ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាយាទ​ក្រុមហ៊ុន Samsung រង​ការ​កាត់ទោស និង​ពិន័យ​ពី​បទ​ប្រើប្រាស់​ថ្នាំ​ខុសច្បាប់

2 ឆ្នាំ មុន

កូរ៉េ​ខាង​ត្បូង ៖ អ្នក​ស្នង​មរតក​របស់​ក្រុមហ៊ុន Samsung លោក Lee Jae-yong ត្រូវ​បាន​កាត់ទោស និង​ពិន័យ​ពី​បទ​ប្រើប្រាស់​ថ្នាំ

កូរ៉េ​ខាង​ត្បូង ៖ អ្នក​ស្នង​មរតក​របស់​ក្រុមហ៊ុន Samsung លោក Lee Jae-yong ត្រូវ​បាន​កាត់ទោស និង​ពិន័យ​ពី​បទ​ប្រើប្រាស់​ថ្នាំ Propofol ដោយ​ខុសច្បាប់​។

លោក​បាន​ប្រើប្រាស់​ថ្នាំ​នេះ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ Propofol ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ថ្នាំស្ពឹក ដើម្បី​កាត់​បន្ថយ​ស្មារតី និង​ការ​ចង​ចាំ​ព្រឹត្តិការណ៍​ផ្សេង​ៗ​។

បើ​តាម​ច្បាប់​របស់​កូរ៉េ​ខាងត្បូង អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​អាច​នឹង​ត្រូវ​បាន​កាត់ទោស ចំណែក​អ្នក​ដែល​គ្រប់គ្រង​វា​ក៏​ប្រឈម​នឹង​ទោស​ផង​ដែរ​។

ទាយាទ​រូប​នេះ ទើបតែ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែសីហា​កន្លង​ទៅ​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល ២០​ខែ​ពី​បទ​សូកប៉ាន់ និង​ការ​ន្លែ​ង​បន្លំ​។

អំឡុង​សវនាការ​ចុង​ក្រោយ ព្រះរាជអាជ្ញា​បាន​និយាយ​ថា លោក Lee Jae-yong បាន​ប្រើប្រាស់​ថ្នាំ Propofol ជា​ច្រើន​ដង​ចន្លោះ​ឆ្នាំ ២០១៥ និង ២០២០ ក្រោម​ការ​បន្លំ​ថា​ជា​ថ្នាំ​ព្យាបាល​ស្បែក​។

ប៉ុន្តែ​មេធាវី​របស់​លោក បាន​អះអាង​ថា កូនក្តី​របស់​លោក​ប្រើប្រាស់​វា​ដើម្បី​ព្យាបាល​ភាព​តានតឹង​ផ្លូវចិត្ត​ទាក់ទង​នឹង​ការ​ចូល​ពេទ្យ​របស់​ឪពុក និង​ដំណើរការ​ផ្លូវច្បាប់​របស់​លោក​។ លោក Lee Jae-yong បាន​សារភាព​កំហុស​ចំពោះ​ការ​ចោទប្រកាន់​។

នៅ​ថ្ងៃ​អង្គារ​នេះ តុលាការ​បាន​ពិន័យ​គាត់​ជា​ទឹកប្រាក់​ចំនួន ៥៩.០០០​ដុល្លារ​។ ខណៈ​ដែល​ថ្នាំ Propofol ទំនងជា​មិនសូវ​បាន​គេ​ប្រើប្រាស់​ខុស ជាង​សារធាតុ​ដទៃ​ទៀត អ្នក​ល្មើស​ទទួល​ការ​ផាកពិន័យ​ជា​ជាង​ការ​ជាប់គុក​។

សូម​រម្លឹក​ថា លោក Lee Jae-yong ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ២​ឆ្នាំ​កន្លះ កាលពី​ខែមករា ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​អតីត​ប្រធានាធិបតី Park Geun-hye​។ ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​ដោះ​លែង​មុន​ពេល​កំណត់​កាលពី​ខែសីហា ឆ្នាំ​នេះ ដោយ​ការិយាល័យ​ប្រធានាធិបតី​និយាយ​ថា ខ្លួន​មាន​ក្តី​សង្ឃឹមថា ក្រោម​ការ​ដឹកនាំ​របស់​លោក ក្រុមហ៊ុន Samsung នឹង​ជួយ​ប្រទេស​ផលិត​ឧបករណ៍ និង​វ៉ាក់សាំង​បាន​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ