឃ​ក្នុង​រដូវ​កឋិន​កាល​គឺ​តាំងពី​ថ្ងៃ​១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ហៅ​ថា កឋិនទាន​គឺ​បុណ្យ​ប្រគេន​សំពត់​នេះឯង ។ អ្នកមាន​ចេតនា​ចង់​ធ្វើ​កឋិន គឺ​មាន​កំណាត់សំពត់​ត្រឹមតែ​ពីរ​ម៉ែត្រ​អាច​ធ្វើ​ស្បង់​មួយ ក៏​អាច​ធ្វើ​កឋិន​បាន​ដែរ ព្រោះ​លោក​ទទួល​ក្រាល​គ្រង​កឋិន ក្នុង​ចំណោម​ត្រៃចីវរ ស្បង់​១ ចីវរ​១ សង្ឃាដី​១ គឺ​ក្រាល​បាន​តែ​១​មុខ​ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ​មុខ ឬ​ក្រាល​គ្រង​ទាំង​ត្រៃ​តែ​ម្តងនោះ​នឹង​មិន​ឡើងជា​កឋិន​ឡើយ លោក​ហៅ​ថា ខូច​កឋិន ឬ​កឋិន​ត្ថា​រ​វិបត្តិ ។

ប៉ុន្តែ​ការ​ដែល​អ្នកមាន​សទ្ធា​បរិបូណ៌​ដោយ​ទ្រព្យ​ស្តុកស្តម្ភ អាច​នាំ​សម្ភារ​ច្រើន​ៗ​ដូច​ជា ចីវរ​១​ត្រៃ ២​ត្រៃ ឬ​៣​ត្រៃ ឬ​ក៏​លើស​នេះ​ទៅ​ទៀត​មាន​ទាំង​សេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ​ឲ្យ​កាន់តែ​សម្បូរ​បែប​ទៅ​ទៀត ក៏​រឹងរឹតតែ​ប្រសើរ​វិសេស​ក្រៃពេក ។

ប៉ុន្តែ​ចំណែក​ភិក្ខុ​អ្នក​ទទួល​ក្រាល​គ្រង បើ​ក្រាលកឋិន​បាន​ត្រឹមត្រូវ ឬ​ក្រាល​គ្រង​ប្រកបដោយ​ធម៌​ក៏​ទទួល​បាន​អានិសង្ស​៥​យ៉ាង ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរ​បែប​យ៉ាងណា​ក៏​ដោយ ភិក្ខុ​អ្នក​ក្រាល​គ្រង និង​ភិក្ខុ​អ្នក​អនុមោទនា​នៅ​តែ​ទទួល​អានិសង្ស​៥​យ៉ាង​ដដែល​ក្នុង​រវាង​៥​ខែ​រាប់​អំពី​វេលា​ដែល​ភិក្ខុ​បាន​ក្រាល​គ្រង​និង​អនុមោទនា​កឋិន​ទៅ ។

ដូចនេះ​អ្នក​ឈ្លាស​ក្នុង​ធម៌​វិន័យ​រមែង​មិន​លំបាក​ក្នុង​ការ​ធ្វើបុណ្យ​កឋិន​ឡើយ ចំណាយ​ប្រាក់​ត្រឹមតែ​បន្តិចបន្តួច​ក៏​អាច​ធ្វើ​ជា​ម្ចាស់​កឋិន​បាន ហើយ​ទទួល​បាន​អានិសង្ស​ច្រើន​ក្រៃ​លែង​លើស​បុណ្យ​នានា​ទាំងអស់​លើកលែងតែ​បុណ្យ​ធម្មទាន ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​បុណ្យកឋិន​នៅ​កម្ពុ​ជានា​សម័យនេះ​មានការ​លំបាក​ណាស់ គេ​មិន​បាន​យក​ធម៌​វិន័យ​ជា​ធំ​ទេ កុំ​ថា​ឡើយ​អ្នក​ក្រីក្រ សូ​ម្បី​តែ​អ្នកមាន​ល្មម​ៗ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ លុះណាតែ​អ្នកមាន​ស្តុកស្តម្ភ ឬ​មាន​គ្នា​ច្រើន​ទើប​អាច​ធ្វើ​កឋិន​កើត ព្រោះ​កឋិនទាន​នៅ​កម្ពុជា​ពុំ​មែនមាន​តែ​ស្បង់​១ ឬ​ចីវរ​១ ឬ​ក៏​សង្ឃាដី​១​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​គ្រឿង​បរិក្ខារ​ដ៏​ច្រើន​សន្ធឹក​ផ្សេង​ៗ​ទៀត ជា​ពិសេស​គឺ​បច្ច័យ​សង្កត់​ត្រៃ​សម្រាប់​កសាង​វត្ត​អារាម និង​សមិទ្ធិ​សាធារណៈ​នានា​ទើប​អាច​ឈ្មោះ​ថា​ជា​កឋិន​នៅ​កម្ពុ​ជានា​សម័យ​ទំនើប​នេះ ៕ សាន សា​រិ​ន